ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​អាមេរិក​បោះឆ្នោត​ជា​ឯកច្ឆន្ទ ​ទាមទារ​ឲ្យ​របាយការណ៍​របស់​លោក​Mueller ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ

សភា​អាមេរិក​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទាមទារ​ឲ្យ​សេចក្តីរាយការណ៍​ពេញលេញ​របស់លោក Robert Mueller ស្តីពី​ការស៊ើបអង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​ត្រូវធ្វើ​ឡើងជា​សាធារណៈ។

សភា​បាន​បោះឆ្នោត​ក្នុង​សំឡេង​៤២០​ទល់​០​លើ​សេចក្តីសម្រេច​មិន​ជាប់​កាតព្វកិច្ច​ដែល​នេះ​បានបង្ហាញ​ពី​ការជំទាស់​យ៉ាងខ្លាំង​ចំពោះ​រាល់​ទង្វើ​ដែល​លោក​ប្រធានាធិបតី Donald Trump និង​អគ្គមេធាវី​របស់លោក​ឈ្មោះ Bill Barr អាចធ្វើ​ដើម្បី​រារាំង​ការចូល​លូកដៃ​របស់​សភា​ឬ​សាធារណជន​ចំពោះ​ការរកឃើញ​របស់លោក Mueller។

ខណៈពេលដែល​គណបក្ស​សាធារណរដ្ឋ​បាន​ថ្កោលទោស​សេចក្តីសម្រេច​នេះ​ថា​ជា​ទង្វើ​នយោបាយ​នោះ នៅ​ទីបំផុត សមាជិក​ចំនួន​១៩០​នាក់​បាន​បោះឆ្នោត​គាំទ្រ។

ការបោះឆ្នោត​នេះ​បានធ្វើ​ឡើងខណៈ​មានការ​រំពឹងទុក​យ៉ាងខ្លាំង​ថា លោក Mueller ជិត​ឈានដល់​ទីបញ្ចប់​នៃ​ការស៊ើបអង្កេត​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​បាន​ផ្តោតទៅលើ​ថា​តើ​យុទ្ធនាការ​របស់លោក Trump ឆ្នាំ​២០១៦​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​ដែរ​ឬ​អត់។

អ្នកប្រជាធិបតេយ្យ​គិតស្មាន​ថា របាយការណ៍​នេះ​អាចមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ប្រឆាំងនឹង​លោក​ប្រធានាធិបតី។

លោក Mueller បាន​ចោទប្រកាន់​ទៅលើ​មនុស្ស​និង​ក្រុមហ៊ុន​ជាច្រើន​ដែល​រួមមាន​ទាំង​អតីត​ជំនួយការ​ជិតស្និទ្ធ​ឬ​សហការី​ចំនួន​៦​នាក់​របស់លោក Trump ផងដែរ។

មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​រកឃើញថា​មាន​កំហុស​រួមទាំង​អតីត​ប្រធាន​យុទ្ធនាការ​របស់លោក Trump ឈ្មោះ Paul Manafort ផងដែរ​ដែល​ត្រូវបាន​ជាប់គុក​រយៈពេល​៧​ឆ្នាំកន្លះ​ក្នុងករណី​ចំនួន​២​ដែល​ករណី​ទី​២ បានបញ្ចប់​កាលពី​ថ្ងៃ​ពុធ​។​

អ្នក​ទី​៦​គឺជា​ទីប្រឹក្សានយោបាយ​ឈ្មោះ Roger Stone បាន​លេចមុខ​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕ AFP