ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៩ ចាប់ផ្តើម​ប្រកួត​ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ​

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) នៅ​រដូវ​កាល​ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ពី​ចុង​សប្តាហ៍​នេះ​តទៅ​ហើយ​ដែល​សមាជិក​រហូតដល់​១៤​ក្រុម ដែល​តម្រូវឱ្យ​ប្រកួតប្រជែង​គ្នា​រយៈពេល​៨​ខែ ទើប​រកឃើញ​ម្ចាស់​ជើងឯក​ជា​ផ្លូវការ​បាន​។

​យោងតាម​កាលវិភាគ​ស​ម្រា​ប់​ប្រកួត​បើកឆាក​គឺ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែមីនា ឆ្នាំ​២០១៩ ដោយ​ក្រុម​អគ្គិសនី​កម្ពុជា ប៉ះ​ក្រុម​ខេត្តកំពង់ចាម នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​បាល់ទាត់​អគ្គិសនី​កម្ពុជា ព្រមទាំង​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ខណៈ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជួប​ក្រុមយុវជន​បាទី​១៨​ឆ្នាំ នៅ​វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ខេត្តតាកែវ ព្រមទាំង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​។ ១​គូ​ទៀត​គឺ​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត​អែ​ហ្វ​ស៊ី នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN stadium ក្នុង​រាជធានី​ភ្នំពេញ ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់ CNCC​។

ចំណែក​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ណាហ្គា​វើ​ល វេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ហើយ​ក្រុម​វិសាខា ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​វិសាខា មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ខណៈ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ផ្សាយ​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខ​.​ភ​.​ម មាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​ចំណែក​ក្រុម​ដែល​ចូល​រួម​ទាំង​១៤​វិញ​នោះ​មាន​ណាហ្គា​វើ​ល​,​បឹងកេត​,​វិសាខា​,​ក្រសួងការពារជាតិ​,​ភ្នំពេញ​ក្រោ​ន​,​អាស៊ី​អឺរ៉ុប​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​,​អង្គ​រថា​យ​ហ្គឺ​រ​ព្រះខ័ន​រាជ​ស្វាយរៀង​,​សូល​ទី​ឡូ​អង្គរ​,​អគ្គីសនី​កម្ពុជា​។ ចំណែក​ក្រុម​លេចមុខ​ថ្មី​៣​ក្រុម​គឺ គីរីវង់​សុខ​សែន​ជ័យ​,​ខេត្តកំពង់ចាម និង U18 សាលា​បាល់ទាត់​ជាតិ​បាទី​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕