ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ក្រើន​រំឭក​ឱ្យ​មន្ត្រី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជារាស្ត្រ និង​ប្រកាន់ខ្ជាប់​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេ​ជោ

កំពង់ធំ ៖ នៅ​សាលាខេត្ត​កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ពុធ ៨​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ប្រមាណ ១១០​នាក់​។

ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​សាមគ្គីភាព​រវាង​មន្ត្រី និង​ថ្នាក់ដឹកនាំ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុងនាម​ជាម​ហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សំដៅ​បង្កើន​ផលិតភាព​ការងារ​ជូន​ជាតិ​មាតុភូមិ​។

ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អង្គពិធី​ពី​សមិទ្ធផល​នានា ដែល​កើតចេញពី​ផែនការ ១០០​ថ្ងៃ ដែល​ក្នុង​នោះ រួមមាន ការ​ដាក់​ដំណើរការ​សាលាបង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ យុទ្ធនាការ​ជិះ​កង់​ពិនិត្យ​មើលផ្លូវ​ខូច និង​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)​ជាដើម​។

លើស​ពី​នោះ​ទៀត លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​អង្គពិធី​ពី​គម្រោង​កំពុង​អនុវត្ត និង​គម្រោង​ដែល​នឹងត្រូវ​អនុវត្ត លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំខាន់ៗ​មួយចំនួន ដើម្បី​លើកកម្ពស់​គុណភាព និង​ពង្រីក​ផ្លូវ​ពី​២​គន្លង ទៅ​៤​គន្លង និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​សាងសង់​ស្ពាន​មួយចំនួន ដោយហេតុថា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​ផងដែរ​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ក្រើនរំឭក​ឲ្យ​មន្ត្រី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ប្រជារាស្ត្រ​ឱ្យបាន​ទ្វេដង ព្រមទាំង​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​មន្ត្រី​គ្រប់រូប​ប្រកាន់ខ្ជាប់ នូវ​អភិក្រម​ទាំង​៥ និង​អនុសាសន៍ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និង​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​មន្ត្រី​ទាំងអស់​រួបរួមសាមគ្គី​សហការគ្នា​ថែមទៀត ក្នុង​ការបម្រើ​ប្រជារាស្ត្រ​ឱ្យបាន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត ស្របតាម​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ធ្វើ​ឲ្យ​បាន​លឿន ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​។

សូម​បញ្ជាក់​ថា នា​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​ក៏​បានផ្ដល់​កិត្តិយស​ចែក​គ្រឿង​ឥស្សរិយយស​ថ្នាក់ធិបតិន្ទ ថ្នាក់​សេនា និង​ថ្នាក់​អស្ស​រិ​ទ្ធិ ជូន​មន្ត្រី​ឆ្នើម​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ ព្រមទាំង​ផ្តល់​ជូន​ថវិកា​ក្នុង​ម្នាក់ៗ ចំនួន ៥​ម៉ឺន​រៀល​ផងដែរ៕