ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​វាយបក​ទៅ​អាមេរិក​វិញ​ បន្ទាប់ពី​រិះគន់​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់ខ្លួន

ដោយ​លើកឡើង​ពី​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនល្អ ការប្រកាន់​ជាតិ​សាសន៍​និង​ការរើសអើង​មនោគមវិជ្ជា​, ប្រទេស​ចិន​បាន​វាយបក​ទៅវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​លក្ខខណ្ឌ​ខ្លាំងក្លា​មិនធម្មតា​បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក​បាន​រិះគន់​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ចិន​រួមទាំង​ការរំលោភបំពាន​ទៅលើ​ជនជាតិភាគតិច​មូស្លីម​របស់ខ្លួន​ផងដែរ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​គូសបញ្ជាក់​ពី​ការរំលោភបំពាន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ស៊ូដង់​ខាងត្បូង នី​កា​រ៉ា​ហ្គ័​រ​និង​ចិន​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ស្តីពី​ការអនុវត្ត​សិទ្ធិមនុស្ស​ប៉ុន្តែ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រទេស​ចិន​គឺ​ស្ថិតនៅក្នុង​សម្ព័ន្ធ​របស់​ខ្លួនឯង​នៅពេល​និយាយ​អំពី​ការរំលោភបំពាន​សិទ្ធិមនុស្ស។

លោក Michael Kozak ប្រធានការិយាល័យ​សិ​ទិ្ធ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​របស់​ក្រសួងការបរទេស​បាន​និយាយថា ការធ្វើ​បាប​លើ​ជនជាតិភាគតិច​មូស្លីម​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ហាក់ដូចជា​មិនត្រូវ​បាន​គេ​មើលឃើញ​ទេ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៣០​មក។

ថ្លែង​នៅក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Lu Kang បាន​និយាយថា របាយការណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក​ជាទូទៅ​គឺ​ពោរពេញ​ទៅដោយ​ការ​ការរើសអើង​មនោគមវិជ្ជា​និង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ហើយ​ថា ប្រទេស​ចិន​បានដាក់​ពាក្យបណ្តឹង​ទីក្រុង​វ៉ាស៊ីនតោន​អំពី​រឿងនេះ។

លោក​បាន​បន្ថែមថា ប្រទេស​ចិន​បានការ​ពារ​សិ​ទិ្ធ​មនុស្ស​យ៉ាង​ពេញលេញ​ហើយ​ប្រទេស​ចិន​សម្រេចបាន​សមិទ្ធិផល​ជាច្រើន​នៅក្នុង​បញ្ហា​នេះ​។ លោក​បន្តថា “​យើង​ក៏​សូម​ផ្តល់​ដំបូន្មាន​ផងដែរ​ថា សហរដ្ឋអាមេរិក​ត្រូវ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​កំណត់ត្រា​សិទ្ធិមនុស្ស​ក្នុងប្រទេស​របស់ខ្លួន​ហើយ​ជាដំបូង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ខ្លួនឯង​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ប្រទេស​ចិន​បាន​ច្រានចោល​នូវ​ការព្រួយបារម្ភ​អំពី​គោលនយោបាយ​របស់ខ្លួន​នៅ​តំបន់​ស៊ីន​ជាំ​ង​ដែល​នៅ​ទីនោះ ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា រដ្ឋាភិបាល​កំពុងដំណើរកា​រ​ជំរំ​ឃុំឃាំង​ដែល​ឃុំខ្លួន​ជន​មូស្លីម​មួយ​លាន​នាក់​។ ប្រទេស​ចិន​និយាយថា ពួកគេ​គឺជា​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែលមាន​គោលបំណង​លុបបំបាត់​ភាពជ្រុលនិយម​។​

បន្ថែម​លើ​ការរិះគន់​ដ៏​ខ្លាំងក្លា​របស់​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​ចិន​បានចេញ​សេចក្តី​វាយតម្លៃ​ប្រចាំឆ្នាំ​របស់ខ្លួន​តបត​ចំពោះ​ការរិះគន់​ពី​ទីក្រុង​វ៉ាស៊ីនតោន​លើ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន​។​

ក្រុមប្រឹក្សារដ្ឋ​ឬ​ខុទ្ទកាល័យ​របស់​ចិន​បាន​និយាយថា សហរដ្ឋអាមេរិក​គឺជា​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​ខុសឆ្គង​និង​ខ្វះខាត​៕ REUTERS