ព័ត៍មានទាន់​ហេតុការណ៏
Search

ដុំ​ដែក​រមូរ ធ្លាក់​សង្កត់​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ ស្លាប់​ម្នាក់ និង​របួស​ម្នាក់​

ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​ក៏មាន​ពលករ​ខ្មែរ​ចំនួន២នាក់​ដែរ ដែល​បាន​រងរបួស និង​ស្លាប់ ខណៈ​ដែល​កំពុងបើក​ជញ្ជាំង​រថយន្ត​ដើម្បី​ទម្លាក់​សម្ភារៈ​ចុះ​ ក៏​ស្រាប់​តែមាន​ដុំ​ដែក​រមូរ​បាន​រមៀល​ធ្លាក់​ពីលើ​រថយន្ត​មក​សង្កត់​តែម្តង។​

​របាយការណ៍​ដែល​កម្ពុ​ជាថ្មី​ទទួលបាន​ គឺ​ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៩ វេលា​ម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​ នៅក្នុង​រោងចក្រ​ផលិត​បន្ទះ​ដែក និង ស័ង្កសី មួយកន្លែង ក្នុង​ឃុំ​បាង​យ៉ា​ព្រែក​ ស្រុក​ព្រះ​ប្រាក់​ដែង ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ។​

​របាយការណ៍​បាន​បន្តថា រថយន្ត​ដែល​បង្កហេតុ​នោះ​ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ពណ៌ស​ ជា​ប្រភេទ​រថយន្ត​សណ្តោង កង់​១៨ បើកបរ​ដោយ​ឈ្មោះ ស៊ុំឆាយ ដាវ​ដៃ​រុំា ដោយ​គេ​បាន​រៀបរាប់​ថា នៅ​មុនពេល​កើត​ហេតុ ខ្លួន​បាន​ដឹក​ដែក​បន្ទះ និង​ដុំ​ដែក​រមូរ ពី​ខេត្ត​ឈុន​បុរី ឆ្ពោះ​មកកាន់​រោងចក្រ​នេះ ហើយក៏​បាន​ឈប់​សំចត​ក្នុង​ទីតាំង​រោងចក្រ ​ដើម្បី​ឲ្យ​កម្មករ​មក​ទម្លាក់​សម្ភារៈ​ទាំងនេះ។​

​លោក​ក៏បាន​បន្តថា ភ្លាមៗ​នោះ ​លោ​ក​សង្កេត​ឃើញ​មាន​កម្មករ​ចំនួន៤នាក់​ បាន​ដើរមក​បើក​គន្លឹះ​ជញ្ជាំង​រថយន្ត ផ្នែក​កន្ទុយ​សណ្ដោង លុះ​ជញ្ជាំង​ចំនួន២ផ្ទាំង​ បាន​របើក​ឡើង ក៏​ស្រាប់តែ​ដុំ​ដែក​រមូរ​ចំនួន២ដុំ បាន​រមៀល​ធ្លា​ក់មក ហើយ​ក៏បាន​សង្កត់​ទៅលើ​កម្មករ​ចំនួន២នាក់ ដោយ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស។​

​ពលករ​ខ្មែរ​ទាំង២នាក់​នោះ​ គឺ ​អ្នក​ដែល​ស្លាប់​មានឈ្មោះ សុន ភេទ​ប្រុស​ អាយុ២៣ឆ្នាំ និង​អ្នករបួស​មាន​ឈ្មោះ វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដោយបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត សមុទ្រ​ប្រា​កាន​ហើយ។

បច្ចុប្បន្ន​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ថៃ​ក៏បាន​ចុះ​ពិនិត្យ ដើម្បី​រៀបចំ​ប្រគល់​សព​ទៅឲ្យ​សាច់​ញាតិ ដោយឡែក​រថយន្ត និង​អ្នកបើកបរ កំពុង​សាកសួរ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114