ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​ទឹកប្រាក់​ជាង​២៧៥.០០០​ដុល្លារ​អាមេរិក​ដល់​អង្គការ​អភិវឌ្ឍន៍​ចំនួន​៣ នៅ​កម្ពុជា

ភ្នំពេញ​ ៖ ក្រោម​គ្រោងការណ៍ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ហៅថា (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ថវិកា​សរុប​ចំនួន ២៧៥.២៩៦ ដុល្លារ​អាមេរិក​ដល់​អង្គភាព​អភិវឌ្ឍន៍​ចំនួន​៣ នៅ​កម្ពុជា។

កិច្ចសន្យា​ផ្តល់ជំនួយ​នេះ​ត្រូវ​ចុះហត្ថលេខា​នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ នៅ​ស្ថានទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ក្នុងនាម​រដ្ឋាភិបាល​ជ​ប៉ុន ជាមួយនឹង​អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំងបី​នៅ​កម្ពុជា។

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា គម្រោង​ទីមួយ​សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ១០៦.០០០​ដុល្លារ​អាមេរិក សម្រាប់​កែលម្អ​ផ្លូវថ្នល់​ក្នុង​ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត។ គម្រោង​នេះ ​ត្រូវបាន​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ​១៥៦.០០០​នាក់​ក្នុង​តំបន់។ លោក​សង្ឃឹមថា ផ្លូវថ្នល់​ដែល​កែលម្អ​នេះ​ នឹង​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​មូលដ្ឋាន​មាន​ភាព​រស់រវើក​ឡើង​វិញ តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អ​ប្រសើរ​ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេងៗ​ទៀត។ គម្រោង​ទី​ពីរ​សម្រាប់​មន្ទីរ​អភិវឌ្ឍន៍​ខេត្តក្រចេះ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨២.០០០​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ស្ពានបេតុង ក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។ លោក​រំពឹងថា ប្រជាជន​ក្នុង​តំបន់​ប្រមាណ ៣៨០០​នាក់ នឹង​អាច​ទទួលបាន​ផ្លូវ​ដែលមាន​សុវត្ថិភាព​ជាង​មុន​ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេងៗ​ទៀត​។ និង​ទី​៣-​សម្រាប់​អង្គការ Planete Enfants & Development រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨២.០០០​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​បរិក្ខា​សាលា​មតេយ្យ​ចំនួន​ប្រាំបី ក្នុងស្រុក​ចំនួន ២ នៅ​ខេត្តកំពត​។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ប្រមាណ ២៧០​នាក់​ក្នុង​តំបន់​។ លោក​សង្ឃឹម​ដែរ​ថា​បរិក្ខារ​សា​លា​ម​ត្តេ​យ្យ​ដែល​ត្រូវបាន​កែលម្អ​នឹង​រួមចំណែក​ដល់​ការផ្តល់ឱ្យ​កុមារ​នូវ​ការ​ចូលរៀន​ប្រកបដោយ​និរន្តរភាព និង​គុណភាព​ដល់​មតេយ្យ​អប់រំ៕