ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារកំព្រា​ស្នាក់នៅ​អង្គការ​ម៉ែ​កណា ទ​ទួលបាន​ស្បៀងអាហារ​និង​សម្ភារៈ​សិក្សា​ពី អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប

ភ្នំពេញ ​៖​ កុមារកំព្រា​ស្នាក់នៅ​អង្គការ​ម៉ែ​កណា ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ឆុំ​២ ​សង្កាត់​បឹងទំពុន ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បានទទួល​អំណោយ​ជា​អង្ករ​ និង​សម្ភារៈ​សិក្សា​មួយចំនួន​ពី​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល អ៊ី​ន​វេស​ម៉ិ​ន​គ្រុប ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​កុមារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

អ្នកស្រី នាង​សុភ័ណ ជា​អ្នកថែរក្សា​កុមារ​នៅ​អង្គការ​ម៉ែ​កណា​បាន​មានប្រសាសន៍ថា​«​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​ទទួលបាន​ជំនួយ​ផ្គត់ផ្គង់​ជា​ចំណីអាហារ និង​អង្ករ​ពី​ក្រុមហ៊ុន អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប​។​ក្មេងៗ​របស់​យើង​ពិតជា​ចាំបាច់​ត្រូវការ​អាហារ ដើម្បី​រស់រានមានជីវិត​។​អង្គការ​របស់​យើងខ្ញុំ​មាន​កង្វល់​ពី​ការប្រឈមមុខ​នឹង​បញ្ហា​កង្វះ​ស្បៀងអាហារ ប៉ុន្តែ​នៅពេលនេះ យើង​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប ជា​ជំនួយ​ដោះស្រាយ​ជីវភាព​ក្មេងៗ​ទាំងអស់គ្នា​នៅទីនេះ​បាន​ទាន់ពេលវេលា​។ ក្មេងៗ​ទាំងអស់​នឹងមិន​ចាំបាច់​ព្រួយបារម្ភ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទេ ពួកគេ​អាច​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការសិក្សា​ដើម្បី​អនាគត​របស់​ពួកគេ​»​។

អ្នកស្រី​បាន​បន្ថែមទៀតថា ​«​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ជូនពរ​ដល់​ក្រុមហ៊ុន អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ជះ​ត្រចង់​ក្នុង​មុខ​ជំនួញ​របស់​ពួកគេ​»​។​

លោកស្រី Evelyn Pek អនុប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល អ៊ី​ន​វេស​ម៉ិ​ន​គ្រុប​បាន​មានប្រសាសន៍ថា ​«​ចាប់តាំងពី ក្រុមហ៊ុន​របស់​យើង​បាន​បង្កើតឡើង​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ ពួកយើង​បានផ្តល់​អង្ករ​ជាង​២,០០០​គីឡូក្រាម ជូន​ដល់​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​សម្រាប់​ជួយ​ទ្រទ្រង់​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​កុមារ​។ យើង​ជឿជាក់ថា​កុមារ​គឺជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ គោលដៅ​របស់​យើង គឺ​ចង់​រួមចំណែក​ជួយ​សម្រួល​ដល់​ស្ថានភាព​លំបាក​កុមារ​កម្ពុជា ដើម្បី​បង្កើត​ឱកាស​អោយ​ពូកគេ​ទទួលបាន​ការអប់រំ​អភិវឌ្ឍន៍​ខ្លួនឯង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ឡើង​នាពេល​អនាគត​។ ថ្ងៃនេះ​ក្រុមការងារ​របស់​យើងខ្ញុំ​បាន​នាំយក​អង្ករ​ចំនួន​៣០០​គីឡូក្រាម​មក​ផ្តល់ជូន​កុមារកំព្រា​នៅ​អង្គការ​ម៉ែ​កណា ហើយ​យើង​នឹង​នៅតែ​បន្ត​ផ្តល់ជំនួយ​នេះ​នាពេល​អនាគត​ផងដែរ​»​។​

កុមារី សុខា អាយុ​៦​ឆ្នាំ​មកពី​អង្គការ​ម៉ែ​កណា​មាន​ចំណាប់អារម្មណ៍ នៅក្នុង​ពិធី​ចែក​អង្ករ និង​សម្ភារៈ​សិក្សា របស់​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល អ៊ី​ន​វេស​ម៉ិ​ន​គ្រុប​ថា​«​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បានឃើញ​ពួកគាត់​។ ពួកគាត់​មាន​សណ្តាន​ចិ​ត្ដ​ល្អ​ណាស់​ចំពោះ​យើង​គ្រប់គ្នា ហើយ​គាត់​បាន​លេង​កំសាន្ត​ជាមួយ​យើង​ទៀតផង​។ ខ្ញុំ​សង្ឃឹមថា​ពួកគាត់​នឹង​ត្រឡប់​មកលេង​ជាមួយ​យើង​លើក​ក្រោយ​ទៀត​»​។​

សូមជម្រាបថា​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល អ៊ី​ន​វេស​ម៉ិ​ន​គ្រុប នឹងដាក់​គោលដៅ​របស់ខ្លួន​បន្ត​ក្នុង​ការចុះ​ចែក​អង្ករ គ្រឿងឧបភោគ​បរិភោគ សម្ភារៈ​សិក្សា​និង​សម្ភារៈ​កីឡា ជូន​ដល់​កុមារកំព្រា និង​សិស្សានុសិស្ស នៅតាម​តំបន់​ផ្សេងៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជាការ​ចែករំលែក​ក្តី​ស្រឡាញ់​ទៅដល់​ពួកគេ៕