ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំ​នេះ មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំ​មុន ដោយមាន​កម្មវិធី​កម្សាន្ត​ ជាច្រើន​ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ

ស្វាយរៀង​ ៖​ លោក ​ម៉ែន ​វិបុល ​អភិបាលខេត្ត​ បាន​ថ្លែង​​​​ថា ​សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំនេះ មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន ដោយមាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​អបអរសាទរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

ការ​ថ្លែង​បែបនេះ​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្នុង​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា​ការងារ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២។

ក្នុង​ឱកាស​នោះ​ ក៏​មាន​ការចូលរួម​ពី​សំណាក់​ លោក ហួត ឃាង​វេ​ង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ក្រុមការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ​និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជា​សមាជិក សមាជិកា​គណៈកម្មការ អនុ​គណៈកម្មការ​ ដែល​ជា​ក្រុមការងារ​សង្ក្រាន្ត​ស្វាយរៀង​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

លោក​អភិបាល​ខេត្ត ​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ក្រុម​ការងារ​អនុ​គណៈកម្មការ​សង្ក្រាន្ត​ស្វាយរៀង ​ត្រូវ​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មាន​កំណត់​ក្នុង​សេចក្ដី​សម្រេច​ឲ្យ​បាន​ល្អ​ប្រសើរ​ ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​ធ្វើ​ផែនការ​លម្អិត និង​ឡើង​គម្រោង​ចំណាយ​នៅ​ក្នុង​ផែន​អនុ​គណៈកម្មការ និង​ក្រុមការងារ​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​សម្រេច​អោយ​រួចរាល់​តាម​ផែន​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូល​មក​ដល់។

សូម​ជម្រាប​ជូន​ថា សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំនេះ ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤-១៥ និង​១៦ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​នៅ​បរិវេណ​រង្វង់ មូល​ខាងមុខ​សណ្ឋាគារ​វ៉ៃ​គោ និង​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​ទៀត ក្នុង​ក្រុង​ស្វាយរៀង ផង​ដែរ៕