ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ម្នាក់ ​ថ្លើមធំ​ ហ៊ាន​លួច​ធ្វើ​ត្រា​លិខិតឆ្លងដែន​ក្លែងក្លាយ​ ត្រូវ​​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ ជា​អតីត​បុគ្គលិក​កិច្ចសន្យា​ហាត់​ការ​ផ្នែក​ពន្យារ​សុពលភាព​លិខិត​ឆ្លង​ដែន​ម្នា​ក់ នៅ​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ បាន​ធ្វើ​សកម្មភាព ធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ ​និង​ពន្យារ​ក្លែងក្លាយ​លិខិតឆ្លងដែន ​ឬ​ហៅថា​ក្លែងបន្លំ​ឯកសារ​សាធារណៈ ​គឺ​ធ្វើ​ឲ្យ​ពលករ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​គេ​ប្តឹង ហើយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩។​ ការ​ក្លែងបន្លំ​ឯកសារ​នោះ​ គេ​ធ្វើ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

លោក​វរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មាន ឈ្មោះ​ អ៊ឹម សម្ផស្ស ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុខរបរ​ជា​កម្មករ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​មាន​បណ្ដឹង​ពី​ជនរងគ្រោះ​ជា​ពលករ​ជាច្រើន​នាក់ ដែល​បាន​ធ្វើ​លិខិតឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ពេល​សមត្ថកិច្ច​ថៃ​ត្រួតពិនិត្យ​លិខិត ឃើញ​ថា ជា​លិខិត​ក្លែងក្លាយ ហើយ​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​មកវិញ​នោះ​ លោក​ឧត្ដមសេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក៏ដូចជា​កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បើក​ការស៊ើបអង្កេត ស្រាវជ្រាវ ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ ឈ្មោះ អ៊ឹម សម្ផស្ស ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​តែម្ដង។

ក្នុងនោះ​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​គេ​ពិតជា​អ្នក​បោះត្រា​ពន្យារ​លើ​លិខិតឆ្លងដែន របស់​ពលករ​ដែល​ហួស​កាលបរិច្ឆេទ​នោះ​មែន ការ​ធ្វើ​នេះ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។ ជនសង្ស័យ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣ រូប​ខ្លួន​ធ្លាប់​បាន​ធ្វើ​ការងារ​នៅ​កន្លែង​ស្ថានទូត​ខ្មែរ នៅ​ទីក្រុង​បាងកក ផ្នែក​ខាង​ពន្យារ​ពេល​លិខិតឆ្លងដែន​នេះ​ពេល​ចប់​ការងារ​ខ្លួន​បាន​ត្រឡប់មក​នៅ​ប៉ោយប៉ែត​វិញ​ ខ្លួន​បាន​ទិញ​ត្រា​ឆ្ពាន់​ទូត​មួយឈុត​ទុក ហើយ​បាន​ហ៊ាន​ធ្វើការ​បោះត្រា​ក្លែង​យ៉ាង​នេះ​ជន​សង្ស័យ រួមទាំង​វត្ថុតាង ​ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ហើយ៕