ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ការទូត​ ៖ ​កូរ៉េខាងជើង ​អាច​ផ្អាក​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក

សេចក្តី​រាយការណ៍​ព័ត៌មាន​ពី​រដ្ឋធានី​របស់​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​ បាន​ដកស្រង់​សម្តី​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់ ​ដែល​បាន​និយាយ​ថា កូរ៉េខាងជើង​កំពុង​ពិចារណា​ផ្អាក​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​និង​អាច​គិត​ឡើងវិញ​លើ​បម្រាម​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​លុះត្រាតែ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​សម្បទាន។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុស្ស៊ី​និង​សារព័ត៌មាន Associated Press បាន​រាយការណ៍​ថា អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី Choe Son Hui បាន​ស្តីបន្ទោស​ក្រុមមន្ត្រី​កំពូល​របស់​សហរដ្ឋអាមេរិក​ចំពោះ​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​កាលពី​ខែ​មុន​ក្នុង​ទីក្រុង​ហាណូយ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

TASS បាន​ដកស្រង់​សម្តី​របស់​លោកស្រី Choe នៅពេល​ប្រាប់​អ្នកកាសែត​ក្នុង​រដ្ឋធានី​របស់​កូរ៉េខាងជើង​ថា “​យើង​មិន​មានបំណង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ហាណូយ​ក្នុង​ទម្រង់​ណាមួយ​នោះទេ​ហើយ​យើង​ក៏​មិន​ចង់​ចូលរួម​នៅក្នុង​ការចរចារ​បែបនេះ​ផងដែរ​”​។​

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton បាន​បង្កើត​បរិយាកាស​អរិភាព​និង​ការមិនទុកចិត្ត​ហើយ​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ស្ថាបនា​សម្រាប់​ការចរចារ​រវាង​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​។​

លោក​គីម​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​ក្នុងពេល​ឆាប់ៗ​នេះ​លើ​ជំហរ​របស់លោក​ទាក់ទង​នឹង​ការចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​និង​អំពី​សកម្ម​ភាពជា​បន្តទៀត​របស់​ប្រទេស​កូរ៉េខាងជើង​។​

លោកស្រី Choe បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះចោល​ឱកាស​មាស​នៅឯ​កិច្ចប្រជុំ​កំពូល​នេះហើយ​បាន​ព្រមាន​ថា លោក​គីម​អាច​ពិចារណា​ឡើងវិញ​នូវ​ការផ្អាក​ការបាញ់​មី​ស៊ី​ល​និង​ការសាកល្បង​នុយក្លេអ៊ែរ​។​

កិច្ចប្រជុំ​កំពូល​ត្រាំ​-​គីម​លើក​ទី​ពីរបាន​ដួលរលំ​ដោយសារតែ​ការខ្វែងគំនិត​គ្នា​ព្រោះ​សហរដ្ឋអាមេរិក​បានទាមទា​រ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​និង​ការទាមទារ​របស់​កូរ៉េខាងជើង​សម្រាប់​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​ដាក់​ដោយសារ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។​

លោកស្រី Choe បាន​និយាយ​បន្ទាប់ពី​ការចរចា​ក្នុង​ទីក្រុង​ហាណូយ​ថា លោក​គីម​អាច​បាត់បង់​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ក្រោយពី​បាន​មើលឃើញថា ខ្លួន​ត្រូវបាន​គេ​បដិសេធ​សំណើរ​មួយ​ដើម្បី​ដក​ទណ្ឌកម្ម​ខ្លះៗ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114