ព័ត៍មានទាន់​ហេតុការណ៏
Search

អ​.​ហ ​ចាប់ខ្លួន​ស្ត្រី​មន្ត្រី​ក្រសួង​វប្បធម៌​ម្នាក់ ករណី​ឆបោក​ឲ្យ​ចូល​បម្រើការ​ជា​នគរបាល​

សៀមរាប ​៖​ មន្ត្រី​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ​ជា​មន្ត្រី​បម្រើ​ការងារ​ នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ក្នុង​ករណី​ឆបោក ឲ្យ​ចូល​បម្រើ​ការងារ​រាជការ​ស៊ីវិល និង​ប៉ូលិស។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ ​ចំណុច​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។​

ជនសង្ស័យ​ខាងលើ​មាន ឈ្មោះ​ កែវ សីលា​ អាយុ​៣៥​ឆ្នាំ ​ស្នាក់នៅ​ផ្ទះជួល ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

ប្រភព​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​ដកហូត​វត្ថុតាង ឯកសណ្ឋាន​ប៉ូលិស​១​ឈុត​,​កាត​សំគាល់​ខ្លួន​៣​សន្លឹក​។ ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មីនា​នេះ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

ក្នុងករណីនេះ អ្នកយកព័ត៌មាន​មិនអាច​ស្វែង​ការ​បំភ្លឺ​ពី​តំណាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណា​
​មួយ​បាន​នោះទេ ជុំវិញ ដែល​ថា ស្ត្រី​រូបនេះ បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។

ប៉ុន្តែ​មន្ត្រី​អាវុធហត្ថ​អះអាងថា ស្ត្រី​រូបនេះ​បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយ​ផ្អែក​តាម​ការ​ពិនិត្យមើល​កាត​សំគាល់​ខ្លួន​។ ចំណែក​ជនរងគ្រោះ​មាន​គ្នា​៤​នាក់ ម្នាក់​ឲ្យ​ចូល​បម្រើ​ការងារ​ជា​ប៉ូលិស និង​៣​នាក់​ទៀត ឲ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ស៊ីវិល​។ សរុប​ទាំង​៤​នាក់ គឺ​លើ​ទំហំ​ទឹកប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ទំនងជា​អាច​នៅមាន​ជនរងគ្រោះ​បន្ថែមទៀត​ដែល​ត្រូវ​ចាញ់បោក​ក្នុង​
ករណី​ខាងលើនេះ​៕​