ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្លៀត​រត់​ម៉ូតូឌុប​ តែ​ស៊យ​ឌុប​ចំ​ចោរ បាញ់​៦​គ្រាប់ ផ្ទុះ​ត្រូវ​តែ​៣​គ្រាប់

ភ្នំពេញ ៖ បុរស​ម្នាក់​ ទទួលរង​នូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា ​រង​របួស​ធ្ងន់ បន្ទាប់ពី​ឆ្លៀត​រត់​ម៉ូតូ​ឌុប​ ប៉ះចំ​ចោរ​មាន​កាំភ្លើង ពេល​បើក​មកដល់​កន្លែង​ស្ងាត់ ​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ ស៊ូ​ប្ដូរ​ស្លាប់​រស់​ជាមួយ​ចោរ​ ដោយ​បាន​ប្រតាយប្រតប់​គ្នា ​រហូត​ចោរ​បាញ់​៦​គ្រាប់​ តែ​ផ្ទុះ​៣​គ្រាប់​ ហើយក៏​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ចោរ​រត់​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ដី​វាល ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ ឈ្មោះ ម៉ន សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ក្បែរ​កន្លែង​កើតហេតុ មាន​ស្រុកកំណើត​ភូមិ ត្នោត​១​ដើម ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​តែ​យក​មិនបាន​សម្រេច ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៧ ពាក់ស្លាកលេខ​កំពង់ស្ពឺ 1E-3900។ បន្សល់ទុក​កាំភ្លើង​ខ្លី​ម៉ាក រ៉ូឡូ​១​ដើម គ្រាប់​មិន​ទាន់​ផ្ទុះ​៣​គ្រាប់ ក្បាល​គ្រាប់​១ ជនរងគ្រោះ​រង​របួស​បញ្ឆិត​ក្បាល​ចំហៀង​ខាងឆ្វេង​១​គ្រាប់ កដៃ​ស្តាំ​១​គ្រាប់ ស្មា​ខាងឆ្វេង​១​គ្រាប់ រង​របួស​ធ្ងន់។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​ ត្រូវបាន​ម្តាយ​នៅឯ​ស្រុក​ប្រើ​ឲ្យ​ទៅ​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ពេល​វិល​ត្រឡប់មកវិញ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ពី​កើ​តទៅ​លិច ​​មកដល់​ចំណុច​ចំណតរថយន្ត​ក្រុង លូ​៥ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មាន​ជ័យ ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ហៅ​ឲ្យ​ឌុប​​​ជូន​ទៅ​ខាងក្រោយ​សួន​កាណាឌីយ៉ា ក្នុង​តម្លៃ​៤.០០០​រៀល ដោយ​គិត​ថា ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ដែរ ក៏​ឌុប​មកដល់​ចំណុច​កើតហេតុ ចំ​កន្លែង​ចាក់​សំរាម​ ស្ងាត់ ជនសង្ស័យ​ឲ្យ​ឈប់ រួច​ដក​កាំភ្លើង​ភ្ជង់​តែម្ដង ប្លន់​យក​ម៉ូតូ។

ប្រភព​បន្ដ​ថា​ ស្ថិតក្នុង​សភាព​បែបនេះ​ ជនរងគ្រោះ​បាន​ស៊ូ​ប្ដូរ​ស្លាប់​រស់​ជាមួយ​ចោរ​ ដោយ​បាន​ប្រតាយ​ប្រតប់​គ្នា ជាមួយ​ចោរ ឈាន​ដល់​បាញ់​៦​គ្រាប់ ផ្ទុះ​៣​គ្រាប់ ត្រូវ​ជនរងគ្រោះ​៣​កន្លែង តែ​ជន​រង​គ្រោះ​ហាក់​មិន​តក់ស្លុត​ស្មារតី ​នៅ​រឹង នៅតែ​ប្រតាយប្រតប់ រហូត​ធ្លាក់​កាំភ្លើង នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ ហើយ​ចោរ​ភ័យ​ ក៏​រត់គេចខ្លួន​ចូលទៅ​ខាង​ទឹកដី ខណ្ឌ​មានជ័យ​បាត់ស្រមោល។

ក្រោយ​កើតហេតុ ជនរងគ្រោះ ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ពេទ្យ ក្បែរ​ប៉ុស្តិ៍​ចោមចៅ​១ ជា​មុន​សិន និង​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ។ សមត្ថកិច្ច ក្រោយពី​កើតហេតុ កំពុង​ធ្វើការ​សាកសួរ ជុំវិញ​រឿងហេតុ​ខាងលើ ដើម្បី​កំណត់​មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114