ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ចោទប្រកាន់​អាមេរិក​ថា “​វាយប្រហារ​ភេរវកម្ម​” លើ​រោងចក្រ​ប្រេង

ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​បន្តធ្វើ​ការងារ​ឡើងវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការផ្អាក​រយៈពេល​មួយ​សប្តាហ៍​ដែល​បណ្តាលមកពី​ការ​ដាច់​ភ្លើង​ទូទាំងប្រទេស​មិន​ធ្លាប់មាន​ពីមុនមក​ប៉ុន្តែ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Nicolas Maduro ត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​រួមទាំង​ការវាយប្រហារ​ភេរវកម្ម​លើ​រោងចក្រ​ប្រេង​មួយ​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​ប្រេង​លោក Manuel Quevedo បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា ធុង​ស្តុក​ប្រេង​ចំនួន​បី​នៅ​រោងចក្រ​កែច្នៃ​ប្រេង Petro San Felix នៅ​ភាគ​ខាងកើត​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​ពុធ​។ មិនមាន​របាយការណ៍​អំពី​ការស្លាប់​និង​របួស​ទេ។

លោក Quevedo បាន​ស្តីបន្ទោស​រឿងនេះ​ទៅលើ​លោក Guaido ដោយ​ចោទប្រកាន់​លោក​ពី​ការឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក​។ លោក Guaido គឺជា​ប្រធានសភា​ដែល​កាន់កាប់​ដោយ​គណបក្សប្រឆាំង​និង​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ចំនួន​៥០។

លោក Quevedo បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ VTV ថា “​មាន​សកម្មភាព​ភេរវកម្ម​មួយ​ដែល​យើង​ត្រូវ​ថ្កោលទោស​នៅ​កម្រិត​អន្តរជាតិ”។

នៅលើ Twitter រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា លោក Guaido និង​ក្រុមប្រឆាំង​បាន​បង្កើន​ការ​លុកលុយ​ភេរវកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ PDVSA ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា។

លោក​បានសរសេរថា “​ជន​ក្បត់​! អាមេរិក​បានសម្រេច​ចិត្ត​លួច​យក​ធនធាន​ប្រេង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​ចង់​ឲ្យ​មាន​ឈាម​ហូរ”។

ប្រេង​គឺ​ទទួលខុសត្រូវ​ចំនួន​៩០​ភាគរយ​នៃ​ប្រាក់ចំណូល​នាំចេញ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។ ការផលិត​បាន​ធ្លាក់ចុះ​ជា​យូរ​មកហើយ​ដោយសារតែ​ការមិន​មានការ​ទទួល​ខុសត្រូវ​និង​ការគ្រប់គ្រង​មិនបាន​ល្អ​។ ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​កាន់តែខ្លាំង​ឡើង​បាន​កាត់បន្ថយ​ការនាំចេញ​បន្ថែមទៀត។

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ប្រតិកម្ម​ភ្លាមៗ​ពី​សហរដ្ឋអាមេរិក​ទេ​ចំពោះ​ការចោទប្រកាន់​របស់​ទីក្រុង Caracas៕ AFP