ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រត់​បាតជើង​សព្រាត​ពេញ​ព្រៃ ​ក្រោយ​ប៉ូលិស​ស្រុក​គីរីវង់​ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​លួច​លាក់​ពីរ​កន្លែង​ផ្សេងគ្នា

តាកែវ ៖ ទីតាំង​ភ្នាល់​បញ្ជល់​មាន់​ ដាក់​លុយ​លួចលាក់​២​កន្លែង ​ត្រូវបាន​នគរបាល​ស្រុក​គីរីវង់​ ធ្វើការ​ចុះ​បង្ក្រាប ដោយឡែក ​អ្នក​ចូលទៅ​លេង​ភ្នាល់​រត់​បាតជើង​សព្រាត​ យក​ព្រះ​អាយុ​ ពេញ​ព្រៃ ​គ្រាន់តែ​ឃើញ​ប៉ូលិស​ទៅដល់​ភ្លាម។

ការចុះទៅ​បង្ក្រាប​សង្វៀន​ជន​មាន់​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ទោ យ៉ាង តារា អធិការរង​ទទួល​ការងារ​យុត្តិធម៌​ស្រុក​ស្រុក​គីរីវង់​ នៅ​ទីតាំង​ពីរ​កន្លែង​ខុសៗ​គ្នា ក្នុង​រួមមាន ​៖ ទីតាំង​ទី​១-ស្ថិត​ក្នុង​ភូមិ​បួរ ឃុំ​ព្រៃ​រំដេង ស្រុក​គីរីវង់ ខេត្ត​តាកែវ និង​ ទី​តាំងទី​២-​ស្ថិតក្នុង​ចំណុច​ចម្ការ​ស្វាយ ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ។

លោក​អធិការរង​បាន​ប្រាប់​ឲ្យ​ដឹងថា ពេល​ឃើញ​សមត្ថកិច្ច​ លោកអ្នក​លេង​ភ្នាល់​មាន់​ទាំងពីរ​ទីតាំង​ខាងលើ​ បាន​បី​មាន់​រត់គេចខ្លួន​បាត់អស់។ ក្រោយ​មនុស្ស​រត់គេចខ្លួន​បាត់អស់ សមត្ថកិច្ច​ក៏​រុះរើ​កន្លែង​ជល់​មាន់​ និង​ដុត​បំផ្លាញ​ចោល​ទាំងស្រុង។

បច្ចុប្បន្ន ​កម្លាំង​ជំនាញ​ស្រុក​គីរីវង់​ កំពុង​ស្វែងរក​ម្ចាស់​ទីតាំង​ជល់​មាន់​ទាំង​២​ទីតាំង​ខាងលើ ​ដើម្បី​យក​មក​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី។

គួរ​កត់សំគាល់​ផង​ដែរ​ថា មួយរយៈ​កាល​នេះ ការលួចបើក​ល្បែង​ជល់​មាន់​ ហាក់បីដូចជា​មាន​ការ​កម្រើក​ឡើងវិញ​នៅតាម​បណ្តា​ស្រុក​នានា​ និង​ក្រុង​ ហើយ​បញ្ហា​នេះ ​ត្រូវបាន​គេ​រិះគន់​ថា​ មានការ​បើកដៃ​ពី​អាជ្ញាធរ​ ទើប​អាច​ដំណើរការ​បាន​យ៉ាង​ដូច្នេះ៕