ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស៊ើប​អង្កេត​បារាំង​ពិនិត្យមើល​ទិន្នន័យ​ប្រអប់​ខ្មៅ​ពី​យន្តហោះ​ដែល​ធ្លាក់​នៅ​ប្រទេស​អេ​ត្យូ​ពី

ក្រុម​អ្នកស៊ើប​អង្កេត​បារាំង​កាលពី​ថ្ងៃ​សុក្រ​បានចាប់ផ្តើម​វិភាគ​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​នៃ​យន្តហោះ Boeing 737 Max ដែល​បាន​ធ្លាក់​ក្រោយពេល​ហោះ​ចេញពី​ទីក្រុង Addis Ababa ដោយ​សម្លាប់​មនុស្ស​១៥៧​នាក់​ដែលជា​គ្រោះមហន្តរាយ​ទី​ពីរ​ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ប្រភេទ​នេះ​ចាប់តាំងពី​ខែតុលា​មក។

ក្រុម​អ្នកជំនាញ​នឹងត្រូវ​ស្វែងរក​ទំនាក់ទំនង​ណាមួយ​រវាង​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​កាលពី​ថ្ងៃអាទិត្យ​និង​ការធ្លាក់​ក្នុង​ខែតុលា​នៃ​យន្តហោះ 737 Max ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Lion Air ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ដែល​បានសម្លាប់​មនុស្ស​១៨៩​នាក់​។​

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​បាន​ផ្អាក​យន្ដហោះ Boeing MAX ទាំង​អស់ពី​សេវាកម្ម​ដោយសារតែ​ភាពស្រដៀងគ្នា​រវាង​គ្រោះថ្នាក់​ទាំងពីរ​នេះ។

ក្រុមហ៊ុន Boeing បាន​និយាយថា ខ្លួន​បាន​ផ្អាក​ការប្រគល់​យន្តហោះ 737 MAX ដែល​លក់ដាច់​លឿន​បំផុត​របស់ខ្លួន​ដែល​ផលិត​នៅ​រោងចក្រ​របស់ខ្លួន​ក្បែរ​ទីក្រុង Seattle​។​

តំណ​ភ្ជាប់​រវាង​ឧបទ្ទវហេតុ​ទាំងពីរ​បានធ្វើ​ឲ្យ​ឧស្សាហកម្ម​អាកាសចរណ៍​មាន​ភាព​រង្គោះរង្គើ បង្ក​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ​និង​នាំ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​មាន​ផល​លំបាក​ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព​នៃ​ម៉ូ​ដែល​នេះ។

ទិន្នន័យ​នៃ​ការហោះហើរ​និង​ការថត​សំឡេង​ក្នុង​កាប៊ីន​យន្ដហោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ស៊ើបអង្កេត​និង​ការវិភាគ​សម្រាប់​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល (BEA) របស់​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ការវិភាគ​ផ្នែក​បច្ចេកទេស​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ហើយ​ការសន្និដ្ឋាន​ដំបូង​អាច​ចំណាយពេល​ច្រើន​ថ្ងៃ​។​

កាសែត New York Times បាន​រាយការណ៍​ថា កា​ពី​តែ​ន​នៃ​ជើងហោះហើរ​លេខ​៣០២​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​បាន​ស្នើសុំ​ការអនុញ្ញាត​វិល​ត្រលប់​ទៅ​ព្រលានយន្តហោះ Addis Ababa វិញ​ក្នុង​រយៈពេល​៣​នាទី​បន្ទាប់ពី​ការហោះហើរ​ខណៈ​យន្តហោះ​បាន​បង្កើនល្បឿន​ទៅដល់​ល្បឿន​មិន​ប្រក្រតី​។​

មនុស្ស​ម្នាក់​ដែល​បាន​ពិនិត្យមើល​ទំនាក់ទំនង​ចរាចរណ៍​ផ្លូវអាកាស​បាន​ប្រាប់​កាសែត​នេះ​ថា ការទាក់ទង​ទាំងអស់​រវាង​អ្នកត្រួតពិនិត្យ​ដែនអាកាស​និង​ជើងហោះហើរ​លេខ​៣០២​ទៅកាន់​ទីក្រុង Nairobi បាន​បាត់បង់​ក្នុង​រយៈពេល​៥​នាទី​បន្ទាប់ពី​វា​ហោះហើរ​៕ REUTERS