ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ហែល​ទឹក​ទៅ​យក​ទូក ដល់​កណ្ដាល​អូរ ​​អស់កម្លាំង​ ហែល​លែង​រួច​ ក៏​លង់​ទឹក​ស្លាប់​តែ​ម្ដង

កំពង់ធំ​ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​​​កំពុងតែ ហែល​ទឹក​ទៅ​យក​ទូក ដែល​រសាត់​ទៅ​កណ្ដាល​បឹង ស្រប​ពេល​ដែល​ទូក​ចេះតែ​រសាត់ មនុស្ស​ចេះតែ​ហែល ដល់​អស់កម្លាំង​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច បឹង​ធា ទឹកដី​ភូមិ​រមាំង​ងាប់ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

សមត្ថកិច្ច បញ្ជាក់​ក្នុង​របាយការណ៍​ថា ជនរងគ្រោះ​មានឈ្មោះ ពាង ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មានមុខ​របរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

យោង​​តាម​ការបំភ្លឺ ពី​ប្អូនស្រី ពាង ណូយ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត របស់​ជនរងគ្រោះ បា​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ ​បាន​នាំគ្នា​៣​នាក់ ទៅ​រើស​គ្រាប់ស្វាយចន្ទី នៅ​តំបន់​ទួល​ស្លឹក​ព័រ ទឹកដី​ភូមិ​អូរ​រំ​ដែង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់​ស្វាយ។

លុះ​ទៅដល់ មាត់ទឹក​បឹង​ធា ឈ្មោះ​ ហម វ៉ាន គាត់​ដើរ​ទៅយក​ទូក​បម្រុង​ជិះ​ឆ្លង​ទៅ​ត្រើយ​ខាង ជើង​ទាំង​អស់​គ្នា ចំណែក​ខ្លួន​ និង​ជនរងគ្រោះ​អង្គុយ​រង់ចាំ​ត្រើយម្ខាង ស្រប​ពេល​ជិត​ទៅដល់​ទូក ស្រាប់​តែ​មាន​ខ្យល់​កួច​ទូក​ឲ្យ​រសាត់​ទៅ​កណ្ដាល​បឹង។ ពេលនោះ​ជនរងគ្រោះ លោត​ចុះ​ហែល​ទៅតាម​យក​ទូក តែ​ទូក​ចេះតែ​អណ្តែត​ទៅ​ត្រើយ​ខាងជើង ជនរងគ្រោះ​ក៏​ចេះតែ​ហែល​តាម រហូត ដល់​កណ្តាល​ពោះ​អូរ ​បាន​ចម្ងាយ​២០​ម៉ែត្រ អស់កម្លាំង​ទៅមុខ​លែង​រួច ក៏​ស្រែក​ឲ្យ​គេ​ជួយ។

អ្នក ​ដែល​ទៅជា​មួយ​មានការ​ភ័យ​ស្លន់ស្លោ ក៏បាន​រត់​ទៅ​រក​ឲ្យ​គេ​ជួយ ដោយសារ​ខ្លួន​មិនចេះ​ហែល​ទឹក​ ២០​នាទី ​ក្រោយមក​​ត្រឡប់​មក​វិញ ​បែរជា​មិន​ឃើញ​ជនរងគ្រោះ ដោយ​សង្ស័យ​ថា ជនរងគ្រោះ​បាន​លង់ទឹក​ ហើយ​ស្លាប់​ ធ្លាក់​ចូល​បាត​បឹង។ ពេលនោះ​អ្នកភូមិ​ក៏បាន​នាំគ្នា​ជ្រមុជ​ទឹក​រាវរក​ជនរង​គ្រោះ រក​រហូតដល​ម៉ោង​១១​និង​២៥​នាទី​ ទើប​រក​ជនរងគ្រោះ​ឃើញ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។

ក្រោយពេល​កើតហេតុ លោក​វរសេនីយ៍ ខេន ឈុន​គ័​រ បាន​បញ្ជា​កម្លាំង​ជំនាញ ​និង​ប៉ុស្តិ៍ សហការ​ជា​មួយ​រដ្ឋអំណាច​មូលដ្ឋាន​ចូលរួម​ពិនិត្យ​សាកសព តែ​ពុំបាន​ប្រទះ​ស្លាកស្នាម​អ្វី​ឡើយ ទើប​ការ​សន្និដ្ឋាន​ថា​ សាកសព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន មូលហេតុ​ ជនរងគ្រោះ​មិន​សូវ​មាន​កម្លាំង​ មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ស្រវឹង​ស្រា​ជាប្រចាំ ហែល​ទឹក​ទាំង​ខោអាវ​ទើប​ហេវ​ហត់​លង់​ទឹក​ស្លាប់​តែម្តង​ សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114