ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ​នឹង​ត្រឡប់មកវិញ​នៅ​ខែមិថុនា ឆ្នាំ​២០១៩​ ជាមួយនឹង​ការប្រកួតប្រជែង​ថ្មី​ដើម្បី​បំផុស​គំនិត​យុវជន​កម្ពុជា​លើ​ការអប់រំ​ស្ទែម

ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩។

ប្រធានបទ​សម្រាប់​ឆ្នាំនេះ​គឺ “​ទីក្រុង​វៃឆ្លាត​” (Smart Cities) ដោយមាន​ការប្រកួតប្រជែង​លើ​វិញ្ញាសា​ទូទៅ (Regular) ជាមួយនឹង LEGO Mindstorm Robots និង​វិញ្ញាសា​បើកទូលាយ​ថ្មី (New Open) ដែលមាន​ការដាក់ឱ្យ​ប្រកួត​រ៉ូ​បូត​គ្រប់​ប្រភេទ​។ ចំពោះ​ទាំង​វិញ្ញាសា​ទូទៅ និង​បើកទូលាយ​គឺ​ចែកចេញជា​ពីរ​កម្រិត ៖ កុមារ (១៣-១៥​ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​)​។

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ក្រោម​ការគាំទ្រ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​បេសកកម្ម​ក្នុងការ​បណ្ដុះ​ការចូល​ចិត្តការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ដើម្បី​កសាង​អនាគត​កម្ពុជា​ដ៏​ភ្លឺស្វាង។

នៅ​ជុំវិញ​ពិភពលោក មុន​វិជ្ជា​ស្ទែ​ម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។ ជាអាទិ៍ ការសិក្សា​អំពី​រ៉ូ​បូត​គឺជា​មធ្យោបាយ​មួយ​គួរឱ្យ​ចាប់អារម្មណ៍​ក្នុងការ​បណ្ដុះ​ឱ្យ​យុវជន​ចូលចិត្ត​មុខវិជ្ជា​ទាំងនេះ។

បណ្ឌិត Una McCarthy-Fakhry នាយិកា អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ថ្លែងថា ៖ «​ការរីករាយ​ជាមួយ​នឹង​រ៉ូ​បូត​គឺជា​វិធី​ល្អ​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ដែល​ចាំបាច់​ពី​គ្រប់ផ្នែក​នៃ​ការអប់រំ​ស្ទែ​ម និង​ជា​មធ្យោបាយ​មួយ​ដ៏​រីករាយ ជាមួយនឹង​សកម្មភាព​ការងារ​ក្រុម​រួមគ្នា និង​មាន​លក្ខណៈ​អប់រំ​»​។​

កាលពី​ឆ្នាំ​២០១៨ កន្លងទៅនេះ អង្គការ​ពិ​ព័រ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា បាន​ក្លាយ​ជា​ដៃគូ​ពេញ​សិទ្ធិ​របស់​សមាគម​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក និង​បានរៀបចំ​ព្រឹត្តិការណ៍ ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​មោទនភាព​ដែល​ក្រុម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ក្រុម​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំទៅ។

រីឯ​នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ជុំ​ប្រកួត​នៅ​កម្ពុជា​នឹង​អាច​ផ្ដល់ឱកាស​ប្រកួត​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ហើយ​យើង​សង្ឃឹមថា យុវជន​យើង​នឹង​អាច​មានឱកាស​តំណាងឱ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

សូម​ចុះឈ្មោះ​តាមរយៈ​វេ​ប​សាយ​របស់​យើងខ្ញុំ​។ ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ទី​៣០ ខែមីនា ដល់​១០ ខែ​ឧសភា។

បទ​បង្ហាញ​ព័ត៌មាន​សាធារណៈ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​០៦ ខែមេសា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ត្រង់នេះ ឬ​ទាក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬ​ទំព័រ​វេ​ប http://www.stemcambodia.ngo/world-robot-olympiad/ ៕