ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​ ច្រានចោល​ការប៉ុនប៉ង​ដើម្បី​ដោះលែង​ស្ត្រី​វៀតណាម​នៅ​ក្នុង​ករណី​ឃាតកម្ម​លោក Kim Jong Nam

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើឃាត​បងប្រុស​របស់​មេ​ដឹកនាំ​កូរ៉េខាងជើង​ បានទទួល​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​សុំ​ឲ្យ​ដោះលែង​ជាបន្ទាន់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បដិសេធ​ទម្លាក់​ការចោទប្រកាន់​ករណី​ឃាតកម្ម​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ជនជាប់ចោទ​ម្នាក់ទៀត​ដែលមាន​សញ្ជាតិ​ឥណ្ឌូនេស៊ី​ត្រូវបាន​ដោះលែង។

លោក Muhammad Iskandar Ahmad ព្រះរាជអាជ្ញា​ឈានមុខ​បាន​ប្រាប់​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង Shah Alam ខាងក្រៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ថា “​យោងតាម​ការបង្ហាញ​ដែល​បាន​ដាក់ជូន​កាលពី​ថ្ងៃទី​១១​ខែមីនា​ដល់​អគ្គរាជអាជ្ញា​ដ៏​មាន​កិ​ត្ដិ​យស យើង​បានទទួល​បញ្ជា​ឲ្យ​បន្ត​រឿងក្តី​នេះ​”​។​

នាង Doan Thi Huong អាយុ​៣០​ឆ្នាំ​ត្រូវបាន​ជំនុំជម្រះ​ក្តី​អស់​រយៈពេល​មួយឆ្នាំ​កន្លះ​មកហើយ​ជុំវិញ​ការធ្វើឃាត​លោក Kim Jong Nam នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ​ឆ្នាំ​២០១៧​ដែល​ធ្វើ ពិភពលោក​មានការ​ភ្ញាក់ផ្អើល​។​

នាង​បាន​យំ​នៅពេលដែល​ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ហើយ​បាន​ប្រាប់​អ្នកកាសែត​ទាំង​ទឹកភ្នែក​ថា “​ខ្ញុំ​មិន​ខឹង​ទេ​ដែល Siti ត្រូវបាន​ដោះលែង​។ មានតែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ដែល​ដឹងថា យើង​មិនបាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​។ ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​របស់ខ្ញុំ​អធិស្ឋាន​ឲ្យ​ខ្ញុំ​”​។​

ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ជាមួយ​នាង​ឈ្មោះ Siti Aisyah គឺ​ត្រូវបាន ដោះលែង​ទាំង​មិន​នឹង​ស្មាន​ដល់​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ព្រះរាជអាជ្ញា​ដក​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ទៅលើ​នាង​។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​មិនបាន​ផ្តល់​ការពន្យល់​ណាមួយ​ទេ​ប៉ុន្តែ​វា​បាន​ធ្វើតាម​ការបញ្ចុះ​បញ្ចូល​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​។​

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​លោក Le Quy Quynh បាន​ប្រាប់ AFP នៅ​តុលាការ​ថា “​ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់​ដែល​តុលា​ការមិន​ដោះលែង Doan​។ យើង​នឹង​ស្នើសុំ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​មាន​ភាពយុត្តិធម៌​និង​ដោះលែង​នាង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

ស្ត្រី​ទាំងពីរ​តែងតែ​បដិសេធ​ការធ្វើឃាត​។ ពួកគេ​និយាយថា ពួកគេ​ត្រូវបាន​បោក​បញ្ឆោត​ដោយ​ចារកម្ម​កូរ៉េខាងជើង​ឲ្យ​អនុវត្ត​ការសម្លាប់​បែប​សង្គ្រាមត្រជាក់​ដោយ​ប្រើ​សារធាតុ​គីមី​មាន​ជាតិពុល​ខ្ពស់​ហើយ​ជឿថា វា​ជា​កម្មវិធី​ពញ្ញាក់​អារម្មណ៍​របស់​ទូរទស្សន៍​៕ AFP