ព័ត៍មានទាន់​ហេតុការណ៏
Search

កាលពី​យប់មិញ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ទទួល​ទាន​អាហារ​រួមគ្នា​ ជា​លក្ខណៈ​គ្រួសារ​

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ភរិយា នា​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ បានទទួល​ទាន​អាហារ​រួមគ្នា ជា​លក្ខណៈ​គ្រួសារ ប្រកបដោយ​ភាព​ស្និទ្ធស្នាល​បំផុត​ នៅ​សណ្ឋាគារ​ដឺ​ហ្គ្រេ​ដ​យូ​ក (The Great Duke)។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ង​អំឡុងពេល​ទស្សនកិច្ច​នេះ លោក មូ​ន ចេ​អ៊ី​ន នឹង​ចូល​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រសួងការបរទេស​បាន​បញ្ជាក់ទៀតថា​ ៖ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត ហើយក៏​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ​ដែល​ជា​កង្វល់ និង​ផល​ប្រយោជន៍​រួម​។

ក្រោយ​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា របស់លោក​ប្រធានាធិបតី​ មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹត្តិការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ។​

សូមបញ្ជាក់ថា​ ៖ លោក​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នា​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នា​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩៕