ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បង្កើត​អង្គភាព​អ្នកនាំពាក្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​

​ ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បង្កើត​អង្គភាព​អ្នកនាំពាក្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ជា​ផ្លូវការ​ហើយ ដើម្បី​សម្របសម្រួល​ធានា​ឲ្យ​មាន​ឯកភាព ប្រសិទ្ធភាព សណ្តាប់ធ្នាប់​ក្នុងការ​ផ្តល់ និង​ផ្សាយ​ព័ត៌មាន ដែល​ពាក់ព័ន្ធ​ជាមួយ​រាជរដ្ឋាភិបាល នេះ​បើតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩​។​
​តាម​សេចក្តីសម្រេច​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ មាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​លើ​កិច្ចការ​នាំពាក្យ​រាជរដ្ឋាភិបាល ជា​ប្រធាន​, អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន​ប្រចាំការ​, អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ជា​អនុប្រធាន​, អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជា​អនុប្រធាន​, អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​២៥​រូប​ផ្សេងទៀត​។​



តាម​សេចក្តីសម្រេច​នោះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មាន​ភារកិច្ច​សម្របសម្រួល​ធានា​ឲ្យ​មាន​ឯកភាព​ប្រសិទ្ធភាព​សម្រាប់​ផ្នត់​ក្នុងការ​ផ្តល់ និង​ការផ្សាយ​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល​, ដឹកនាំ​គ្រប់គ្រង និង​ធ្វើ​និយ័តកម្ម​លើ​ការផ្សព្វផ្សាយ​រាល់​ព័ត៌មាន​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​, សម្របសម្រួល​ជាមួយ​បណ្ដាញសារព័ត៌មាន​សាធារណៈ​ជាតិ និង​អន្តរជាតិ និង​ធានា​លំហូរ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ធានា​ការពារ​ផលប្រយោជន៍​ជាតិ ជា​អាទិភាព​, ប្រមូល​តាមដាន​អង្កេត និង​វិភាគ​នូវ​រាល់​ព័ត៌មាន និង​ព្រឹត្តិការណ៍​នានា ដែល​បាន​កើតឡើង ដើម្បី​បំភ្លឺ និង​ពន្យល់ បញ្ចៀស​ការផ្សព្វផ្សាយ​នូវ​រាល់​ព័ត៌មាន​មិន​ពិត ដែលមាន​ចរិត​ញុះញង់ នាំ​ឲ្យ​ខូច​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​, ពន្យល់ និង​ផ្សព្វផ្សាយ​អំពី​ប្រសិទ្ធភាព នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ទៅកាន់​បណ្ដាញសារព័ត៌មាន ក៏ដូចជា​សាធារណជន ដើម្បី​ជៀសវាង​ការបកស្រាយ​ខុស​ជាហេតុ នាំ​ឲ្យ​មានការ​វាយតម្លៃ​អវិជ្ជមាន​លើ​រាជរដ្ឋាភិបាល​, រៀបចំ​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព​ជំនាញ​ដល់​សមាជិក​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​គ្រប់គ្រង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​អោយមាន​ប្រសិទ្ធភាព​, បំពេញភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ជូន​រប​ស់រាជ​រដ្ឋាភិបាល ហើយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ មាន​ទីតាំងនៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ដោយឡែក​សេចក្តីសម្រេច​ទាំងឡាយណា​ដែល​ផ្ទុយ​និងសេចក្តីសម្រេច​នេះ​ត្រូវ​ចាត់ទុកជា​និរាករណ៍​។​

ទាក់ទង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន បាន​អះអាងថា ការសំរេច​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជា​បំណង​ដ៏​ស្មោះស្ម័គ្រ​នៃ​ឆន្ទៈ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​កិច្ចពង្រឹង​បន្ត​នូវ​ការចូលរួម​កសាង​ប្រទេសជាតិ នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពហុ​មតិ និង​អធិបតេយ្យ​ជាតិ របស់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​។ លោក​បញ្ជាក់ថា នៅក្នុង​គោលការណ៍​នេះ នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ព័ត៌មាន​មួយចំនួន ដែលជា​ការលើកឡើង​ពី​មហាជន រួមទាំង​អ្នក​ថ្វី​ម៉ាត់​មួយចំនួន ក៏ត្រូវ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាបន្ទាន់​ផងដែរ​។​

តាម​លោក ផៃ ស៊ី​ផាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​កើតចេញពី​ជម្រើស និង​ការទុកចិត្ត​របស់​មហា​ជន ដែល​សម្តេច មាន​ឥរិយាបថ​ស្វែងយល់ និង​ស្តាប់​រាល់​មតិ​ពី​មហាជន អាស្រ័យ​ហេតុដូចនេះ អ្វី​ដែលជា​ព័ត៌មាន មិន​ត្រឹមតែ​ជា​ជ្រុង​មួយ​ពី​រាជរដ្ឋាភិបាល​នោះទេ ក៏ប៉ុន្តែ​ពី​សាធារណជន ក៏ដូចជា​អ្នក​តាំងខ្លួន​ជា​អ្នក​អត្ថាធិប្បាយ​សង្គម​ផងដែរ​។ ក្រុម​ទាំងនោះ ត្រូវតែ​ជា​អ្នក​សុច្ចរិត ទទួលខុសត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​គុណធម៌ និង​សីលធម៌ ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី ក្នុង​កិច្ចពង្រឹង​រួមគ្នា​កសាង​ជាតិ​។​
​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មាន​ទិសដៅ​សម្រាប់​សាធារណជន ក្នុង​កិច្ចពង្រឹង​ថែរក្សា​វប្បធម៌​ឆ្លើយឆ្លង (2 ways communication) និង​វប្បធម៌​សន្ទនា ដែលជា​ទស្សនៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួមគ្នា​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​កិច្ចសហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ​។ ជាមួយនេះ​ផងដែរ វេទិកាសាធារណៈ សន្និសីទ​សារព័ត៌មាន ក្នុង​រូបភាព​របាយការណ៍ ឬ​កម្រង​ទស្សនៈ​នៃ​ការយល់ដឹង​ពី​បណ្ឌិត អ្នកជំនាញ ក៏ដូចជា​អ្នក​អត្ថាធិប្បាយ​សង្គម​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ជាតិ​។ កិច្ចការ​ទាំងអស់នេះ ក៏​ត្រូវបាន​លើកតម្កើង​យ៉ាង​ទូលំទូលាយ ដែលជា​ប្រយោជន៍​សាធារណជន​ក្នុង​កិច្ច​រួមគ្នា​កសាង​ការពារ​ជាតិខ្មែរ​តែមួយ​៕