ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​បុរស​ម្នាក់​ សង្ស័យ​ធ្វើ​ទារុណកម្ម​ លើ​កូនប្រុស​អាយុ​៣​ឆ្នាំ​សន្លប់​រហូតដល់​ស្លាប់ ​និង​កូនស្រី​អាយុ​២​ឆ្នាំ​របួស​ជាំ​ពេញ​ខ្លួន

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​គេ​សង្ស័យ​ធ្វើ​ទារុណកម្ម​លើ​កូនប្រុស​ខ្លួនឯង​អាយុ​៣​ឆ្នាំ ​ដែល​កំពុង​មាន​ជំងឺ​រហូតដល់​សន្លប់​ហើយ​ស្លាប់​ខណៈ​ដឹក​ដល់​មន្ទីរ​គន្ធបុប្ផា​បាន​ជាង​១០​ម៉ោង រីឯ​កូនស្រី​អាយុ​២​ឆ្នាំ​របួស​ជាំ​ពេញ​ខ្លួន។

រឿងរ៉ាវ​ឃាត់ខ្លួន​បុរស​ខាងលើ​នៅ​ធ្វើឡើង​នៅវេលា​ម៉ោង​៩​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​វត្ត​វ៉ារិន​ហៅ​វត្ត​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​ ខណៈ​យក​សព​កូន​ទៅ​បូជា​នៅ​វត្ត​វ៉ារិន ហៅ​វត្ត​ព្រែកលៀប​នោះ ពោល​គឺ​បន្ទាប់ពី​បងប្អូន​ខាង​ម្តាយ​ក្មេង​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ​ណី​រិទ្ធី ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ អតីត​ជា​សន្តិសុខ​ឯកជន​ឈ្មោះ ស្រេង ​សុភ័ក្រ​ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​កូន​ក្មេងប្រុស​រងគ្រោះ ឈ្មោះ រិទ្ធី​រ៉ា​ទី​អាយុ​ទើបតែ​៣​ឆ្នាំ រីឯ​កូនស្រី​រងគ្រោះ​ទី​២​ អាយុ​២​ឆ្នាំ ទាំងអស់គ្នា​រស់នៅ​ផ្ទះ​ជួល សង្កាត់​ពងទឹក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្នាយ​កូវ ឃុំត្នោត ស្រុក​កញ្ជ្រៀច​ ខេត្តព្រៃវែង។

តាម​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ បាន​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង ពី​ក្រុមគ្រួសារ ចោទ​ប្រកាន់​ថា បាន​ប្រើ​ហិង្សា ទៅលើ​កុមារ បណ្តាល​ឲ្យ​កូនប្រុស​របស់​ខ្លួន អាយុ​៣​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រមទាំង​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួន។

ទោះបីជា​យ៉ាងណា នគរបាល​បាន​ឲ្យ​ដឹង​ថា តាម​លិខិត​មរណភាព​របស់​មន្ទី​រ​ពេទ្យ កុមារ​គន្ធបុប្ពា បាន​បញ្ជាក់​ថា​ក្មេងប្រុស​នោះ​ស្លាប់​ដោយសារតែ​ជំងឺ​សួត​ធ្ងន់ធ្ងរ។

មន្ត្រី​នគរបាល​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ឪពុក សាកសួរ និង​បាន​រាយការណ៍ ទៅ​នគរបាល​ជំនាញ​ចុះ​មក​ពិនិត្យ សព​ផងដែរ។

នគរបាល​ខាងលើ​បញ្ជាក់​ថា ការ​ស្លាប់​របស់​ក្មេង​នោះ​ដោយសារតែ​ជំងឺ ហើយ​ការ​ឃាត់​ខ្លួន បុរស​ជា​ឪពុក​ដោយសារតែ​ប្រើ​ហិង្សា​មក​លើ​កុមារ មិនបាន​ពាក់​ព័ន្ធ​ការ​ស្លាប់​នោះទេ​។

តាម​ស្ត្រី​ឈ្មោះ​ស្រេង សុ​ភ័​ក្រ​ត្រូវជា​ម្តាយ​ក្មេង បាន​ឲ្យ​ដឹង​ថា កូនប្រុស របស់​ខ្លួន​បាន​ស្លាប់​បាត់បង់​ជីវី​ត​នៅ​មន្ទីរ​គន្ធរ​បុប្ផា នៅ​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​១៣ ខែ​មិនា បន្ទាប់ពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ម៉ោង​១១​ថ្ងៃត្រង់​។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កូនប្រុស​របស់ខ្លួន បាន​ធ្លាក់ខ្លួន ឈឺ ប្រមាណ​៥​ខែ​មក​ហើយ ចេះតែ​ចុកពោះ និង​ដួលសន្លប់​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ទី​១៣ ខែ​មីនា នេះ​កូនប្រុស​ក៏​បាន​សន្លប់ ហើយ​ខ្លួន ក៏​បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គន្ធ​បុប្ផា​ហើយ ត្រូវ​គ្រូពេទ្យ ឲ្យ​ដឹង​ថា កូន មាន​ជំងឺ​សួត រលាក​បំពង​ក និង​មាន​បញ្ហា​ខួរក្បាល។ នៅពេល​សម្រាក​ពេទ្យ​រហូតដល់​ម៉ោង​១១​យប់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ក៏​បាន​នាំទៅ​បុក​ជា​នៅ​វត្តវ៉ារិន្ទ​ហៅ​វត្ត​ព្រែកលៀប​ ដើម្បី​បូជា ដោយសារ​តែ​បងប្អូន មានការ​សង្ស័យ​ថា ប្តី​របស់​ខ្លួន វាយ​ស្លាប់ និង​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង​ផង​ក៏​​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​ប្តី​នាង​តែម្តង។

តាម​បងប្អូន ខាង​ម្តាយ ក្មេង​បាន​ឲ្យ​ដឹង​ថា កន្លងមក បុរស​ដែល​ជា​ឪពុក តែងតែ​វាយ​ធ្វើបាប​កូន​របស់​ខ្លួន រហូត​ជាំ​ពេញ​ខ្លួន និង​ធ្លាក់ខ្លួន ឈឺ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បណ្តាល​ឲ្យ​ស្លាប់ មិន​ថា តែ​កូនប្រុស​បង​នោះទេ សូម្បីតែ​កូនស្រី​តូច​អាយុ​២​ឆ្នាំ ក៏​បាន​ប្រើ​ហិ​ង្សា​វាយ​រហូតដល់​ជាំ​ស្នាម​ម្រាម​ទាំង​៥​ផង​ដែរ។ ដោយមាន​ការសង្ស័យ​ឪពុក​ក្មេង ជា​អ្នក​វាយ​សម្លាប់​ក៏​បាន​ប្តឹង​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌​។ បន្ទាប់ពី​ឃាត់ខ្លួន​បុរស​ជា​ឪពុក សាកសួរ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខណ្ឌដង្កោ​វិញ​ ដើម្បី​កសាង​សំ​រឿង​ចាត់ការ​តាមច្បាប់​ព្រោះ​ករណី​កើតឡើង​នៅ​ខណ្ឌដង្កោ។

បើ​ទោះ​បី​យ៉ាងណាក៏ដោយ​ម្តាយកូន​ក្មេង​រង​គ្រោះ មិន​ចង់​ប្តឹង​ឲ្យ​គេ​ចាប់​ប្តី​របស់​ខ្លួន​នោះ​ទេ ព្រោះ​នៅ​មាន​កូនតូច​មួយទៀត​ដែល​ត្រូវ​ចិញ្ចឹម ហើយក៏​សំណូមពរ​ឲ្យ​អង្គ​ការ​ជួយ​ស្ត្រី​មាន​វិបត្តិ​ឬ​កុមារ​សូម​ជួយ​នាង​ផង៕