ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ចាប់ខ្លួន​ជន​រកស៊ី​ជួញដូរ​ថ្នាំញៀន​ម្នាក់ រឹបអូស​បាន​ថ្នាំញៀន​១៣​កញ្ចប់

ភ្នំពេញ ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​ចាប់ខ្លួន​បុរស​ម្នាក់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅតាម​ផ្លូវលំ​មួយ ម្តុំ​ភូមិ​បុរី​កម្មករ អ​តី​ត​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ឈ្មោះ ប៊ិច ផា​រ៉ា​ អាយុ​៤៥​ឆ្នាំ​មិន​មាន​មុខរបរ​ពិតប្រាកដ​ក្រៅពី​រកស៊ី​លក់​ថ្នាំញៀន ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​និង​ប៉ុ​ស្តិ៍​ទឹកថ្លា បាន​សហការ​គ្នា​ចុះ​ធ្វើការ​យាមល្បាត​ចល័ត​និង​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ក្រោយមក​នៅ​វេលា​ម៉ោង២០ យប់​ថ្ងៃទី​១៣ ខែមីនា បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​មឺ​អិ​ច្ស ពាក់​ស្លាក ​លេខ​ភ្នំពេញ​1GK-4626 ចូល​មក​ក្នុងភូមិ​បុរី​កម្មករ ត្រង់​តំបន់​សំបូរ​ថ្នាំញៀន ក៏បាន​ឃាត់​ឆែកឆេរ រក​ឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​ធំ ​និង​ តូច ​លាក់​នៅក្នុង​ស្រោមជើង​កូនក្មេង ចងខ្សែ​ដាក់​ក្នុង​ខោ​ទ្រនាប់​របស់​គេ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សួរនាំ​ស្រាវជ្រាវ​បន្ត​។

​ជនជាប់ចោទ​រូប​នេះ ​ពុំបាន​សារភាព​តាម​ត្រង់​ពី​ចំណុច​ទីតាំង​និង​បក្ខពួក​របស់​គេ​ដែល​បាន​ផ្តល់​ថ្នាំញៀន​នេះ​ មក​ឲ្យ​ខ្លួន​យក​មក​ជួញដូរ​លក់​ចែកចាយ​បន្ត​នៅ​ឡើយ​ទេ​។

ប៉ូលិស​បាន​ចោទប្រកាន់​បុរស​ខាង​លើ​នេះ ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ហើយ​បាន​សួរនាំ​ស្រាវជ្រាវ​រក​ប្រភព​ដែល​គេ​យក​មក​លក់​បន្ត​ដើម្បី​តាម​ចាប់ខ្លួន​មេខ្លោង​ធំ​របស់​គេ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕