ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ឫស្សីកែវ​ បញ្ជា​ឱ្យ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ​ងិន​អាន ​ដែល​ល្បី​ថា​ម្ចាស់​ផ្សារ​យកតែ​លុយ​បណ្តោយឱ្យ​អាជីវករ​លក់ដូរ​រញ៉េរញ៉ៃ

ភ្នំពេញ ៖ ដោយ​អនុវត្តតាម​ការណែនាំរប​ស់លោក ជា សី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ​និង​លោក​ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ​បាន​ដឹកនាំ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សង្កាត់​ទួល​សង្កែ​ទី​១ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ចំណុច​ផ្សារ​ងិន​អាន ស្ថិតនៅ​ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ ដែល​ផ្សារ​មួយ​នេះ​ល្បី​ថា​ម្ចាស់​យកតែ​លុយ​បណ្តោយ​មានការ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​ ហៀរ​ដល់​ផ្លូវ ហើយ​ម្ចាស់​ផ្សារ​មិន​យកចិត្តទុកដាក់ ។

ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក។ ជាមួយគ្នា​នោះ ​អាជ្ញាធរ​បាន​ណែនាំ​អោយ​អាជីវករ​ដែល​តាំង​លក់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ថយ​អោយ​ផុត​១​ភាគ​៣​ពី​​ចិញ្ចើម​ផ្លូវ និង​លក់​ទៅតាម​គំនូស​ក្រហម​ដែល​បាន​បាញ់​កំណត់ទុក​នា​ពេល​កន្លងមក​ និង​ណែនាំ​ម្ចាស់​យានយន្ត​មិនអោយ​ចត​នៅលើ​ទ្រូងផ្លូវ​ឡើយ ហើយ​បាន​រៀប​ឥដ្ឋ​កំណត់​ព្រំ​១​ភាគ​៣​សាជាថ្មី​ដើម្បី​ទុក​សម្រាប់​អ្នក​ថ្មើរ​ជើង​ជៀសវាង​ខ្លាច​រលប់។

សូមបញ្ជាក់ថា នៅ​ទីតាំង​ផ្សារ​ខាងលើ​ជារឿយៗ​រដ្ឋបាល​ខណ្ឌ​និង​ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ ចុះ​រៀបចំ សណ្តាប់ធ្នាប់​នៅ​ទីនោះ​ជាញឹក​ញាប់​ ហើយ​តែ​អាជីវករ​មួយចំនួន​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ ជាពិសេស​ម្ចាស់​វិនិយោគ​ផ្សារ​នេះ​តែម្តង។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ ​យើង​សង្កេតឃើញ​អាជីវករ​មុខ​ដដែលៗ​ដាក់​តាំង​លក់​រំលោភ​គំនូស​ដែល​បាន​កំណត់ទុក​និង​ឆ្លង​ចូល​ចិញ្ចើម​ផ្លូវ​ដដែល ដោយឡែក ម្ចាស់​យានយន្ត​មួយ​ចំនួនធំ ក៏​មិន​ខុស​ពី​អាជីវករ​លក់ដូរ​ដែរ នៅតែ​មាន​ការ​ចត​គ្មាន​សណ្ដាប់ធ្នាប់​លើ​​ចិញ្ចើម​ផ្លូវ​ដដែល។ ហេតុនេះ​ក្រុមការងារ​បានសម្រេច​ដក​ហូត​ម៉ូតូ​ល្មើស​ចំនួន​៥​គ្រឿង ​និង​សម្ភារៈ​ម្ហូប​ បន្លែ មួយ​ចំនួន​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ជា​បណ្ដោះអាសន្ន​សិន​រង់ចាំ​អោយ​ពួកគាត់​មក​ធ្វើ​កិច្ចសន្យា​ជាមួយ​រដ្ឋបាល​ខណ្ឌ​ ទើប​ផ្តល់​សម្ភារៈ​ទាំងនោះ​ជូន​គាត់​វិញ៕