ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អាមេរិកាំង​ម្នាក់ ​លោត​សម្លាប់​ខ្លួន​ពី​សណ្ឋាគារ​(​អា​ម៉ា​រី​)​ ជាន់​ទី​៤​ ទើរ​លើ​ឡាន​ហាយ​ឡែ​ន​ឌ័​រ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ភ្នំពេញ ​៖ បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ​ប្រហែលជា​ង៉ាង​ថ្នាំញៀន​លើស​កម្រិត​ខ្លាំង​ពេក​ ក៏បាន​លោត​សម្លាប់​ខ្លួន​ពីលើ​សណ្ឋាគារ​ជាន់​ទី​៤​ មក​ក្រោម ​ទើរ​លើដំបូល​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ​នៅ​ខាង​ក្រោម​ បណ្តាល​ឲ្យ​ស្លាប់​ដូច​បំណង ​បង្ក​ជាការ​ភ្ញាក់ផ្អើល​ នៅ​ថ្ងៃទី ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៤០​នាទី នៅ​ចំណុច​សណ្ឋាគារ​អា​ម៉ា​រី ជាន់​ទី​៤ ផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៣៦ ក្រុម​៤៤ ភូមិ​៤ សង្កាត់ ផ្សារកណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ សព ឈ្មោះ SIMONSEN STEVEN MATHEW ជនជាតិ អាមេរិ​កាំង (UNITED OF AMERICA)​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ទេសចរណ៍ ​កាន់​លិខិតឆ្លងដែន​ លេខ ៤៨៨៤០១១១៨​ បាន​ចូល​មក​ស្នាក់នៅ​សណ្ឋាគារ​កើតហេតុ តាំងពី​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ មក​ម្ល៉េះ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​ជនបរទេស​រូប​នោះ​បាន​ដើរ​ចុះឡើង​នៅ​យ៉​សណ្ឋាគារ​ជាន់​ទី​៤​ មិនដឹងថា​គាត់​កើត​អី​ ឬក៏​ង៉ាង​ថ្នាំ​លើស​កម្រិត​នោះទេ ​លុះ​មួយសន្ទុះ​ក្រោយមក ​ក៏មាន​ការភ្ញាក់ផ្អើល​ថា ​ជនបរទេស​ម្នាក់​នោះ ​បាន​លោត​ពីលើ​សណ្ឋាគារ​ជាន់​ទី​៤​ ទើរ​លើ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ ៧៥ ៦៩ បណ្តាល​ផុង​ដំបូល​ឡាន ​ហើយ​ជនបរទេស​រូបនោះ ​ក៏​បាក់.ក ​ស្លាប់​មួយ​រំពេច​នោះ​ផង​ដែរ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​ កើតឡើង​រួចហើយ ​ភ្លាមៗ​នោះ ​ក៏​ត្រូវ​បាន​គេ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ពេល​ដែល​ផ្នែក​សង្គ្រោះ​មកដល់​បាន​បញ្ជាក់ថា ​ជនបរទេស​រូបនោះ​បាន​ស្លាប់​បាត់ទៅហើយ។ ចំណែក​ប៉ូលិស​មូលដ្ឋាន​វិញ​ បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​ទទួលបាន​សភាពការណ៍​នោះ​កើតឡើង​រួចមក ​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​ បាន​ចុះ​ទៅដល់ ​និង​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​សព។

ជា​លទ្ធផល ​តាម​ការពិនិត្យ​ ការិយាល័យ​ជំនាញ​បច្ចេកទេស​ បាន​បញ្ជាក់​ថា ​សព​ពិតជា​បាន​ធ្វើ​អត្តឃាត​(​ដោយ​លោត​ចុះ​ពីលើ​សណ្ឋាគារ​ជាន់​ទី​៤ ​សម្លាប់​ខ្លួនឯង​ពិត​ប្រាកដ​មែន)។ រីឯ​សម្ភារៈ​នៅ​កន្លែង​កើតហេតុ​ កុំព្យូទ័រ​ម៉ាក​(HP) ចំនួន​មួយ​គ្រឿង​ ទូរស័ព្ទ​ម៉ាក Samsung Yep ចំនួន​០១​គ្រឿង និង ZTE ចំនួន​០១​គ្រឿង សម្ភារៈ​មួយចំនួន​០៣​មុខ​ខាងលើ ​និង​ខោអាវ​មួយចំនួន បានប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង​រក្សាទុក។ ក្រោយពី ពិនិត្យ​រួច ខាង​ជំនាញ បច្ចេកទេស បាន​ដឹក សាកសព យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា៕