ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ក្រសួងការពារជាតិ ប្តូរ​និមិត្តសញ្ញា​តំណាង​ក្លិប​របស់​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩មកដល់

ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានបង្ហាញ​និមិត្ត​ស​ញ្ញ​តំណាង​ក្លិប (Logo) របស់ខ្លួន​ថ្មី មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​ពោលគឺ​និមិត្តសញ្ញា​ថ្មី​នេះ​មិន​ជាន់គ្នា​នឹង​និមិត្តសញ្ញា​របស់​ក្រសួង​កា​ពារ​ជាតិ ដែល​ធ្លាប់ប្រើ​ប្រាស់​កន្លងមក​។

លោក ខូវ ឆាយ ដែលជា​អគ្គលេខាធិការ​របស់​ក្លិប​ក្រសួងការពារជាតិ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការប្តូរ​នេះ​ថា ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ ក្លិប​ក៏​សម្រេច​ជ្រើសរើស​រចនាបថ​ថ្មី​ដែលមាន​លក្ខណៈ​ទៅនឹង​ក្រសួងការពារជាតិ តែ​មិន​យក​លំនាំ​ទាំងស្រុង​ដូច​មុន​ទេ​។ «​ដោយសារ​ឡូហ្គោ​ចាស់​ជា​របស់​ក្រសួងការពារជាតិ ទាំងមូល ដោយ​យើង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទៅ យើង​សម្រេច​ថា ឡូហ្គោ​ក្លិប​បាល់ទាត់ គ្រាន់តែ​ស្រដៀង តែ​មិន​គួរ​យក​ឡូហ្គោ​ក្រសួងការពារជាតិ​ទាំងមូល​យកមកប្រើ​។ អ៊ីចឹង​យើង​សម្រេច​យក​ឡូហ្គោ​តំណាង​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ដែល​ផ្ទុយ​ពី​ក្រសួង​ដែល​ទូលំទូលាយ​ពេក​»​។

ក្រុម​ក្រសួងការពារជាតិ ជា​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​នៅ​រៀងរាល់ឆ្នាំ​ ខណៈ​អំឡុង​ពេល​ដែល​លី​គ​កំពូល​កម្ពុជា សម្រាក​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ ក្រុម​នេះ​បានឈ្នះ​ជើងឯក​ក្នុង​ពានរង្វាន់​អន្តរជាតិ 2018 China-ASEAN Cities Football Tournament នៅ​ខេត្ត Nanning ប្រទេស​ចិន​។ យ៉ាងណាក្តី​កីឡាករ​បរទេស​ចាស់ៗ​កាលពី​ឆ្នាំមុន​បាន​ចាក​ចេញពី​ក្លិប​អស់ហើយ ស្របពេល​ក្លិប​បាន​បន្ថែម​កម្លាំង​មួយចំនួន​ជំនួស​វិញ​។

​បើ​និយាយ​ពី​បេសកកម្ម​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2018) ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៣ លើក​ហើយ​ធ្លាប់​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​រហូតដល់​៦​លើក​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​គឺ​បានឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះលើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ៣ទល់០ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕