ព័ត៍មានទាន់​ហេតុការណ៏
Search

ប្លន់​ប្រដាប់​អាវុធ​ បាន​ដាស់​អារម្មណ៍​សមត្ថកិច្ច​ឡើងវិញ និង​មាន​ផ្ទុះ​អាវុធ​៣​គ្រាប់​ទៀត​ផង​

​បាត់ដំបង ៖ ស្នូរ​ផ្ទុះ​អាវុធ​ចំនួន៣​គ្រាប់ ទាំង​កណ្តាល​អធ្រាត្រ វា​ជា​សញ្ញា​មួយ​ដាស់​អារម្មណ៍​សមត្ថកិច្ច បន្ទាប់ពី​ករណី​ប្លន់​ប្រដាប់អាវុធ​នេះ ត្រូវបាន​ស្ងប់ស្ងាត់​អស់​មួយរយៈ ដែល​សំឡេង​នេះ​គឺ​ជា​ការបាញ់​គំរាម ក្នុងករណី​ប្លន់​មិនបាន​សម្រេច។​

​ហេតុការណ៍​ដែល​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី នៅ​ក្នុង​ចម្ការ​ឥណ្ឌា ស្ថិតនៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយសារតែ​មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​ និង​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់ ស្លៀកពាក់​ស៊ីវិល និង​មិន​ស្គាល់​អត្ត​សញ្ញាណ ព្រមទាំង​មាន​ពាក់មួក​សុវត្ថិភាព​ផងដែរ បាន​ប្រើប្រាស់​អាវុធ​អាការ ធ្វើ​សកម្មភាព​ភ្ជង់​ទារ​លុយ​ម្ចាស់ផ្ទះ ​ឈ្មោះ សេង វ៉ាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ តែ​ត្រូវ​ម្ចាស់ផ្ទះ​រត់​គេច​ខ្លួន ហើយ​បាន​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។​

​តាម​ការ​អះអាង​ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ​រូប​នោះ បាន​ប្រើប្រាស់​កាំភ្លើង​អាការ​ភ្ជង់​គំរាម​ទារ​ប្រាក់​ពី​ខ្លួន ប៉ុន្តែ​ដោយសារតែ​ខ្លួន​បាន​រត់គេចខ្លួន និង​ស្រែក​ឲ្យ​គេ​ជួយ ​ទើប​ជនសង្ស័យ​រូប​នោះ​បាន​រត់គេចខ្លួន ហើយ​បាន​បាញ់​មកលើ​លំនៅដ្ឋាន​របស់ខ្លួន​ចំនួន​៣​គ្រាប់ ត្រូវ​ជញ្ជាំង ប៉ុន្តែ មិន​បាន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​ម្នាក់​ឡើយ។

​នៅក្នុង​ករណី​ប្លន់​នេះ បើតាម​ប្រភព​មួយចំនួន​បាន​និយាយថា ថ្មីៗ​នេះ​ជនរងគ្រោះ​ទើបនឹង​ទិញ​ម៉ូតូ ១គ្រឿង ដូច្នេះហើយ​ទើប​ជនសង្ស័យ​គិតថា អាច​នៅមាន​លុយ​ជាច្រើន​ទៀត បានជា​គេ​ដាក់​ផែនការ​ធ្វើបែបនេះ​តែម្តង។ ករណីនេះ​លោកស្នងការ​រង​ ជេ​ត វណ្ណ​នី ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ដោយបាន​រកឃើញ​គ្រាប់​ដែល​មិនទាន់​បាញ់​ប្រភេទ​អាការ​ចំនួន​២​គ្រាប់ បន្សល់​នៅ​លើ​ដី​ផង​ដែរ៕