ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ជំរុញ​ឲ្យ​សេដ្ឋី​ពាន់​លាន​នៅ​កម្ពុជា​ចូលរួម​វិនិយោគ​លើ​វិស័យ​កសិកម្ម

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សេដ្ឋី​ពាន់​លាន​និង​សេដ្ឋី​រយ​លាន​នៅ​កម្ពុជា​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​លើកកម្ពស់​ភាព​ប្រកួត​ប្រ ជែង​ផលិតផល​កសិកម្ម​កម្ពុ​ជា​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​ឆ្នាំ​២០១៨​និង​ទិសដៅ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩​នេះ​។ ដោយ​សម្តេច​តេ​ជោ​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​កុំ​សម្លឹង​មើល​តែ​ទៅលើ​វិនិយោគិន​បរទេស​សូម​ឲ្យ​សម្លឹងមើល​សេដ្ឋី​នៅ​ស្រុក​ខ្មែរ​ផងដែរ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា «​វិធី​ដែល​ល្អ​គឺ​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ហើយ​មិនចាំបាច់​តែ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស​នោះ​ទេ​។ ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋី​ពាន់​លាន​(​ដុល្លារ​) ក៏​មាន​រួច សេដ្ឋី​រយ​លាន​ក៏​មាន​ច្រើន​ដូចនេះ​ឲ្យ​ពួកគេ​រួមចំណែក​ផលិត​ចំណី​សត្វ សម្រាប់​បម្រើ​ឲ្យ​ការ​ចិញ្ចឹម​សត្វ​ក្នុងប្រទេស​របស់​យើង​ហើយ​បើ​និយាយ​ពី​អ្នកមាន​លុយ​ចាប់ពី​មួយ​លាន​ដុល្លារ​ឡើងលើ គឺ​មាន​ច្រើនណាស់ ​ប៉ុន្តែ​ខ្ញុំ​មិនមែន​ចង់​សំដៅ​ថា ​សាច់ប្រាក់​ទេ​ដោយសារ​ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ លើស​ពី​១​លាន​ដុល្លារ​បាត់ទៅហើយ​»​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ទៀត​ថា ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អប្រសើរ​នៅឡើយ​ទេ​ ខណៈ​ដែល​ប្រទេស​ជិត​ក៏​មាន​ផលិតផល​កសិកម្ម​ដូច​កម្ពុជា​ដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើង​ថា ​មូល​ហេតុដែល​កម្ពុជា​ពិបាក​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​ប្រទេសជិតខាង​នោះ​ ដោយសារតែ​ថ្លៃដើម​ផលិត​របស់​កម្ពុជា​ខ្ពស់​ធ្វើ​ផលិតផល​កម្ពុជា​មានតម្លៃ​ខ្ពស់​ជាង​ប្រទេសជិតខាង។ ចំណុច​នេះ​សម្ដេច​បាន​លើកយក​ការ​ដេញថ្លៃ​នាំចេញ​អង្ករ​មក​និយាយ​ថា ​គ្រាន់តែ​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ប្រទេស​ហ្វីលីពីន​ដែល​បាន​ដាក់​ឲ្យ​ប្រទេស​ក្នុង​តំបន់​ដេញថ្លៃ​នាំចូល​នោះ​ក៏​កម្ពុជា ដេញថ្លៃ​មិន​ឈ្នះ​វៀតណាម​និង​ថៃ​ផង ​ព្រោះ​តម្លៃ​ផលិតផល​កសិកម្ម​ប្រទេស​ទាំងពីរ​នេះ​ថោក​ជាង​ផលិតផល​កម្ពុជា​។ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម និង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ថ្លៃដើម​ផលិត​និង​ការ​ចំណាយ​ខ្ពស់​របស់​កសិករ​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ផលិត​ហើយ​នាំ​ចេញទៅ​ក្រៅប្រទេស​ដោយ​តម្លៃ​ប្រកួតប្រជែង​។​

ស្រប​ពេល​ដែល​គោលនយោបាយ​នាំចេញ​អង្ករ​១​លាន​តោន​មិនទាន់​សម្រេច​បាន​ជោគជ័យ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា គោលដៅ​នាំចេញ​អង្ករ ១​លាន​តោន​របស់​រាជរដ្ឋាភិបាល​មិនទាន់​សម្រេច​បាន​ជោគជ័យ​នៅឡើយ​ទេ ព្រោះតែ​លទ្ធភាព​នៃ​ការកែច្នៃ​អង្ករ​របស់​កម្ពុជា​នៅ​មាន​កម្រិត ហើយ​ថ្លៃដើម​នៃ​ការផលិត​ក៏​នៅ​ខ្ពស់​នាំ​ឲ្យ​ពិបាក​ប្រកួតប្រជែង​។

​សម្តេច​បន្តថា​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នៅ​ឆ្នាំ​២០១០​ដោយ​ជំរុញ​ឲ្យ​មាន​ការផលិត​ស្រូវ​លើ​តម្រូវការ​និង​នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​។ ក្នុង​គោលដៅ​ទាំង​២​នេះ​យើង​សម្រេច​បាន​គោលដៅ​មួយ​គឺ​ផលិតកម្ម​ស្រូវ​ពី​ការដែល​យើង​ខ្វះ​អង្ករ​ហូប​ឬ​មាន​អ​ធិ​រេ​ត (​ស្រូវ​លើស​) តិចតួច តែ​ពេល​បច្ចុប្បន្ន​យើង​មាន​អ​ធិ​រេ​ត​រហូតដល់​ជិត​៦​លាន​តោន​ស្រូវ​និង​ជិត​៤​លាន​តោន​អង្ករ​។ ប៉ុន្តែ​គោលដៅ​នៃ​ការនាំចេញ​អង្ករ​វិញ​គឺ​យើង​មិន​សម្រេច​គោលដៅ​១​លាន​តោន​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​ បញ្ហា​មិន​សម្រេច​គោលដៅ​នេះ​ដោយសារ​ការកែច្នៃ​សម្រាប់​នាំចេញ​នៅមានកម្រិត​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ចំនួន​ក៏មាន​ការ​កើនឡើង​ដែល​អាច​នឹង​ឈាន​ដល់​អាច​កែច្នៃ​រហូត​៣​ទៅ​៤​លាន​តោន​នៅពេល​ខាងមុខ ក្នុងពេលដែល​យើង​សម្រេច​រួចរាល់​នៅពេល​វិនិយោគ​ទាំងអស់​។ សម្តេច​បន្តថា​ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ឲ្យ​ថ្លៃដើម​នៃ​ការផលិត​របស់​កសិករ​យើង​ធ្លាក់ចុះ​ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​។ ដោយ​សម្តេច​បាន​លើក​ឡើង​ថា​ បញ្ហា​មួយ​ដែល​យើង​គួរ​គិត ឧទាហរណ៍​ថា​ហ្វីលីពីន​ត្រូវការ​អង្ករ​១​លាន​តោន​ដោយ​ដាក់​ឲ្យ​ដេញថ្លៃ។ ប៉ុន្តែ​កម្ពុជា​មិនអាច​ដេញថ្លៃ​ឈ្នះ​គេ​ទេ​ដោយសារតែ​ផលិតផល​អង្ករ​របស់​យើង​វា​មានតម្លៃ​ខ្ពស់​។ ដូច្នេះ​យើង​ត្រូវ​រិះរក​គ្រប់​វិធី​ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការផលិត​របស់​ប្រជាជន​យើង​។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា និយាយ​ដល់​បញ្ហា​នេះ​យើង​ពិតជា​មោទនភាព​ចំពោះ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​បាន​ឡើង​ដល់ ៩៦ ភាគរយ​។ ក៏ប៉ុន្តែ​វា​ក៏​មានមុខ​អសកម្ម​ផង​ដែរ​ថា​នៅ​ពេល​ដែល​យើង​ប្រើ​គ្រឿងយន្ត​កសិកម្ម​គឺ​វា​ក៏​ត្រូវ​ការ​ចំណាយ​ខ្ពស់​ទៅលើ​ការទិញ​ប្រេងឥន្ធនៈ​។ ដូចនេះ​ចំណុច​នេះ​ត្រូវ​មាន​ការដោះស្រាយ​រួមគ្នា​មិនអាច​ពឹងផ្អែក​តែ​លើ​ក្រសួងកសិកម្ម​មួយ​ទេ​។ ត្រូវ​កាត់បន្ថយ​ការ​បូមទឹក​ដោយ​ប្រេងឥន្ធនៈ​មក​ប្រើ​អគ្គិសនី​វិញ ជា​ការ​កាត់បន្ថយ​ការ​ចំណាយ​មួយ​ដ៏​ធំ ហើយក៏​ជា​ការ​រួមចំណែក​ធ្វើ​អនុត្តរភាព​ទៅលើ​ប្រព័ន្ធ​ស្រោចស្រព​ផង​ដែរ។ ជាមួយ​នេះ​យើង​ក៏​ត្រូវ​រួមគ្នា​កាត់បន្ថយ​ការ​នាំ​ចូល​វត្ថុ​ធាតុ ដើមពី​បរទេស​មក​ផលិត​ជី​កសិកម្ម​ដែល​ជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​ការ​ចំណាយ​របស់​កសិក​រ​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើក​ឡើង​ថា ​ចំណុច​ដែល​ល្អ​បំផុត​សម្រាប់​ភាព​ប្រកួតប្រជែង​របស់​យើង​គឺ​ការកាត់បន្ថយ​ថ្លៃដើម​ផលិត​របស់​កសិករ តែ​មិនមែន​ជា​ការឧបត្ថម្ភ​ទុន​ដើម្បី​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​នោះទេ វា​ខុសពី​និយាម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូចនេះ​រដ្ឋ​មិនអាច​បំពេញ​ខាត​ឲ្យ​កសិករ​ដើម្បី​លក់​អង្ករ​បាន​ថ្លៃ​នោះ​ទេ នៅ​ប្រទេស​ជឿនលឿន​ខ្លះ​ធ្វើ​បានតែ​សម្រាប់​កម្ពុជា​គឺ​មិនអាច​ធ្វើ​បែប​នេះ​បានទេ​។

​ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ក្រសួងកសិកម្ម​ត្រូវ​បន្ត​ការ​ស្រាវជ្រាវ និង អប់រំ​ប្រជាពលរដ្ឋ​របស់​យើង​កុំ​ឲ្យ​រត់​តាម​ទីផ្សារ ដោយ​ខ្វះ​ការពិចារណា ដី​មួយ​កន្លែង​៤​ឆ្នាំមុន​ឃើញ​ដាំ​កៅស៊ូ​៤ ឆ្នាំក្រោយ​ឃើញ​ស្វាយចន្ទី ២​ឆ្នាំក្រោយ​ឃើញ​ដាំដំឡូង​មី គាត់​ធ្វើ​ទៅតាម​ចរន្ត​តម្លៃ​ទីផ្សារ​។ ដូចនេះ​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​អំពី​បញ្ហា​ថា​ តម្លៃ​កសិផល​វា​មិនមែន​ចុះ​ជា​រៀង​រហូត​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ពន្ធដារ​មួយ​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​យើង គឺ​ភាព​ទន់ភ្លន់​នៃ​នយោបាយ​ពន្ធដារ ពេលខ្លះ​រដ្ឋ​មិន​ទាំង​យកពន្ធ​នាំចេញ​កៅស៊ូ​ទៀត​ផង​នៅ​ពេល​ដែល​កៅស៊ូ​ធ្លាក់ចុះ​នោះ ដូចនេះ​វា​ជា​គំនាស់​សេដ្ឋកិច្ច​មួយ​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​។

ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ការពារ​តម្លៃ​ស្រូវ​របស់​កសិករ​ធ្លាក់ចុះ​នោះ​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម​និង​ក្រសួង​ពាណិជ្ជ​រួមគ្នា​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ចិន និង​វៀតណាម ដែល​ផ្តល់​ឲ្យ​កម្ពុជា​ចំនួន​៧០​ម៉ឺន​តោន​អង្ករ​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​ខ្ញុំ​នៅតែ​បន្ត​ការ​ខិតខំ​ដើម្បី​ប្រើប្រាស់​ទីផ្សារ ដែល​យើង​មាន​រួច​មក​ហើយ​សម្រាប់​លើក​តម្លៃ​ស្រូវ​នោះ​គឺ​ទីផ្សារ​ចិន​៤០​ម៉ឺន​តោន​ត្រូវ​អនុវត្ត​ឲ្យ​បាន​ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម​ត្រូវធ្វើ​ការ​រួម​គ្នា​លើ​ការងារ​នេះ​ពិសេស​ក្រសួងពាណិជ្ជកម្ម​ដែល​ចូល​ដល់ក​សិ​-​ពាណិជ្ជកម្ម​ហើយ​។ ទីផ្សារ​របស់​វៀតណាម​ដែល​ផ្តល់​ឲ្យ​យើង​នាំចេញ​ចំនួន​៣០​ម៉ឺន​តោន​អីចឹង​វា​៧០​ម៉ឺន​តោន​អង្ករ ស្មើនឹង​ជាង​១​លាន​តោន​ស្រូវ​ដែរ​ធ្វើ​យ៉ាងម៉េច​អនុវត្ត​ឲ្យ​បាន ដើម្បី​ទាញ​តម្លៃ​ស្រូវ​របស់​យើង​ឲ្យ​បាន​កើនឡើង​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ល្ងាច​នេះ (១៤​មីនា​) សម្តេច​នឹង​បាយ​ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ក្នុង​លក្ខណៈ​ជា​គ្រួសារ​ទេ ហើយ​ស្អែក (១៥​មីនា​) ទើបបាន​ចរចា​ផ្លូវការ​និង​ធ្វើ​វេទិកា​ធុរកិច្ច​រួមគ្នា​ក៏ប៉ុន្តែ​ដើម្បី​គាត់​មកដល់​គឺ​តួអង្គ​ព្រះមហាក្សត្រ​ទេ​ដែល​ត្រូវ​ផ្តល់​ភោជនីយ​អាហារ​ផ្លូវការ​សម្រាប់​ប្រធានាធិបតី ក៏ប៉ុន្តែ​ល្ងាច​នេះ​ខ្ញុំ​នឹង​ជួប​ជាមួយ​គាត់​បាយ​ជាមួយគ្នា​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទេ យើង​នឹង​ខិតខំ​បើក​ទីផ្សារ​ហើយ​ស្អែក​គម្រោង​នៃ​ការលើក​របស់ខ្ញុំ​ស្នើ​ឲ្យ​កូរ៉េ​ជួយ​ទិញ​ផលិតផល របស់​កម្ពុជា​បន្ថែម​ទៀត​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ទីផ្សារ​របស់​យើង​មិនអាច​ចំណុះ​លើ​ទីផ្សារ​ណាមួយ ដោយ​គេ​ខ្ទប់​ច្រមុះ​យើង​ឲ្យ​ស្លាប់​នោះទេ​ហើយ​ឆ្នាំនេះ សម្តេច​នឹង​ដើរទៅ​កាន់​ប្រទេស​អាស៊ី អឺរ៉ុប គេ​ហៅថា អឺ​រ៉ាស៊ី មួយ​ចំនួន​ទៀត ដើម្បី​ទាញ​យក​ផលិតផល​របស់​យើង ទៅកាន់​ទីនោះ ហើយ​យើង​តម្រង់​ឆ្ពោះ​ទីផ្សារ​របស់​យើង​ទៅកាន់​ទីផ្សារ​នៅ​មជ្ឈិមបូព៌ា​ថែមទៀត យើង​បើក​ទីផ្សារ​កាន់តែ​ធំ​។

សូម​ជម្រាប​ថា ​បន្ទាប់ពី​រាជ​រដ្ឋា​បាល​កម្ពុជា​បានចេញ​នូវ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១០​រួចមក​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុ​ជាមាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រោង​ម៉ាស៊ីនកិនស្រូវ ឡ​សំ​ងួ​ត ផលិតកម្ម​ស្រូវ និង​ចំនួន​អង្ករ​ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ បើ​ទោះ​មិនទាន់​គ្រប់​១​លាន​តោន​ក្តី ​តែ​មាន​ការកើនឡើង​ជាង​រៀងរាល់ឆ្នាំ​។ តួលេខ​នៃ​ការនាំចេញ​អង្ករ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​២០​ម៉ឺន​តោន​, ឆ្នាំ​២០១៣ នាំចេញ​បាន​ជាង​៣៧​ម៉ឺន​តោន​, ឆ្នាំ​២០១៤ នាំចេញ​បាន​ជាង​៣៨​ម៉ឺន​តោន​, ឆ្នាំ​២០១៥ ​នាំចេញ​បាន​ជាង​៥៣​ម៉ឺន​តោន​, ឆ្នាំ​២០១៦ នាំចេញ​អង្ករ​បាន​ជាង​៥៤​ម៉ឺន​តោន​, ឆ្នាំ​២០១៧ នាំចេញ​អង្ករ​បាន​ជាង​៦៣​ម៉ឺន​តោន និង​ឆ្នាំ​២០១៨​នាំចេញ​អង្ករ​បាន​ជាង​៦២​ម៉ឺន​តោន៕