ព័ត៍មានទាន់​ហេតុការណ៏
Search

ចុះបង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​៣​កន្លែង​ ផ្សេងគ្នា​ រឹបអូស​បាន​សម្ភារៈ​មួយចំនួន​ធំ នៅ​ស្រុក​លំផាត់​

រតនគិរី ៖ កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ សហការ​ជាមួយ​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត និង​កម្លាំង​អធិការនគរបាល​ស្រុក​លំផាត់ ដោយមាន​ការសម្របសម្រួល​ពី ​លោក ​ជា ពេជ្រ ព្រះរាជអាជ្ញា ​និង​លោក​ បូរ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង ​ដោយ​ខុស​ច្បាប់​៣​កន្លែង ​ដាច់ដោយឡែក​ពីគ្នា។

ករណី​ចុះ​បង្ក្រាប​ជីក​រ៉ែ​ត្បូង​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវ​នឹង​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ចម្ការ​ស្វាយ​ចន្ទី និង​ចម្ការ​កៅស៊ូ នៅត្រង់ចំណុច​ភូមិ​ចាង​រា ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគីរី។

ក្នុងនោះដែរ​ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​ដកហូត​សម្ភារៈ​មួយចំនួន រួមមាន​ ម៉ូតូ​៩​គ្រឿង សម្រាប់​រែង​អាចម៍​ត្បូង​៥​តង់ និង​ឧបករណ៍​សម្រាប់​យក​ត្បូង​ផ្សេងទៀត​ផងដែរ។

បច្ចុប្បន្ន​ សមត្ថកិច្ច​ បា​ន​យក​សម្ភារៈ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​អូ​ស៊ិន​លែ​រ៍ ដើម្បី​រង់ចាំ​ស្អែក​កម្លាំង​ជំនាញ​នឹង​បន្ត​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត​។​

សូមបញ្ជាក់ថា ខណៈ​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ខាងលើនេះ ​ដោយ​កម្មករ​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់ ទុក​តែ​មធ្យោបាយ ​និង​សម្ភារៈ​ប្រើប្រាស់​តែប៉ុណ្ណោះ​។​
ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ ចុះ​អនុវត្ត​តែ​ស្រុក​លំផាត់​មួយ ដោយឡែក​នៅ​ស្រុក​បរ​កែវ ជា​ច្រើន​កន្លែង​ទៀត ​មិន​ចុះ​អនុវត្ត ឬមួយ​បាន​លាភ​សក្ការ​ហើយ​ទេ​ដឹង​?៕