ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​៖ ​កងកម្លាំង​ការពារ​ព្រំដែន ត្រូវ​ធ្វើ​យ៉ាងណា​បន្ត​ពង្រឹង និង​សហប្រតិបត្តិការ ជាមួយ​ប្រទេសជិតខាង អោយ​បាន​ល្អប្រសើរ

ប៉ៃលិន​ ៖ មានប្រសាសន៍​លើកឡើង​នៅក្នុង ពិធី​បិទ​សន្និបាត​បូកសរុប​សភាពការណ៍ លទ្ធផល​ប្រតិបត្តិការ​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ ២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន នា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​ទាំងអស់ ពិសេស​នគរបាល​ការពារ​ព្រំដែន ត្រូវធ្វើ​យ៉ាងណា​បន្ត​ពង្រឹង និង​សហប្រតិបត្តិការ ជាមួយ​ប្រទេសជិតខាង អោយបាន​ល្អប្រសើរ​បន្ថែ​ម​ទៀត​។

ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​គណៈប្រតិភូ​អគ្គស្នងការ​នគរបាល​ជាតិ មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​កងកម្លាំង​ក្រោម​ឱវាទ​ស្នងការ​នគរបាល​ខេត្ត យ៉ាងច្រើន​កុះករ។

បើតាម​របាយការណ៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ ៖ នៅ​ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន ៧២​លើក លើ ៧១​លើក បើ​ប្រៀបធៀប​នឹង​រយៈពេល ១​ឆ្នាំ មានការ​កើនឡើង​ចំនួន ១​លើក ស្មើនឹង ១% ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ មានការ​ថយចុះ ៤៣% និង​បទល្មើស​ម​ជ្ឈិម​មានការ​កើនឡើង ១២% ផងដែរ​។​

ក្នុងឱកាស​នោះដែរ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ក្រើនរំលឹក និង​សំណូមពរ ដល់ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បម្រើ​រាស្ត្រ ដោយ​ឆន្ទៈ និង​ទទួល​ខុសត្រូវ​ខ្ពស់ មិនត្រូវ​ធ្វើទុក្ខបុកម្នេញ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​ត្រូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោលការណ៍​ច្បាប់​ច្បាស់លាស់ ជាពិសេស​ប៉ូលិស​ចរាចរណ៍ រាល់​ការ​ផាកពិន័យ​តាម​ដងផ្លូវ ត្រូវមាន​ក្រមសីលធម៌ សុភាពរាបសារ និង​ត្រូវ​អនុវត្តន៍​ច្បាប់​ត្រឹមត្រូវ មិន​ប្រកាន់​បក្សពួក វណ្ណៈ និង​ឋានៈ​អ្វី​នោះឡើយ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​នេះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នង​ការរង​នគរបាល​ជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍​លើកឡើងថា​ ៖​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ កងកម្លាំង​នគរបាលជាតិ នៅតែ​រក្សាបាន ស្ថានភាព​សន្តិសុខ​ជាតិ មាន​លក្ខណៈ​ល្អប្រសើរ​ខណៈដែល​ស្ថានការណ៍​ក្នុង​តំបន់​មួយចំនួន ក៏ដូចជា​នៅលើ​ពិភពលោក បាន​និង​កំពុង​ប្រឈម​បញ្ហា​សន្តិសុខ និង​បញ្ហា​មួយចំនួន​ជាច្រើន​ទៀត ជាក់ស្តែង​ប្រទេស​កម្ពុជា បាន​បញ្ចៀស នូវ​អំពើ​ភេរវកម្ម ស្របពេល ដែល​ភេរវកម្ម​លើ​ពិភពលោក​កើនឡើង ៧៣​លើក លើ​៥៤​ប្រទេស​។ ជាមួយគ្នានេះ​លោកនាយ​អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​ជំរុញ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការងារ​សន្តិសុខ​ធ្វើយ៉ាងណា​បង្កើន​ប្រមូល​វិភាគ​ព័ត៌មាន​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧបាយកល​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ការពារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​បច្ចេកវិទ្យា​និង​ព័ត៌មាន​បំពុលសង្គម ព្រមទាំង​បង្កើន​ការបង្ក្រាប​ចំណីអាហារ និង​ឱសថ​ខូចគុណភាព ដែល​ប៉ះពាល់ ដល់​សុខភាព របស់​ប្រជាពលរដ្ឋ ,​បន្ត​ពង្រឹង និង​សហប្រតិបត្តិការ ជាមួយ​កម្លាំង​ការពារ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង អោយបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ ចេញ​-​ចូល​ឆ្លងកាត់​ច្រកព្រំដែន និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ព្រមទាំង​ត្រៀម​អន្តរាគមន៍ ចុះ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះធម្មជាតិ​ផ្សេងៗ​ជាប្រចាំ។ ចំណែក​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវធ្វើ​ប្រអប់​សំបុត្រ​ថ្មី​បន្ថែមទៀត និង​ផ្តល់នូវ​លេខ​ទូរស័ព្ទ​ដើម្បី ងាយស្រួល ឲ្យ​ប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន​ផ្សេងៗ​មក​សមត្ថកិច្ច យើង​ទាន់ពេលវេលា​ផងដែរ៕