ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ផ្អាក​យន្ដហោះ Boeing 737 MAX ខណៈ​ប្រអប់​ខ្មៅ​ត្រូវ​បញ្ជូនទៅ​ប្រទេស​បារាំង​ដើម្បី​វិភាគ​

ការហាមឃាត់​លើ​យន្តហោះ Boeing 737 MAX បាន​ធ្វើឡើង​ទូទាំង​ពិភពលោក​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចូលរួម​ជាមួយ​ប្រទេស​កាណាដា​ និង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​ការផ្អាក​យន្តហោះ​ប្រភេទ​នេះ ហើយ​ប្រអប់​ខ្មៅ​ពី​យន្តហោះ​ដែល​ធ្លាក់​ត្រូវបាន​គេ​នាំយកទៅ​ប្រទេស​បារាំង​ដើម្បី​ធ្វើការ​វិភាគ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

អាជ្ញាធរ​អាមេរិក​បាន​និយាយថា ភស្តុតាង​ថ្មី​បានបង្ហាញ​ពី​ភាពស្រដៀងគ្នា​រវាង​ការធ្លាក់​យន្តហោះ Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​កាលពី​ថ្ងៃអាទិត្យ​និង​គ្រោះថ្នាក់ មួយទៀត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែតុលា​។ គ្រោះថ្នាក់​កាលពី​ចុង​សប្ដាហ៍​មុន​បានសម្លាប់​មនុស្ស​ទាំងអស់​១៥៧​នាក់​នៅលើ​យន្តហោះ។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការរកឃើញ​នៅ​កន្លែង​ធ្លាក់​យន្តហោះ​ក្បែរ​ទីក្រុង Addis Ababa និង​ទិន្នន័យ​ផ្កាយរណប​ចម្រាញ់​ថ្មី​បាន​ធានា​អំពី​ការស៊ើបអង្កេត​បន្ថែមទៀត​លើ​លទ្ធភាព​នៃ​មូលហេតុ​ដូចគ្នា​ចំពោះ​ឧបទ្ទវហេតុ​ទាំងពីរ​នេះ​។​
FAA បាន​បញ្ជា​ជាបន្ទាន់​ឲ្យ​ផ្អាក​យន្តហោះ 737 MAX 8 និង MAX 9 រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត។

លោក Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា “​សុវត្ថិភាព​របស់​ប្រជាជន​អាមេរិក​និង​ប្រជាជន​ទាំងអស់​គឺជា​កង្វល់​ដ៏​សំខាន់​របស់​យើង​”​។​

ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​ពន្យារពេល​ប្រតិបត្តិការ​យន្តហោះ MAX 8 និង 9 បន្ទាប់ពី​ប្រទេស​កាណាដា​និង​ឈី​លី​ក៏បាន​ចូលរួម​ក្នុង​បញ្ជី​នៃ​ប្រទេស​ជាច្រើន​ដែល​ហាមឃាត់​យន្តហោះ​ប្រភេទ​នេះ​ពី​ការហោះហើរ​ក្នុង​ដែនអាកាស​របស់​ពួកគេ​ផងដែរ។

នាយក​ស្តីទី​នៃ FAA លោក Daniel Elwell បាន​និយាយថា ភ្នាក់ងារ​នេះ​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ប៉ុន្តែ​បាន​ប្រឈម​នឹង​ការពន្យារពេល​ដោយសារតែ​ប្រអប់​ខ្មៅ​រង​ការខូចខាត។

ប្រធាន​ក្រុមហ៊ុន Boeing លោក Dennis Muilenburg បាន​ថ្លែងថា លោក​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​លោក​នៅតែមាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​សុវត្ថិភាព​នៃ​យន្តហោះ។

ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រអប់​ខ្មៅ​ពី​យន្តហោះ Boeing 737 MAX 8 ដែល​បាន​ធ្លាក់​គឺ​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ប៉ារីស​ដើម្បី​ធ្វើការ​វិភាគ​៕ AFP