ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេង​ដែល​ធ្លាយ​បាន​ហូរ​ឆ្ពោះទៅ​ឆ្នេរសមុទ្រ​បារាំង​ បន្ទាប់ពី​ការ​លិច​កប៉ាល់​ដឹកទំនិញ

អាជ្ញាធរ​បាន​និយាយថា ប្រេង​ធ្លាយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ឆ្នេរសមុទ្រ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​កប៉ាល់​ដឹកទំនិញ​អ៊ីតាលី​មួយគ្រឿង​ បាន​លិច​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ដោយ​ផ្ទុក​សម្ភារៈ​គ្រោះថ្នាក់​ចំនួន​៤៥​កុងតឺន័រ។

ប្រេង​អណ្តែត​ដែលមាន​បណ្តោយ​១០​គីឡូម៉ែត្រ​និង​ទទឹង​១​គីឡូម៉ែត្រ​អាច​នឹង​ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​តំបន់​ភាគ​និរតី​របស់​ប្រទេស​បារាំង​ជិត​ទីក្រុង Bordeaux នៅ​ចុង​សប្ដាហ៍​នេះ​។​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក Francois de Rugy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​យោងតាម​ការព្យាករណ៍​របស់​យើង បំណែក​ខ្លះ​អាច​ទៅដល់​ទីតាំង​មួយចំនួន​នៃ​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Nouvelle-Aquitaine នៅត្រឹម​ថ្ងៃអាទិត្យ​ឬ​ថ្ងៃ​ចន្ទ​ខណៈ​អាកាសធាតុ​មិនល្អ​អាចធ្វើ​ឲ្យ​ប្រតិ​ប​ត្ដិ​ការ​ប្រឆាំងនឹង​ការបំពុល​កាន់តែ​លំបាក​”​។​

លោក​បាន​បន្ថែមថា ប្រទេស​បារាំង​នឹងដាក់​ពង្រាយ​នាវា​ចំនួន​បួន​គ្រឿង​ដើម្បី​ជួយ​ទប់​ទល់នឹង​ការ​ធ្លាយ​ប្រេង​នៅ​សមុទ្រ​ហើយនឹង​ត្រៀមខ្លួន​សម្រាប់​ប្រតិបត្តិការ​បោសសម្អាត​នៅលើ​ដី​។​

កប៉ាល់ Grande America កំពុងធ្វើដំណើរ​ពី​ទីក្រុង Hamburg នៃ​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ទីក្រុង Casablanca នៃ​ប្រទេស​ម៉ា​រ៉ុ​ក​នៅពេល​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។​

មនុស្ស​ចំនួន​២៧​នាក់​នៅលើ​នាវា​នោះ​ត្រូវបាន​គេ​ជម្លៀសចេញ​នៅ​ថ្ងៃ​បន្ទាប់​ខណៈដែល​អគ្គិភ័យ​កាន់តែ​អាក្រក់​ទៅៗ​មុនពេល​កប៉ាល់​បាន​លិច​នៅ​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង La Rochelle កាលពី​ថ្ងៃ​អង្គារ​។​

លោក Jean-Louis Lozier ប្រធាន​អាជ្ញាធរ​ដែនសមុទ្រ​ក្នុង​តំបន់​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Brest លើ​ឆ្នេរ Brittany របស់​ប្រទេស​បារាំង​ថា “​សម្រាប់​បច្ចុប្បន្ននេះ ហានិភ័យ​នៃ​ការបំពុល​អាច​កើតមានឡើង​ដោយសារ​ប្រេងឥន្ធនៈ​ធុន​ធ្ងន់​ទម្ងន់​២,២០០​តោន​នៅលើ​កប៉ាល់​”​។​

លោក Lozier បាន​និយាយថា ក្រុមហ៊ុន​អ៊ីតាលី​ឈ្មោះ Grimaldi ដែលជា​ម្ចាស់​កប៉ាល់​នេះ​បាន​បង្ហាញថា មាន​កុងតឺន័រ​ចំនួន​៣៦៥​ដែល​ក្នុងនោះ​មាន​៤៥​កុងតឺន័រ​ផ្ទុក​សម្ភារៈ​គ្រោះថ្នាក់​រួមទាំង​រថយន្ត​ប្រហែល​២,០០០​គ្រឿង​ផងដែរ​។​

លោក Lozier បាន​និយាយថា អគ្គិភ័យ​ត្រូវបាន​គេ​គិតថា​បានកើត​ចេញពី​កន្លែង​ផ្ទុក​រថយន្ត​មុនពេល​រាលដាល​ទៅកាន់​កុងតឺន័រ​មួយ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មូលហេតុ​មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114