ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៣​ថ្ងៃ

ភ្នំពេញ​ ៖ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ជា​លើកដំបូង​រយៈពេល​៣​ថ្ងៃ ដើម្បី​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹងមាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា សំរាប់​ថ្ងៃទី​១​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) នៅ​កម្ពុជា​នេះ គឺ​មានតែ​កម្មវិធី​២​ប៉ុណ្ណោះ គឺ​ទទួល​ជួប​សំណេះសំណាល​ជាមួយ​អ្នកវិនិយោគ ពាណិជ្ជករ និង​សហគមន៍​ប្រជាពលរដ្ឋ​កូរ៉េ​នៅ​កម្ពុជា និង​ពិសា​របាយ​ពេល​ល្ងាច​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ លោក មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង និង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នេះ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជម្រុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។

តាម​ក្រសួង​ការ​បរទេស លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹង​ថា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹតិ្តការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕