ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ ត្រូវ​ឡើង​តុលាការ ​បន្ទាប់ពី​ការឃុំ​ឃាំង​រយៈពេល​មួយឆ្នាំ

កាលពី​ថ្ងៃ​ពុធ ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​១០​នាក់​ បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ជា​លើកដំបូង​ចាប់តាំងពី​ត្រូវបាន​ឃុំខ្លួន​កាលពី​ឆ្នាំមុន​ក្នុងការ​បង្ក្រាប​យ៉ាង​ពេញទំហឹង​មួយ​លើ​ក្រុម​សកម្មជន​។​

ការជំនុំជម្រះ​ក្តី​លើ​ស្ត្រី​ទាំងនេះ​ដែល​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជិត​មួយឆ្នាំ​ដោយ​គ្មាន​ការចោទប្រកាន់​គឺ​បាន​កើតឡើង​ខណៈដែល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ការរិះគន់​ជា​អន្តរជាតិ​លើ​ការធ្វើឃាត​អ្នក​រិះគន់ Jamal Khashoggi កាលពី​ឆ្នាំមុន​។​

លោក Ibrahim al-Sayari ប្រធាន​តុលាការ​បាន​និយាយថា សកម្មជន​លេចធ្លោ​ឈ្មោះ Loujain al-Hathloul, Hatoon al-Fassi, Aziza al-Yousef និង Eman al-Nafjan គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ចូលក្នុង​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​រី​យ៉ា​ដដែល​ជា​កន្លែង​ពួកគេ​ស្តាប់​ការចោទប្រកាន់​លើ​ពួកគេ​។​

សមាជិក​ក្រុមគ្រួសារ​របស់​ស្ត្រី​ដែលមាន​មួយចំនួន​ត្រូវបាន​គេ​សង្ស័យថា​ត្រូវ​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម​និង​ការយាយី​ផ្លូវភេទ​អំឡុងពេល​សួរចម្លើយ​នោះ​គឺ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​សវនាការ​ប៉ុន្តែ​អ្នកកាសែត​បរទេស​និង​អ្នកការទូត​លោកខាងលិច​មួយក្រុម​ត្រូវបាន​រារាំង​។​

ការចោទប្រកាន់​ប្រឆាំងនឹង​ស្ត្រី​ទាំងនេះ​មិនត្រូវ​បាន​គេ​បង្ហាញ​ដល់​សាធារណៈជន​ទេ​។​
​ប៉ុន្តែ​អង្គការសិទ្ធិមនុស្ស ALQST ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា ពួកគេ​ត្រូវបាន​ឃុំឃាំង​ក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​តរបស់​ប្រទេស​នេះ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​ដោយ​ផ្អែកលើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ “​អង្គភាព​សត្រូវ​” រួមទាំង​អង្គការសិទ្ធិមនុស្ស​ផងដែរ​។​

លោក Sayari បាន​និយាយថា ស្ត្រី​ទាំងនោះ​នឹងមាន​សិទ្ធិ​ទទួលបាន​មេធាវី​ឯករាជ្យ​សម្រាប់​ការជំនុំជម្រះ​នេះ​។​

សកម្មជន​ជាច្រើន​នាក់​ដែល​ភាគច្រើន​បានធ្វើ​យុទ្ធនាការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​សម្រាប់​សិទ្ធិ​ក្នុងការ​បើកបរ​គឺ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ឆ្នាំមុន​ពោលគឺ​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​មុនពេល​ប្រទេស​នេះ​បញ្ចប់​ការហាមឃាត់​ដ៏​យូរអង្វែង​របស់ខ្លួន​លើ​អ្នកបើកបរ​ភេទ​ស្រី​។ មនុស្ស​មួយចំនួន​ត្រូវបាន​គេ​ដោះលែង​ជា​បន្តបន្ទាប់​។​

នៅពេលនោះ សកម្មជន​ត្រូវបាន​រង​ការចោទប្រកាន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​ជួយ​សត្រូវ​របស់​រដ្ឋ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​រដ្ឋ​បានចាត់ទុក​ពួកគេ​ថា​ជា​ជន​ក្បត់ជាតិ​និង “​ភ្នាក់ងារ​ស្ថានទូត​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114