ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧកញ៉ា​ចិត្តធម៌ ហ៊ួ​ត ជា​ ដឹកនាំ​សិល្បករ​-​សិល្ប​ការិនី​ ចែក​អំណោយ​ជូន​លោកតា​ លោកយាយ​ជាង​១០០​នាក់ ​នា​ឱកាស​ថ្ងៃ​ខួបកំណើត​

ភ្នំពេញ ៖ ​ដើម្បី​ជា​ការ​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្វះខាត​ និង​លោកតា​លោក​យាយ​ប្រមាណ​ជាង​១០០​នាក់ លោក​ឧកញ៉ា​ចិត្តធម៌ ហ៊ួ​ត ជា កាលពី​ថ្ងៃទី​១៣ ​ខែ​មីនា​ ឆ្នាំ​២០១៩​កន្លងមកនេះ ​បាន​ដឹកនាំ​សិល្បករ​-​សិល្បការិនី​ ចុះទៅ​ចែក​អំណោយ​ដល់​ពួកគាត់​នា​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់ខ្លួន។

ចំពោះ​អំណោយ​ដែល​ត្រូវបាន​ លោក​ឧកញ៉ា​ចិត្តធម៌ ហ៊ួ​ត ជា និង​សិល្បករ​-​សិល្ប​ការិនី​ នាំយកទៅ​ចែកជូន​ដល់​ លោកតា លោកយាយ និង​ប្រជាពលរដ្ឋ​ខ្វះខាត​នោះ​រួមមាន ​៖​ អង្ករ​២​តោន​, ទឹក​សុទ្ធ​១០០​កេស​ និង​ងៀត​៥​គីឡូ​។ ម្យ៉ាងទៀត​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​ពី​ លោក​ឧកញ៉ា ហ៊ួ​ត ជា នោះ​ គឺមាន​ចំនួន​សរុប​១១៣​គ្រួសារ ​រួមទាំង​ព្រះសង្ឃ​ ដែល​កំពុងតែ​គង់នៅ​វត្ត​គល់​ទទឹង​ផងដែរ។

លោក​ឧកញ៉ា ហ៊ួ​ត ជា បាន​ថ្លែង​នាឱកាស​ចុះ​ចែក​អំណោយ​នោះ​ថា​ សម្រាប់​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ថ្ងៃនេះ ​គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែល​មាន​លទ្ធភាព​ប្រារព្ធ​ពិធី​ខួបកំណើត ​ជួបជុំ​មិត្តភ័ក្ដិ​ផឹកស៊ី​សប្បាយ​ បើ​អាច ​សូម​មេត្តា​ប្ដូរ​មក​ធ្វើអំពើ​ល្អ​វិញ​ គឺ​តាមរយៈ​ការចែក​ទាន​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត ​ឬក៏​ចែកទាន​ដល់​ព្រះសង្ឃ​កំពុង​គង់នៅ​តាម​ទី​វត្ត​អាម​ដាច់​ស្រយាល​មួយចំនួន​វិញ។

ជាការ​កត់សម្គាល់​នៅក្នុង​កម្មវិធី​ចែក​អំណោយ​ខាងលើ​នេះដែរ​ ក្រៅតែពី​វត្តមាន​របស់ លោក​ឧកញ៉ា ហ៊ួ​ត ជា នោះ ​ក៏មាន​ការចូលរួម​ដូចជា​ ៖ លោក​ឧកញ៉ា ដួង​ ឆាយ​, លោក វិចិត្រ​ ដា​រ៉ា និង​សិល្បករ​-​សិល្បការិនី​មាន​ ៖​ លោក សាន ផានិត ,​លោក អ៊ឹម ជីវ៉ា ,​អ្នកស្រី ប្រជ្រុយ ព្រមទាំង​តារា​សិល្បៈ​មួយ​ចំនួន​ទៀត​ផងដែរ។

សូម​បញ្ជាក់​ថា ​ចំពោះ​សកម្មភាព ​នៃ​ការ​ចុះ​ចែក​អំណោយ​ និង​រំលែក​ក្តី​ស្រលាញ់​របស់​លោក​ឧកញ៉ា​ចិត្តធម៌ ហ៊ួ​ត ជា​,​លោក​ឧកញ៉ា ឌួង ឆាយ រួមទាំង​សិល្បករ​-​សិល្ប​ការិនី​ខាងលើនេះ ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​បរិវេណ​វត្ត​គល់​ទទឹង សង្កាត់​ព្រែ​ថ្មី ​ខណ្ឌ​ច្បារអំពៅ ​ហើយ​ការចុះ​ចែក​អំណោយ​នេះដែរ​ គឺ​បានធ្វើ​ឡើង​ចំ​ឱកាស​ថ្ងៃ​ពិសេស ​គឺ​ខួបកំណើត​របស់​លោក​ឧកញ៉ា ហ៊ួ​ត ជា៕