ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​កា​ហ្សា​ស្ថាន​ប្រចាំ​កម្ពុជា​ថា​នឹង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ទេសចរណ៍​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត

ភ្នំពេញ​ ៖ ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នាទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ថា​នឹង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ទេសចរណ៍​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។

​នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យដឹង នៅក្រោយ​ជំនួប​សវនាការ​រវាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក Bekerzhan Zhumakhanov ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ប្រចាំ​កម្ពុជា ព្រឹក​ថ្ងៃទី​១៤ ខែមីនា​នេះ នៅ​វិមាន​រដ្ឋសភា​។

​អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្នុងជំនួប​នោះ លោក Bekerzhan Zhumakhanov បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ផងដែរ ដោយបាន​ឃើញ​ភាព​រីកចម្រើន នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា និង​សភា​នៃ​ប្រទេស​ទាំងពីរ ទាំង​ក្នុង​វេទិកា​អន្តរ​សភា​អន្តរជាតិ​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក​។ ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ទូត​ក៏បាន​នាំយក​សារលិខិត​អញ្ជើញ​របស់​ប្រធានសភា​កា​ហ្សា​ក់​ស្ថាន ជូន​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ដើម្បី​សុំ​អញ្ជើញសម្តេច​ឲ្យទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល (​អឺ​រ៉ាស៊ី​) និង​កិច្ចប្រជុំ​ថ្នាក់​ប្រធានសភា​អឺរ៉ុប​អាស៊ី​លើក​ទី​៤ នៅ​កា​ហ្សា​ក់​ស្ថាន​នាពេលខាងមុខ​ផងដែរ​។ ជាមួយនេះ​លោក​ទូត​បាន​ប្តេជ្ញាចិត្ត​ថា ក្នុងនាម​លោក​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ផងដែរ​។​

សម្តេច​ប្រធាន​ក៏បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អរគុណ​ចំពោះ​លោក​ទូត ដែល​បាន​អញ្ជើញ​មក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ សម្តេច​បាន​លើកឡើងថា កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​មាន​ទំនាក់ទំនង​កា​ទូត​ជាមួយគ្នា​អស់​ជាង ៦ ទសវត្សរ៍​មកហើយ​។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ​ត្រូវបាន​បន្ត​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់​។ បេសកម្ម​កា​ទូត​របស់លោក​នៅ​កម្ពុជា ពិត​មាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុង​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​កា​ហ្សា​ក់​ស្ថាន​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​កា​ហ្សា​ក់​ស្ថាន ហើយ​សម្តេច​ចង់ឃើញ​នូវ​ការអភិវឌ្ឍ​ថ្មីៗ​ទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ សម្តេច​ក៏បាន​ស្នើ​លោក​ទូត​កា​ហ្សា​ក់​ស្ថាន​ប្រចាំ​កម្ពុជា ឲ្យ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​។

​ ​ទាក់ទង​នឹង​ការអញ្ជើញ​របស់​ប្រធានសភា​កា​ហ្សា​ក់​ស្ថាន​សម្តេច​ប្រធាន​បាន​ឯកភាព​តាម​ការអញ្ជើញ​នេះ ដែលមាន​ការគាំទ្រ​ពី​ប្រធានសភា​ឌូ​ម៉ា​រុស្សី និង​ប្រធានសភា​កូរ៉េ ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​-​អាស៊ី (​អឺ​រ៉ាស៊ី​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នាពេលខាងមុខ​៕