ព័ត៍មានទាន់​ហេតុការណ៏
Search

រវល់​ដើរ​ម៉ៅ​តា​ង៉ែ​ន​គេ ​ក្នុង​ក្រុងប៉ៃលិន បណ្ដាល​ឲ្យ​តា​ង៉ែ​ន​ខ្លួន​ឯង​ដែល​កំពុង​ក្តិ​ប ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី ​

​ប៉ៃលិន​ ៖ បើតាម​ស្ត្រី ​ឈ្មោះ ផន សុ​ភ័​ណ្ទ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ប្រាប់​ភ្នាក់ងារ កម្ពុជាថ្មី នា​ព្រឹក​ថ្ងៃ​ទី​១៥​មីនា​នេះ​ថា​ ៖ គាត់​មាន​ដី​ចំនួន ២​ហិកតា ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដោយមាន​ដាំ​តា​ង៉ែ​ន​(​មៀន​ប៉ៃលិន​)​ចំនួន​២៨០​ដើម ប៉ុន្តែ​ជា​អកុសល កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ​​ដំណាំ​តា​ង៉ែ​ន របស់គាត់ ដែល​កំពុង​ចេញ​ក្តិ​ប ត្រូវបាន​ភ្លើង​ឆេះ តែ​សំណាង​បាន​អ្នកភូមិ​នាំគ្នា​រ​ត់​ទៅ​ជួយ​ពន្លត់​ទាន់ពេល កុំ​អី​ឆេះ​ទាំងអស់ រួមទាំង​ផ្ទះ​ប្រជាពលរដ្ឋ ដែល​សង់​ក្បែរ​ចម្ការ ជាច្រើន​ខ្នង​ថែមទៀត​។​

ស្ត្រី​រងគ្រោះ​បាន​បន្តថា​ ខណៈពេល​ភ្លើង​ឆេះ​ចម្ការ​របស់គាត់ គឺ​គាត់​រវល់​ដើរ​ម៉ៅ​ផ្លែ​តា​ង៉ែ​ន នៅតាម​ចម្ការ​គេ ដើម្បី​បេះ​លក់​ឲ្យ​ម៉ូយ នៅតាម​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​កុម្ម៉ង់​ទិញ ក្រោយ​មក​បាន​អ្នកជិតខាង​ម្នាក់ ទូរស័ព្ទ​ប្រាប់​ថា ភ្លើង​កំពុង​ឆេះ នៅក្នុង​ចម្ការ​របស់​គាត់ ហើយ​ក៏​មាន​អ្នកភូមិ និង ប្រជាពលរដ្ឋ ដែលមាន​ចម្ការ​ជាប់​គ្នា កំពុង​ជួយ​ពន្លត់​ផងដែរ។

គាត់​បន្តទៀតថា​​ ដំណាំ​តា​ង៉ែ​ន​ ហៅ​មៀន​ប៉ៃលិន របស់គាត់ បាន​ចេញ​ផ្លែ​ក្ដឹប​ អស់រលីង​ទៅ​ហើយ ពោលគឺ​នៅសល់តែ​២ ទៅ​៣​ខែ​ទៀត អាច​នឹង​ប្រមូល​ផល បេះ​លក់​ឲ្យ​ឈ្មួញ​បាន ចំពោះ​ការ​ឆេះ​នៅ​ក្នុង​ចំការ​របស់គាត់​នេះ អត់​មាន​គេ​ដុត​រាលដាល​មកពី​ចម្ការ​អ្នកផ្សេង​ក្បែរៗ នោះ​ទេ គឺ​សង្ស័យ គេ​លួច​ដុត​នៅក្នុង​ចម្ការ​របស់គាត់​ផ្នែក​ខាងកើត រួច​ក៏​ឆេះ​រាល​ស្ទើរ​ពេញ​ចម្ការ ដោយ​ខូចខាត​តា​ង៉ែ​ន​អស់​ចំនួន​៥៣​ដើម រួមទាំង​ទុយយោ​ជ័រ​ជាច្រើន​ដើម ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែម្ដង។

គាត់​បញ្ជាក់​ថា​ តាំងពីដើម​មក គាត់​មិន​ធ្លាប់មាន​សត្រូវ ជាមួយនឹង​អ្នកជិតខាង​ក្បែរៗ ចម្ការ​នោះ​ទេ ប្រហែលជា​អ្នកផ្សេង គេ​មានចិត្ត​ច្រណែន​ឈ្នានីស ឃើញ​គាត់​រកស៊ី​កាក់កប ទើប​នាំគ្នា​យក​ភ្លើង​ទៅ​ដុត​ចម្ការ​របស់​គាត់​បែបនេះ ហើយ​ចំពោះ​បញ្ហា​នេះ គាត់​មិន​ដាក់ពាក្យ​ប្តឹង​ឲ្យ​នគរបាល ចុះ​ធ្វើការ​ស្រាវជ្រាវ រក​ជនសង្ស័យ​អ្វី​ដែរ គ្រាន់តែ​សុំ​ផ្ដាំផ្ញើ​ទៅ​អ្នក​ដែល​មាន​ចិត្ត​បំផ្លិចបំផ្លាញ​អ្នកដទៃ ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៅ ព្រោះ​វា​ជា​អំពើ​អាក្រក់​ខ្លាំង អាច​នឹង​មាន​កម្មពៀរ​ថែម​ទៀតផង។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​មីនា នេះ​ថា​ មិនបាន​ជ្រាប​ករណី​នេះ​ទេ ដោយសារតែ​ស្ត្រី​រងគ្រោះ មិនបាន​រាយការណ៍​ ឬ​ដាក់ពាក្យ​បណ្ដឹង​មក​ដល់​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា។ ជាមួយគ្នានេះ​ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ដែរ​ថា​ បើសិន​ជាមាន​ករណី​ភ្លើង​ឆេះ​ព្រៃ ឬ​ឆេះ​ចម្ការ​បងប្អូន​ក្តី សូមមេត្តា​ផ្តល់​ការ​សហការ​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ឲ្យ​យើង​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ផងដែរ៕