ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រៀង ក្រៃ មក​សងសឹក ឡៅ ចន្ទ្រា ឯ ខាំ ផាន្នី ស្វាគមន៍ កេង កាត់ នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​កម្ពុជា ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​ ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ នឹង​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ដែល​មក​សងសឹក ​និង​ជួប​សាក​កណ្ដាប់ដៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​១​ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​

អ្នក​ប្រដាល់​កម្ពុជា ​ឡៅ ចន្ទ្រា នឹង​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ ​ឈ្មោះ គ្រៀង ក្រៃ​(Kreangkrai Tor.Silachai)​ ដែល​សុំ​មក​សងសឹក។ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។ ឡៅ ចន្ទ្រា ធ្លាប់​ផ្ដួល ​គ្រៀង ក្រៃ ឲ្យ​បោះបង់ចោល​ការប្រកួត ​ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅនេះ។

គ្រៀង ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កាល​ពី​ពេល​កន្លងមក។​ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១០៤​លើក ដោយ​វាយ​ឈ្នះ​៨៧​លើក ចាញ់​២៣​លើក និង​ស្មើ​០៤​លើក។ គ្រៀង ក្រៃ​នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ។

យ៉ាងណា គ្រៀង ក្រៃ ធ្លាប់​ចាញ់ ​ឡៅ ​ចន្ទ្រា​ ម្តង​ហើយ​នោះ លើក​នេះ​មក​សងសឹក​វិញ​ក៏​មិន​ជា​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ ព្រោះថា ​ចន្ទ្រា ​គេ​ល្អ​ទាំង​កណ្ដាប់ដៃ ជង្គង់ និង​កែង។ ចន្ទ្រា​ ធ្លាប់​ជួប​ប្រកួត​ជា​មួយ​ថៃ​ជាង​៥០ លើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ​រុង រ៉ាត់ លុក​ស្រា​កែវ ក្នុង​ទឹក​ទី​៤។

ចន្ទ្រា គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក។ តែ​លើក​នេះ ចន្ទ្រា ​ត្រូវ​ជួប​ជើង​ខ្លាំង ​គ្រៀង ក្រៃ លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិន​ជា​ការ​ងាយស្រួល​ប៉ុន្មាន​ឡើយ។ ចន្ទ្រា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៥​លើក ឈ្នះ​១០៣លើក ចាញ់​៨​លើក និង​ស្មើ​៤​លើក ។

ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ ​គ្រៀង ក្រៃ​ ម្តង​ហើយ​នោះ ដូច្នេះ​រាល់​តិចនិក​និង​ស្នៀតគុន​របស់​ គ្រៀង ក្រៃ គេ​ស្គាល់​ និង​ដឹង​អស់​ទៅហើយ គួបផ្សំ​ជាមួយ​បទពិសោធន៍​របស់​គេ​ដែលមាន​ច្រើន​ដែរនោះ ចន្ទ្រា ​ប្រហែលជា​ពុំ​ពិបាក​វាយ​នោះឡើយ។ ចាំមើល ការជួប​ប្រកួត​លើក​នេះ​ជាមួយ​ គ្រៀង ក្រៃ ឡៅ​ចន្ទ្រា​ អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ទៀត​ដែរ ​ឬ​អត់?។​

ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កេង កាត់ វ៉​.​ស៊ូ​ង​នឹ​ន (Keangkath Wor.Shungnuen) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។
​ ​
ផាន្នី គេ​ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ដែរ​។​ អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។ នេះ​ជា​លើក​ទី​៥ ដែល​ខាំ ផាន្នី ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​ការជួប​៤​លើក​កន្លងមក គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល្លឺម៉ង់​Ali ទឹក​ទី​៣ បន្ទាប់មក​ចាញ់​Erhan Gungor(​អាល្លឺម៉ង់​) ​ទឹក​ទី​៣​វិញ និង​វាយ​ចាញ់​ថៃ​Kong Thailen ក្នុង​ទឹក​ទី​៣ ហើយ​ចុងក្រោយ គេ​វាយ​ឈ្នះ​ ផេ​ត ស្រ៊ី​គាវ ក្នុង​ទឹក​ទី​៣។​

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិនអាច​ទាយ​មុន​ថា ខាំ ផាន្នី ចាញ់​កេង កាត់ នោះឡើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ច្រើនជាង​ខាំ ផាន្នី ជាង​ពាក់កណ្ដាល​ឯណោះ ពោលគឺ​គេ​មាន​កំណត់​ត្រា​ប្រកួត​ជិត​៩០​លើក ខណៈ​ដែល​ ផាន្នី មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​២៦​លើក​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​២២​លើក និង​ចាញ់​៤​លើក។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ នឹង​ត្រូវ​ឡើង​សងសឹក​ជាមួយ​ ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

កាលពី​ជួបគ្នា​លើក​មុន​(១៦​កុម្ភៈ​២០១៩) ឡូញ វ៉ាន់ឌី វាយ​ចាញ់​ ឯម សុធី ដោយ​ពិន្ទុ។​ ចាំ​មើល ឡូញ វ៉ាន់ឌី គេ​អាច​សងសឹក ឯម សុធី បានសម្រេច​ ឬ​អត់?៕