ព័ត៍មានទាន់​ហេតុការណ៏
Search

ទោះបី​អាជីវករ​បង់ថ្លៃ​សន្តិសុខ​យាម​យប់​យ៉ាងណា ក៏​ចោរ​ចូល​លួច​អីវ៉ាន់​ក្នុង​តូប​ផ្សារ​សាមគ្គី​យ៉ាង​រលូន ធ្វើ​ឲ្យ​អាជីវករ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង

ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ខណៈ​អាជីវករ​ម្នាក់ បើក​តូប​លក់​ខោអាវ​របស់​ខ្លួន ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី បាន​បាត់បង់​ខោអាវ​មួយចំនួនធំ និង ​បាស​JBL ដែល​សរុប​ទឹកប្រាក់​ជាង​៤.០០០​ដុល្លារ។

ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ស្ថិតក្នុង​តូប​លេខ​១៧ និង​១៨ ក្នុង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កាលពី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ មាន​បុរស​ម្នាក់​ពាក់មួក និង​បិទ​ម៉ាស់​ជិត បាន​អូស​រទេះ មក​ឈប់​នៅ​ផ្លូវ​ចូល​ផ្សារ​ចំហៀង​ខាង​ឆ្វេង ហើយ​ក៏​ដើរ​ចូលទៅ​ជញ្ជូន​អីវ៉ាន់​(​មិនដឹង​តូប​មួយណា​) យក​មក​ដាក់​ក្នុង​រទេះ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា​ ខណៈពេល​បុរស​សង្ស័យ ដើរ​ចេញមកក្រៅ ក៏បាន​ជួប​ជាមួយ​អ្នក​រើស​សំរាម នៅ​ខាងក្រៅ រួចមក​ម៉ូតូ​០១៨ អូស​រទេះ​ចេញទៅ​បាត់​តែម្ដង។ ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់ ខណៈ​ពួកគាត់​បាន​បង់ថ្លៃ​តូប ឲ្យ​សន្តិសុខ​ផ្សារ​យាម​យប់​ជាប្រចាំ​ខែ នៅតែ​ចោរ​ចូល​លួច​អីវ៉ាន់​របស់​ពួកគាត់​យ៉ាង​រលូន​ដូច្នោះ។

បើតាម​ម្ចាស់​តូប​រងគ្រោះជ​ឈ្មោះ មាស ស្រី ហៅ​ពៅ អាយុ​៤៧​ឆ្នាំ ជា​អាជីវ​ករ​លក់​ខោអាវ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន បាន​បញ្ជាក់​ថា​ ជា​រៀងរាល់ថ្ងៃ​ម៉ោង​ប្រហែល​៦​ព្រឹក គាត់​តែងតែ មក​បើក​តូប ដើម្បី​ប្រកប​អាជីវកម្ម​បន្ត​ជា​ធម្មតា លុះដល់​ម៉ោង​ប្រហែល​៧​យប់ ក៏​បិទទ្វារ​តូប​ចេញទៅ​ផ្ទះ​ជាធម្មតា​វិញ។

ជនរងគ្រោះ​បន្ត​ថា​ រហូតដល់​ព្រឹក​កើតហេតុ ពេល​គាត់​មក​បើក​តូប​បម្រុង​រៀប​អីវ៉ាន់​លក់ ស្រាប់​ខោ​អាវ​ក្នុង​តូប បាត់អស់​ជាច្រើន រហូតដល់​បាត់​ស្ទិកឃើរ ក៏​បង្ក​ការភ្ញាក់ផ្អើល​តែម្តង ព្រមទាំង​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ដល់​កន្លែងកើតហេតុ​ផងដែរ។

គាត់​បន្តទៀតថា​ របស់​ដែល​បាត់បង់​រួមមាន JBL មួយគ្រឿង តម្លៃ​៣៣៣​ដុល្លារ ,​អាវ​កូរ៉េ​៥០ តម្លៃ​ប្រហែល​ជាង​២​ពាន់​ដុល្លារ​, អាវ​កូនក្មេង និង​ខោ​លី​អូ ព្រមទាំង​សារុង​មួយចំនួនធំ ដែល​សរុប​ទឹក​ប្រាក់​ប្រហែលជា​៤​ពាន់​ដុល្លារ​ផងដែរ។​

បើតាម​ លោក គង់ សំណាង អធិការរង​ក្រុងប៉ៃលិន ទទួលបន្ទុក​មើល​សន្តិសុខ និង​ផ្សារ​សាមគ្គី បាន​ឲ្យ​ដឹង​ដែរ​ថា ករណីនេះ​ សមត្ថកិច្ច កំពុង​ធ្វើការ​ស្រាវជ្រាវ ព្រោះ​នៅ​កន្លែង​តូប​កើតហេតុ មិន​មាន​ការ​គាស់​តូប​ ឬ​វាយ​ឲ្យ​បាក់បែក​អ្វី​បន្តិច​សោះ ​គឺ​សោ ក៏​មិន​មាន​ស្លាកស្នាម​អ្វី​ដែរ ប៉ុន្តែ​ករណី​សមត្ថកិច្ច​យើង នៅតែ​ធ្វើ​ស៊ើបអង្កេត ដើម្បី​រកមុខ​ជនសង្ស័យ​ឲ្យ​បាន។

លោក​បាន​បន្តថា លោក​ទទួលស្គាល់ថា ជនរងគ្រោះ ​ពិតជា​បាត់បង់​របស់របរ​មែន ចំពោះ​បញ្ហា​សន្តិ​សុខ​ គឺ​នៅ​យប់កើតហេតុ​ គឺ​គាត់​(​សន្តិសុខ​)​យាម​ចំនួន​ពីរ​នាក់ មិនបាន​ឈប់​សម្រាក​នោះ​ទេ ហើយ​លោក​នឹង​ហៅ​ម្ចាស់​តូប​មក​សួរនាំ ថា​តើ​គាត់​មានបាន​ឲ្យ សោ​ទៅ​អ្នកណា​កាន់​ខ្លះ ព្រោះ​សោ​របស់​គាត់​គឺ​នៅ​ធម្មតា មិនមាន​ស្នា​ម​ដុំ​ ឬ​គាស់​តូប​នោះ​ផង​ដែរ៕​