ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​វៀតណាម​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ ICT

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ឲ្យ ក្រសួង​ទូរគមនាគមន៍​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​ចែករំលែក​ផ្នែក​បច្ចេកវិទ្យា និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក ជាពិសេស​ការ​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាច​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​បែបនេះ​ទៅកាន់​លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ មិនា​នៅ​វិមាន​សន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​នៃ​វៀត ណា​ម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​អញ្ជើញ​មក​ការ​ទស្សនកិច្ច​កម្ពុជា បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​វៀតណាម​។

លោក​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អំពី​វឌ្ឍនភាព​នៃ​វិស័យ​ព័ត៌មាន​និង​ទូរគមនាគមន៍​វៀតណាម។ ដោយ​លោក​បាន​លើក​ឡើង​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​វៀតណាម​បាន​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​ដើម្បី​ការពារ​សន្តិសុខ​បណ្ដាញ​ព័ត៌មាន ដែល​នោះ​គឺជា​បច្ចេកវិទ្យា​សម្រាប់​តាមដាន និង​វិភាគ​ទិន្នន័យ​ដែល​អាច​ធ្វើ​ឲ្យ​អាច​ទប់ស្កាត់បាន​នូវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា។

ជាមួយគ្នា​នោះ លោក​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​រូបលោក​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ទូរ​គម​នា​គម​ន៏​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា E-gorvement និង E-commerce. ក៏ដូចជា​ការរៀបចំ​ទីក្រុង​ឆ្លាត​វៃ និង ការឯកភាព​គ្នា​លើ​ការដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ 5G ការប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​តាម electronic និង​សហប្រតិបត្តិការ​លើ​ការផ្លាស់ប្ដូរ​ព័ត៌មាន​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។ ជាមួយគ្នានេះ លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា វៀតណាម​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​មន្ត្រី​កម្ពុជា ៤ រូប​ដើម្បី​ទៅ​សិក្សា​អំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ​នៅ​ប្រទេស​វៀតណាម។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​របស់​វិស័យ ITC របស់​វៀតណាម ពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ការពារ​សន្តិ​សុខ។ សម្តេច​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើ​យ៉ាង​ណា​ចែករំលែក​ផ្នែក​បច្ចេកវិទ្យា​និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក​និង​ការ​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាចជួយ​ឲ្យ​កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​បណ្តាញ​ព័ត៌មាន​និង​ទប់ស្កាត់បាន​នូវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា៕