ព័ត៍មានទាន់​ហេតុការណ៏
Search

លំហាត់​សម​យុទ្ធ “​នាគ​មាស​ឆ្នាំ​២០១៩” មិនមែន​ដើម្បី​គំរាមកំហែង​អ្នកណា​ទេ តែ​ជា​ការ​បង្ហាញ​នូវ​ការចូលរួម​ថែរក្សា​សន្តិសុខ​ក្នុង​តំបន់

កំពត​ ៖ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាងថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ មិនមែន​ជាការ​គំរាម​កំហែង​ដល់​អ្នកណា​ទាំងអស់ ប៉ុន្តែ​ផ្ទុយទៅវិញ សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​តែប៉ុណ្ណោះ ជាពិសេស​បទពិសោធន៍ ប្រយុទ្ធប្រឆាំង អំពើ​ភេរវកម្ម ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​ជាដើម។

នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ ថ្លែង​បែបនេះ ខណៈ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​បើក​ជា​ផ្លូវការ លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី របស់​កងពល​តូច​លេខ​៧០ នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថ្លែង​បែបនេះ​ថា “​លំ​ហាត់​ហ្វឹកហ្វឺន មិន​មានការ​គំរាម​កំហែង អ្នកណា​ទាំងអស់​។ ផ្ទុយទៅវិញ សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​តែប៉ុណ្ណោះ ជាពិសេស​បទពិសោធន៍ ប្រយុទ្ធ ប្រឆាំង​អំពើ​ភេរវកម្ម ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។ លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ផ្តោត​សំខាន់​លើ​ប្រធានបទ​កិច្ចការ​មនុស្សធម៌ និង​ការប្រឆាំង​ភេរវកម្ម ដែលជា​ឱកាស​សម្រាប់​កងទ័ព​ប្រទេស​ទាំង​២ ត្រូវ​សិក្សា​រៀនសូត្រ​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញភារកិច្ច​ការពារ​ប្រទេសជាតិ កាន់​តែ​មាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​ថែមទៀត។ មិនតែប៉ុណ្ណោះ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ គឺជា​ការចូលរួមចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា ជាពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​”​។​

តាម​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ បច្ចុប្បន្ននេះ ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈានដល់​ចំណុចកំពូល និង​ល្អ​ជាង​ពេលណាៗ​ទាំងអស់ ដែល​មិត្ត​ភាពជា​ដែកថែប​នេះ​បានកើត​ឡើង ក្នុងដំណាក់កាល​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ហើយ​កម្ពុជា​-​ចិន នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​នេះ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។ នាយ​ឧត្ដមសេនីយ៍​បញ្ជាក់ថា កងទ័ព​កម្ពុជា​-​ចិន បានធ្វើ​លំ​ហាត់​នាគ​មាស នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​២​លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨ ហើយ​ភាគី​ទាំងពីរ​បាន​ឯកភាព​ធ្វើ​បង្កើតឱ្យមាន​លំ​ហាត់​ហ្វឹកហ្វឺន​នេះ រៀងរាល់​១​ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា​។ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ ត្រូវបាន​គេ​មើលឃើញថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​កម្លាំង​ទ័ព និង​សព្វាវុធ​ចូលរួម​ច្រើនជាង​មុន​ផងដែរ​។​

សូមបញ្ជាក់ថា ពិធី​បើក​លំ​ហាត់ “​នាគ​មាស​ឆ្នាំ​២០១៩” ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​ពិធី​បិទ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេរវកម្ម ការរក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ ក្នុង​មួយឆ្នាំ​ម្តងៗ និង​គ្រប់​ប្រភេទ​ទ័ព ស្របតាម​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។ លំ​ហាត់​នេះ ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​អនុវត្ត​​នយោបាយ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ចិន​) លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ។

លំ​ហាត់​ហ្វឹកហ្វឺន​នេះ មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុងនោះ​មាន​៖ កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់​, កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់​, កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ ចំនួន​១,៦៨៥​នាក់​។ ក្នុង​លំ​ហាត់​នាគ​មាស​នេះ មានការ​ហ្វឹកហាត់​ក្នុង​ទីបញ្ជាការ និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូចជា​ការប្រឆាំង​ភេរវកម្ម​, ការរំដោះ​ចំណាប់ខ្មាំង​, ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​, ការ​បំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​។ អាវុធ​យុទ្ធភណ្ឌ សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន​ដូចជា រថពាសដែក​, រថក្រោះ​, កាំភ្លើង​ធំ​, កាំភ្លើងត្បាល់​, ឧទ្ធម្ភាគចក្រ​, អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​។​

លោក​ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង (Feng Xia ng) នាយរង​សេនាធិការ​កងទ័ពជើងគោក​តំបន់​យោធភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​លំ​ហាត់ “​នាគ​មាស​ឆ្នាំ​២០១៩” នោះបាន​ថ្លែងថា ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន កំពុងតែ​ឈានចូល​ដំណាក់កាល​ថ្មី​ហើយ នឹង​រួមគ្នា​ចាប់យក​កាលានុវត្តភាព នេះ​ពង្រីក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដោយ​ភាពស្មោះត្រង់ រួមចំណែកគ្នា​ដើម្បី​អភិវឌ្ឍន៍ ប្រទេសជាតិ​ទាំងពីរ​កាន់តែ​ប្រសើរ​ក្លាំងក្លា​បន្ថែមទៀត​។ លោកបាន​បញ្ជាក់ថា “​យើងខ្ញុំ​ស្ម័គ្រចិត្ត​រួមគ្នា​ដើរ​ជាមួយ​ភាគី​កម្ពុជា​ជំរុញ​លំ​ហាត់​សម យុទ្ធ​នាគ​មាស​នេះ​ឲ្យ​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​ស្រទាប់​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្ពស់​ជំរុញ​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់​”​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង បាន​ប្ដេជ្ញា​ធ្វើ​ឲ្យ​លំ​ហាត់​នាគ​មាស​ក្លាយជា​ស្ពាន​ត​ភ្ជាប់​ចំណងមិត្តភាព​នៃ​កងទ័ព​ទាំងពីរ​ជំរុញ​ស្មារតី ប្រយុទ្ធ​ដោយ​អង់អាច អត់ធន់ និង​ការហ្វឹកហ្វឺន​រួមគ្នា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ក្នុងនាម​ជា​យោធិន​ទាំងពីរ ដើម្បី​ជំរុញ​មិត្តភាព​នេះ ឲ្យ​កាន់តែ​រឹងមាំ​រីកចម្រើន​ឆ្ពោះទៅមុខ​ជានិច្ច​ហើយ​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ ហើយនឹង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ខាងមុខ​ដោយមាន​ចម្រុះ​ប្រភេទ​ទ័ព​ការហ្វឹកហាត់​ឲ្យ​កាន់តែ​ខិតចូល​ការប្រយុទ្ធ​ពិត​។​

ចំណែក​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មាន​ប្រសា​ស​ន៍​ថា សមយុទ្ធ​នាគ​មាស​លើក​ទី​៣ ដែល​កងយោធពល​ខេមរភូមិន្ទ ដើរតួនាទី​ជា​ស្នូល​ក្នុង ការចូលរួម​ធ្វើ​លំ​ហាត់ និង​សមយុទ្ធ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​ហើយ គោលបំណង​ខ្លឹមសារ​នៃ​សមយុទ្ធ​នាគ​មាស​នីមួយៗ ដែល​កម្ពុជា​បានធ្វើ​ឡើ​ជា​លក្ខណៈ​ទ្វេភាគី ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង និង​ផ្សារភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ និង​កិច្ចសហប្រតិបត្តិការ​លើក​ស្ទួយ​ទំនាក់ទំនង​ល្អ បង្កើត​ចំណង​សាមគ្គី សម្ព័ន្ធ មេត្រី បណ្ដុះបណ្ដាល​ចំណេះដឹង ផ្លាស់ប្ដូរ​បទពិសោធន៍ អភិវឌ្ឍន៍​ធនធាន​កងទ័ព ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី ឲ្យ​យោធិន​គ្រប់រូប​ចេះ​សម្របសម្រួល​ចេះ​រស់នៅ និង​ចេះ​ធ្វើ​ការងារ​រួមជាមួយ​ជាតិ​សាសន៍​ជាច្រើន​ក្នុង​ពេលធ្វើ​ប្រតិបត្តិការ​រួមគ្នា​ក៏ដូចជា​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម​នានា ដែល​មិនមែនជា​ប្រពៃណី។

ជាមួយគ្នា​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ផ្ដាំផ្ញើ​ដល់​យោធិន​នៃ​កងទ័ព​ទាំងពីរ​ប្រទេស​ក៏ដូចជា​យោធិន​ដែលមាន​ការពាក់ព័ន្ធ​ថា យោធិន​គ្រប់រូប នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​រួមសហការ​យ៉ាង ស្អិតល្មួត ចូលរួម​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ នូវ​អនុសាសន៍ ផ្ដាំផ្ញើ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​២០ នៃ​ការបង្កើត​កងទ័ពជើងគោក កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លងមកនេះ ,​ត្រូវតែ​យកចិត្តទុកដាក់​រៀនសូត្រ និង​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បង្កើន​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ត្រូវ​ដើរតួនាទី​ឈានមុខ​ក្នុង​ការបង្ក​ឲ្យ​មាន​ភាព ស្និទ្ធស្នាល បង្កើតឡើង​នូវ​បរិ​កាស​រីករាយ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ភាគី​មិត្ត​បាន​យល់ និង​ជ្រួតជ្រាប កាន់តែ​ជ្រៅ​ថែមទៀត​អំពី​តម្លៃ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់​ជាតិ​កម្ពុជា៕