ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ អន ចាន់​ប៉ូ​លីន ចង់​លើក​ពាន​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​នេះ​

កីឡាករ អ៊​ន ចាន់​ប៉ូ​លីន ដែលជា​ខ្សែបម្រើ​កណ្តាល​វ័យក្មេង​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship 2019 មាន​គោលបំណង​ធំ​មួយ​ជាមួយ​ក្លិប​របស់ខ្លួន​នៅ​ឆ្នាំនេះ​គឺ​ចង់​ជួយ​ក្រុម​យកឈ្នះ​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ក្នុង​ឆ្នាំ​២០១៩​នេះ​។

​ប្រធាន​ក្រុម U22 កម្ពុជា រូបនេះ​បាន​លើក​ឡើង​ថា « ខ្ញុំ​មិនទាន់​ពេញចិត្ត​ជាមួយ​ទម្រង់​លេង​របស់ខ្ញុំ​នៅឡើយ​ទេ​ចំពោះ​ការប្រកួតប្រជែង​ក្នុង​ពានរង្វាន់ AFF U22 Championships នាពេល​កន្លងមក ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​កែប្រែ​ចំនុច​ខ្វះខាត​។ ខ្ញុំ​នឹង​យក​បទពិសោធន៍​ដែល​ខ្ញុំ​មាន​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ មក​កែលម្អ​និង​ធ្វើ​ឲ្យ​បានល្អ​ដើម្បី​លេង​ក្នុង​លី​គ​កំពូល​កម្ពុជា​។ ក្រុម​ភ្នំពេញ​ក្រោ​ន​របស់​យើង​មានការ​រៀបចំ​បានល្អ​ដោយសារតែ​ឆ្នាំនេះ​ពួកយើង​មានការ​ប្រកួត​ពានរង្វាន់​មុន​បើក​រដូវ​កាល (pre-season)​។ ដូច្នេះ​ពួកយើង​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​លី​គ​ក្នុងឆ្នាំនេះ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀត​ថា «គោលដៅ​ចម្បង​របស់ខ្ញុំ​នៅ​ឆ្នាំនេះ​គឺ​ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ព្រោះ​ពួក​យើង​ខកខាន​ឈ្នះ​ពានរង្វាន់​នេះ​៣​ឆ្នាំ​មក​ហើយ​។ ដូច្នេះ​នៅ​ឆ្នាំនេះ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុងការ​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​»​។ កីឡាករ អ៊​ន ចាន់​ប៉ូ​លីន រំពឹង​ថា ​ខ្លួន​និង​មិត្ត​រួម​ក្រុម​នឹង​ធ្វើបាន​កាន់តែ​ល្អ​នៅ​រដូវ​កាល​នេះ​។

សូម​រំលឹកថា​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹងធ្វើ​ការប្រកួត​បើក​រដូវ​កាល​ឆ្នាំ​២០១៩ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ​ដោយ​ត្រូវ​ប៉ះ​ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ក្នុង​ទឹកដី​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕