ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ផ្ទះ​ចាស់​ចោល ​ត្រូវ​ជញ្ជាំង​ថ្ម​បាក់​សង្កត់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ភ្នំពេញ ​៖​ កម្មករ​សំណង់​ម្នាក់ ​ត្រូវ​បាន​ជញ្ជាំង​ថ្ម បន្ទប់​ទឹកបាក់​សង្កត់​បែក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ខណៈ ដែល​មេជាង​ប្រើ​អោយ​វាយ​ជញ្ជាំង​ថ្ម​បន្ទប់ទឹក​និង​ជញ្ជាំង​ផ្ទះ​ចាស់​ចោល​ដើម្បី​សង់​ថ្មី។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​(​ខ​២)​ សង្កាត់​ច្រាំង​ចំ​រេះ​ទី​២ ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​មានឈ្មោះ ធឿន ថុ​ន ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ និង​កូនស្រី​២​នាក់ ​ស្នាក់​នៅផ្ទះ​លេខ​១០៦៦ ភូមិ​(​ខ​១)​សង្កាត់​ច្រាំង​ចំ​រិះ​២ ខណ្ឌ​ឫស្សីកែវ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​កម្មករ​ដូចគ្នា​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មេជាង​បាន​ប្រើ​ឲ្យ​គាត់​និង​ជនរងគ្រោះ​វាយ​ជញ្ជាំង​ថ្ម បន្ទប់ទឹក​និង​ផ្ទះ​ចាស់ ចោល​ដើម្បី​សង់ផ្ទះ​ថ្មី ដោយ​វាយ​ម្ដងម្នាក់ៗ លុះដល់​វេន​ជនរងគ្រោះ​វាយ ជើង​ជញ្ជាំង​ខាងក្រោម ​ហើយ​មិនបាន​ប្រុង​ប្រយ័ត្ន​​ ​ក៏​ស្រាប់តែ​បាក់​ផ្ទាំង​ថ្ម​សង្កត់​ផ្ទប់​នឹង​ជញ្ជាំង​ថ្ម ម្ខាង​ទៀត​បណ្ដាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាមៗ​នៅ​​កន្លែង​គួរអោយ​សង្វេគ ។

ប្រពន្ធ​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ បុរស​ជា​កម្មករ​បាន​រត់​ទៅ​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​នាំគ្នា​មកជួយ​គាស់​យក​ជនរងគ្រោះ​ចេញពី​ក្រោម​ផ្ទាំង​ថ្ម បំណង​យក​ទៅ​ពេទ្យ តែ​អកុសល ​បុរសរងគ្រោះ​ត្រូវបាន​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ។ ប្រភព​ដដែល​បាន​បន្តថា ភ្លាមៗ​នោះ​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​និង​ប្រជាពលរដ្ឋ​ជួយ​ដឹក​យកមក​ផ្ទះ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ក្រោយមក​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចុះមក​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​នៅផ្ទះ​ជនរងគ្រោះ។ ដោយឡែក​មេជាង​និង​កម្មករ​ម្នាក់ទៀត​ ក្រោយ​កើតហេតុ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ច្រាំង​ចំ​រេះ​២​នាំខ្លួន​ទៅធ្វើ​ការសាកសួរ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រួច​អោយ​ត្រឡប់ទៅផ្ទះ​វិញ៕ ​