ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រជុំ​សម្របសម្រួល​ដោះស្រាយ​លើ​បញ្ហា​ នៃ​ការចេញ​ប័ណ្ណ​ប្លង់​កម្មសិទ្ធិ​ដី​ ជូន​ដល់​វត្ត​គិរី​មង្គល​ ​អូរ​ស្មាច់ ​និង​សាលាបឋមសិក្សា​ ហ៊ុន សែន អូរ​ស្មាច់​

​ឧ​ត្ត​រ​មានជ័យ​ ៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សំរោង អមដំណើរ​ដោយ​លោក​អភិបាលរងក្រុង លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន និង​កីឡា លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម​សំណង់ និង​ភូមិបាល​ក្រុង លោក​ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ លើ​បញ្ហា​ នៃ​ការចេញ​ប័ណ្ណ​ប្លង់​កម្មសិទ្ធិ​ដី​ ជូន​ដល់​វត្ត​គិរី​មង្គល​អូរ​ស្មាច់ និង​សាលាបឋមសិក្សា ហ៊ុន សែន អូរ​ស្មាច់ ស្ថិតនៅ​ក្នុងភូមិ​គី​រី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ក៏មាន​វត្តមាន​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ យាយជី​តាជី​លោកគ្រូ អ្នកគ្រូ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត នៅ​ក្នុង​ការពិភាក្សា​ការ​ស្នើ​យោបល់​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។​

​លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​ពិ​ត្រ​ប្រគេន និង​ជម្រាប​ជូន​ដល់​ព្រះ​តេជគុណ សមាជិក​សមាជិកា​នៃ​អង្គប្រជុំ ឲ្យ​បាន​ជ្រាប​អំពី​គោលការណ៍ និង​បែបបទ ​នៃ​ការ​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជារួម​សម្រាប់​វត្ត និង​សាលារៀន​។​

​តាមរយៈ​កិច្ចពិភាក្សា និង​ការចុះពិនិត្យ​ដោយផ្ទាល់ អំពី​ការកំណត់​ព្រំប្រទល់​ដី​រវាង​វត្ត និង​សាលា បាន​ឯកភាព​លើ​ទីតាំង​ព្រំប្រទល់​ជាក់ស្ដែង និង​ប្រគល់​កិច្ចការងារ​ដល់​មន្ត្រី​ជំនាញ​ក្នុងការ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ និង​ការថែរក្សា​បាន​នូវ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​៕