ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់រយ​នាក់​ចាក​ចេញពី​ទឹកដី​ចុងក្រោយ​របស់​ក្រុម IS នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី

មនុស្ស​ប្រុស​ស្រី​និង​កុមារ​រាប់រយ​នាក់​បាន​រត់​ចេញពី​ទឹកដី​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​យុទ្ធជន​ស៊ី​រី​ដែល​គាំទ្រ​ដោយ​អាមេរិក​បាន​បន្ថយល្បឿន​ការវាយលុក​របស់ខ្លួន​សាជាថ្មី​ដើម្បី​កម្ចាត់​រដ្ឋ Caliphate​។​

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) និង​យន្ដហោះ​ចម្បាំង​នៃ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដែល​គាំទ្រ​ពួកគេ​បាន​បាញ់​សាច​ដូច​គ្រាប់​ភ្លៀង​លើ​ភូមិ Baghouz ដែល​នាំ​ឲ្យ​សមាជិក​ក្រុម IS រាប់ពាន់នាក់​ចុះចាញ់​។​

កងកម្លាំង​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​បាន​និយាយថា “​ភេរវ​ករ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​១,៣០០​នាក់​បានប្រគល់​ខ្លួន​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​យុទ្ធជន​របស់ខ្លួន​បាន​បន្ថយល្បឿន​ការវាយលុក​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ចាក​ចេញពី​ភូមិ​នេះ​”​។​

អ្នកយកព័ត៌មាន​រប​ស់ AFP បាន​និយាយថា អ្នក​ដែល​ចាកចេញ​បាន​ដើរ​យឺតៗ​ឡើងលើ​ច្រាំង​ថ្ម​ដែល​អាច​មើលឃើញ​កន្លែង​លាក់ខ្លួន​របស់​ក្រុម IS នៅ​ដង​ទន្លេ Euphrates ។​

នៅក្រោម​មេឃ​ភ្លៀងរលឹម បុរស​ដែលមាន​ពុកចង្កា​ក្រាស់​បាន​តស៊ូ​ជាមួយ​ឈើច្រត់​ខណៈដែល​ស្ត្រី​បាន​ដួល​ជាមួយនឹង​ឥ​វ៉ាន់​ដ៏​ធ្ងន់​។ កូនក្មេង​ដែល​ប្រឡាក់​ដោយ​ធូលី​បាន​ដើរ​តាម​ពីក្រោយ​។ ក្មេងស្រី​តូច​ម្នា​ក់បាន​ដួលសន្លប់​។​

ភាគច្រើន​នៃ​បុរស​ហាក់ដូចជា​ត្រូវ​រងរបួស​។ បុរស​ម្នាក់​មាន​របួស​ភ្នែក​និង​ដៃ​។​
​មនុស្ស​ជាច្រើន​រួមទាំង​ក្មេងៗ​ផងដែរ​ហាក់ដូចជា​ជនបរទេស​។​

ការបាញ់​គ្នា​អាច​ត្រូវ​បានឮ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​
​អ្នក​ប្រយុទ្ធ​របស់ SDF ម្នាក់​បាន​ប្រាប់ AFP ថា កងកម្លាំង​នេះ​កំពុង​ពង្រឹង​ទីតាំង​របស់ខ្លួន​នៅពេល​ព្យុះ​ខ្សាច់​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​បាន​រារាំង​ការវាយលុក​ចូលទៅក្នុង​ទឹកដី​របស់​ក្រុម IS​។​

ក្រុម​ជ្រុលនិយម​នៅ​ខាង​ក្នុងភូមិ​នោះបាន​លាក់ខ្លួន​នៅក្រោម​ដី​ពី​ការវាយប្រហារ​អាកា​សដោ​យ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ហើយ​បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​លើ​កងកម្លាំង​ដែល​កំពុង​វាយលុក​៕ AFP