ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​៤០​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​វិហារ​ឥស្លាម​នូ​វែ​ល​ហ្សេ​ឡង់

ការវាយប្រហារ​លើ​វិហារ​ឥស្លាម​ចំនួន​ពីរ​ក្នុង​ទីក្រុង Christchurch បានសម្លាប់​មនុស្ស​យ៉ាងតិច​៤០​នាក់​កាលពី​ថ្ងៃ​សុក្រ ​ខណៈ​ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ជន​ជ្រុលនិយម​សញ្ជាតិ​អូស្ត្រាលី​។​

សាក្សី​បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​គេ​បាញ់សម្លាប់​ក្នុង​រយៈ​ចម្ងាយ​ជិត​ហើយ​ស្ត្រី​និង​កុមារ​ក៏ត្រូវ​បាន​គេ​ជឿថា​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​ផងដែរ​។​

លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​និយាយថា វា​ច្បាស់​ណាស់​ថា នេះ​អាច​ត្រូវបាន​គេ​ពិពណ៌នា​ថា​ជាការ​វាយប្រហារ​ភេរវកម្ម​។​

លោកស្រី​បាន​និយាយ​បន្ថែមទៀតថា “​ពីអ្វី​ដែល​យើង​ដឹង វា​ហាក់ដូចជា​ត្រូវបាន​គេ​រៀប​ផែនការ​ទុក​យ៉ាង​ល្អ​”​។ មនុស្ស​ចំនួន​២០​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

ស្របពេល​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​នៅក្នុង​ទីក្រុង​ស៊ីដនី​ថា ខ្មាន់កាំភ្លើង​នៅ​វិហារ​ឥស្លាម​មួយ​គឺជា​ពលរដ្ឋ​ដែល​កើត​នៅ​ប្រទេស​អូស្ត្រាលី​។ លោក​បាន​ហៅ​គាត់​ថា​ជា​ភេរ​វករ​ជ្រុលនិយម ស្តាំនិយម​និង​ហិង្សា​។

ភ្លាមៗ​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មាន​អ្នក​វាយប្រហារ​ប៉ុន្មាន​នាក់​នៅក្នុង​ហេតុការណ៍​នេះ​ប៉ុន្តែ​លោកស្រី Ardern បាន​និយាយថា បុរស​ចំនួន​៣​នាក់​ត្រូវបាន​គេ​នាំយកទៅ​ឃុំឃាំង​។​

ប៉ូលិស​បាន​និយាយថា គ្រាប់បែក​ច្នៃ (IED) ចំនួន​ពីរ​គ្រាប់​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​ហើយ​ត្រូវបាន​ដោះ​ដោយ​យោធា​។​

ប៉ូលិស​បាន​ព្រមាន​ជន​មូស្លីម​នៅ​ទូទាំងប្រទេស​មិន​ឲ្យ​ទៅ​វិហារ​ឥស្លាម​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​របស់​សាសនា​ឥស្លាម​។​

គួរ​បញ្ជាក់ថា ការបាញ់ប្រហារ​សម្លាប់​រង្គាល​គឺជា​រឿង​ដ៏​កម្រ​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ ប្រទេស​នេះ​បាន​រឹតបន្តឹង​ច្បាប់​កាំភ្លើង​របស់ខ្លួន​ដើម្បី​ដាក់​កំហិត​លើ​ការប្រើប្រាស់​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ក្នុង​ឆ្នាំ​១៩៩២​ពោលគឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​បុរស​មាន​ជំងឺផ្លូវចិត្ត​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន​១៣​នាក់​នៅក្នុង​ទីក្រុង Aramoana៕ AFP