ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្ត​ភាគ​ខ្មែរ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៩ ថ្ងៃមុន​ស្អប់ ​ថ្ងៃនេះ​ស្រលាញ់ សម្ពោធ​ចាក់​បញ្ចាំង​ផ្លូវការ​ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ​ជាច្រើន

ភ្នំពេញ ​៖ ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ទន្ទឹង​រង់ចាំ​របស់​អ្នកគាំទ្រ​នោះ​ទីបំផុត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩​គឺ​រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់ ដែលជា​សមិទ្ធផល​សម្រិតសម្រាំង​ជា​ស្នាដៃ​ធំ​ប្រចាំ​ឆ្នាំ​២០១៩ របស់​ទូរទស្សន៍​ភី​អិន​អិន​ពេលនេះ​ ត្រូវបាន​ប្រកាស​បើក​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ។

ចំពោះ​ពិធី​សម្ពោធ​ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៩​រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់ របស់​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​នេះ​ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​រោងភាពយន្ត​Major Cineplex ផ្សារ​ទំនើប​អ៊ី​អន​១​ដោយមាន​ការចូលរួម​អបអរ​ពី​សំណាក់​តារា​សម្តែង​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ផងដែរ។

តាម​ការកត់សម្គាល់​តា​រា​ប្រុស​-​ស្រី​ល្បីៗ​ដែល​បានបង្ហាញ​វត្តមាន​ចូលរួម​សម្តែង​និង​អបអរ​ពិធី​សម្ពោធ​ភាពយន្ត​ភាគ​ខ្មែរ​រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់ រួមមាន​ដូចជា​៖​លោក លឹម ជា​ឡាយ ,​លោក ប៊ឺ​រី ,​កញ្ញា ពុធ ស្រី​ខួច , កញ្ញា សាឡា​ត់ ស្រី​ឡាង , លោក ចាន់ រាសី ,​កញ្ញា ឈិន ស៊ា​វ​ម៉ី ,​លោក រតនៈ​វិសិដ្ឋ , នូ ឧសភា ,​ង៉ែត លី​តា ,​ទេព មនោ​រម្យ ,​លឹម តិច​ម៉ុង ,​ជាង សំណាង ,​ពិន ណារិន ,​ហង្ស អ​ច្ឆ​រិ​យា ,​តារា​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ រួមទាំង​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ទៀតផង។

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​PNN​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ​សាច់រឿង​ទាំង​មូលនៃ​ខ្សែភាពយន្ត​រឿងនេះ​គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​មនោសញ្ចេតនា​មិត្តភាព​យូរ​អង្វែង ការភ័ន្តច្រឡំ​ដោយ​អស្មិមានះ និង​តម្លៃ​នៃ​គុណធម៌​ឈរ​ពីលើ​ប្រយោជន៍។ រឿងនេះ​មាន​លំដាប់​សាច់រឿង​ល្អ​ដោយសារ​មាន​បញ្ចូល​នូវ​ឈុត​ឆាក​កន្ត្រាក់​អារម្មណ៍​ព្រមទាំង​រំភើប​ផ្អែមល្ហែម​និង​មាន​អ្នកគាំទ្រ​ទូទាំង​ប្រទេស។

ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​កញ្ញា ទូច បុប្ផា បញ្ជាក់​បន្ថែម​ថា នេះ​ជា​រឿង​ភាគ​ដំបូង​ ដែល​ចំណាយពេល​ផលិត​ជាង​១​ឆ្នាំ​មកហើយ ​និង​បាន​កម្លាយ​ចេញពី​ប្រលោមលោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​។​ម្យ៉ាងទៀត​អ្នកគាំទ្រ​របស់​រឿងនេះ​អន្ទះសា​​ចង់ឃើញ​រូបភាព​ពិត​លើ​ទូរទស្សន៍​ ចំណែក​ខាង​ភី​អិន​អិន​ចង់​ផលិត​ឲ្យ​ភាពយន្ត​នេះ​ប្រកបដោយ​គុណភាព​និង​កាន់តែ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន។ រឿង ថ្ងៃមុន​ស្អប់​ថ្ងៃនេះ​ស្រលាញ់ នឹងត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១៩​ខែមីនា ឆ្នាំ​២០១៩​នា​វេលា​ម៉ោង​០៧​និង​៥០​នាទី​ចាប់​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ​។​

ជាមួយគ្នានេះដែរ​លោក សុខ​សា​ធិ​ត សាក់​រ៉ា​យុ​ត នាយក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​បន្ថែមថា ​ទូរទស្សន៍​ភី​អិន​អី​ន​មាន​ទស្សនវិស័យ​រយៈពេល​វែង​និង​ប្រកបដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​ស្ថាប័ន​ជំនាញ​សិល្បករ​-​សិល្បការិនី​ខ្មែរ​ដើម្បី​ជំរុញ​កម្រិត​បទដ្ឋាន​រឿង​ភាគ​ក្នុងស្រុក​ឲ្យ​ឈាន​ទៅ​ដល់​អ្វី​ដែល​ជា​ទីផ្សារ​កំពុងទ​ទួ​ច​ចង់បាន​ពី​ទស្សនិកជន​អ្នកគាំទ្រ​គ្រប់​មជ្ឈដ្ឋាន៕