ព័ត៍មានទាន់​ហេតុការណ៏
Search

អាង​ខ្លួន​ជា​អ្នក​សារព័ត៌មាន​ នាំ​បក្ខពួក​ទៅ​ធ្វើ​របង​រំលោភ​យក​ដី​គេ​ទាំង​បំពាន​

ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​ លោក​ ពៅ ស្រី​សួគ៌ ជា​សមាជិក​គណៈ​មេធាវី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ការិយាល័យ​ មេធាវី​ និរតី​បាន​ឲ្យ​ដឹង​ថា​ លោក​ ស៊ន​ ម៉ៅ មុខងារ​ជា​និពន្ធ​នាយករង​សារ​ព័ត៌មាន ​និង​គេហទំព័រ​(​ថ្ងៃស្អែក​)​គឺជា​មេខ្លោង​ក្នុង​ការ​នាំ​បក្ខពួក​ទៅ​ដាំ​បង្គោល​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​របស់​កូនក្តី​លោក​ទាំង​បំពាន​ច្បាប់​។​

លោក​ មេធាវី បាន​បន្តថា​ ដី​កូនក្តី​របស់លោក ​គឺមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អង្កោល​ ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​ដែលមាន​ទំហំ​៩,៣៥០​ម៉ែត្រការ៉េ​(​ប្រាំបួន​ពាន់​បី​រយ​ហាសិប​ម៉ែត្រការ៉េ​)​ ដែល​ដី​នេះ​ កូនក្តី​របស់​លោក​បាន​ទិញ​ពី​ លោក​ ច​ន្ទ័ សំអាង កាលពី​ថ្ងៃទី​៣០​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​លេខ ៦៩២/១៨ ​អក​ ចុះ​ថ្ងៃទី​២១​ ខែ​កក្កដា ​ឆ្នាំ​២០១៨​ របស់​លោក​មេឃុំ​អង្កោល​ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រឹមត្រូវ​ទៀត​ផង​។​

លុះដល់​ថ្ងៃទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ ​ស្រាប់តែ​ លោក ​ស៊ន ម៉ៅ អាង​ខ្លួន​ជា​អ្នក​សារ​ព័ត៌មាន ​និង​ស្ត្រី​ឈ្មោះ​ សាំង ឌៀប ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​អង្កោល​នេះដែរ​ បាន​នាំ​បក្ខពួក​ជាច្រើន​នាក់​ទៅ​ជីក​រណ្ដៅ​ដាំ​បង្គោល​រំលោភ​យកដី​កូនក្តី​របស់​លោក​ទាំង​បំពាន ​បើទោះបី​អ្នក​ចាំ​ដី​ឲ្យ​កូនក្តី​ហាម​ឃាត់​ក៏​ ឈ្មោះ​ ស៊ន ​ម៉ៅ ​និង ​ស្ត្រី​ ឈ្មោះ ​សាំង ឌៀប នៅតែ​បញ្ជា​ឲ្យ​បក្ខពួក​ជីក​ដី​ដាំ​បង្គោល​ក្នុង​ដី​កាន់កាប់​របស់​គេ​ទាំង​បំពាន​ច្បាប់ ​ហើយ​ខណៈ​នោះដែរ​ អ្នក​ចាំ​ដី​មិន​ហ៊ាន​តបត ព្រោះ​ពួកគេ​មាន​កាំបិត​ ពូថៅ​ គ្រប់​ដៃ​ ហើយ​ម្យ៉ាង ​ស្ត្រី​ សាំង ឌៀប ​វិញ ​គឺ​កាន់​កាំបិតផ្គាក់​ចាំ​កាប់​អ្នក​មក​រារាំង​។​

លោក​មេធាវី​បន្តទៀតថា​ ចាប់តាំងពី​ថ្ងៃទី​២៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ដែល​ឈ្មោះ​ ស៊ន ម៉ៅ និង​ស្ត្រី​ឈ្មោះ ​សាំង ឌៀប នាំ​បក្ខពួក​មក​ជីកដី​ដាំ​បង្គោល​ធ្វើ​របង​ព័ទ្ធ​យក​ដី​កូនក្តី​លោក​មេធាវី​រហូតមកដល់​ថ្ងៃទី​១៥​មីនា​នេះ​ គឺ​អ្នក​នៅ​ពីក្រោយ​រឿងរ៉ាវ​រំលោភ​យក​ដី​ស្របច្បាប់​របស់​កូនក្តី​លោក​មេធាវី​ ពៅ ស្រី​សួគ៌ ត្រូវបាន​គេ​ដឹងថា​ ឈ្មោះ​ស៊ន ម៉ៅ ដែល​អាង​ខ្លួន​ជា​អ្នក​សារ​ព័ត៌មាន ​ប៉ុន្តែ​ទោះជា​យ៉ាងណា ​ក៏​លោក​មេធាវី​សង្ឃឹម​ជឿជាក់​ទៅលើ​សមត្ថកិច្ច​ និង​ប្រព័ន្ធ​តុលាការ​ និង​ជួយ​រក​យុត្តិធម៌ ជូន​ដល់​ម្ចាស់​ដី​ជាក់​ជាមិនខាន​។​ព្រោះ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​កំពុង​តែ​កើតមាន​រឿង​រ៉ាវ​មាន​មេខ្លោង ​ដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ ដែល​មិនដឹង​ច្បាប់​ ដើរទៅ​ចាប់ដី​របស់​គេ ​ដោយ​ល្បិចកល​របស់​ពួកគេ ​គឺ​ឈ្នះ​ក្តី​បាន​ដី បើ​ចាញ់ក្តី​បាន​លុយ​។​

រឿងរ៉ាវ​ដូចខាងលើ​ គឺ​ធ្វើ​ម្ចាស់​ដី ​និង​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន ​លោក​កំពុងតែ​ល្វីងមុខ ​និង​ក្រុម​មេ​ខ្លោង​ដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ចាប់ដី​គេ​បែបនេះ​៕