ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ អគ្គីសនី​កម្ពុជា ប៉ះ​កំពង់ចាម ហើយ​គីរីវង់ ទទួល​យុវជន​បាទី​និង​ភ្នំពេញ​ក្រោ​ន ជួប​បឹងកេត ក្នុង​សប្ដាហ៍​បើកឆាក

​ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា នឹងត្រូវ​ប៉ះ​ក្រុម​ខេត្តកំពង់ចាម ហើយ​គីរីវង់​សុខ​សែន​ជ័យ​ត្រូវ​ទទួល​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​និង​ក្រុម​ភ្នំពេញ​ក្រោ​ន ជួប​ក្រុម​បឹងកេត ក្នុង​សប្ដាហ៍​បើកឆាក នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នេះ​លើ​៣​ទីលាន​ផ្សេងគ្នា ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់​គូ​តែម្តង​។

*​អគ្គីសនី​កម្ពុជា ប៉ះ​ខេត្តកំពង់ចាម​
​ក្រុម​អគ្គីសនី​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទួល​សង្កែ រាជធានី​ភ្នំពេញ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ទទួល​ក្រុម​ចំណូល​ថ្មី ខេត្តកំពង់ចាម នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ក្រុម​ទាំង​២​មិន​ធ្លាប់មាន​ប្រវត្តិ​ប៉ះគ្នា​នោះទេ ខណៈ​ក្រុម​អគ្គស​នី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​គឺ​មិនបាន​ចុះបញ្ជី​ប្រើប្រាស់​កីឡាករ​បរទេស​ដើម្បី​មក​ជួយ​ក្រុម​នោះ​ដែរ​។ ចំណែក​ក្រុម​ខេត្តកំពង់ចាម វិញ​គឺ​សុទ្ធតែ​សម​សភាព​កីឡាករ​និង​ថ្នាក់ដឹកនាំ​ថ្មី​ទាំងអស់​។

*​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​
ក្រុម​គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ប៉ះ​ក្រុម​អ្នក​ក្បែរ​ខាង​គឺ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ខេត្តតាកែវ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ផង​ដែរ​។ ជំនួប​ចុងក្រោយ​រវាង​ក្រុម​ទាំង​២​គឺ​ក្រុម​យុវជន​សាលា​បាល់ទាត់់​ជាតិ​បាទី បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨​កន្លងទៅ​។

​សម្រាប់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ក្រោម​ការដឹកនាំ​ដោយ​លោក Ekapob Potisai គ្រូបង្វឹក​ជនជាតិ​ថៃ ហាក់​បាន​ត្រៀមខ្លួន​ច្រើន​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី ស្រប​ពេល​ក្រុម​នេះ​បាន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​គ្រប់​ចំនួន ​ហើយ​រួមមាន​កីឡាករ​ជនជាតិ​ម៉ាលី Souleymane Coulibaly កីឡាករ​ប្រេ​ស៊ី​ល Marcio Santos កីឡាករ​ជប៉ុន Reiya Kinoshita កីឡាករ​ជប៉ុន Yuto Sasaki និង​កីឡាករ​ជប៉ុន​Takahito Ota​។

ចំពោះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​វិញ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រេច​ឲ្យ​ចូល​រួម​លេង​ក្នុង​លី​គ​កំពូល​កម្ពុជា​ឆ្នាំនេះ​ ដើម្បី​ផែនការ​រយៈពេល​វែង​ជាពិសេស​គឺ​ត្រៀម​ពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ ក្រុម​នេះ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​Koji GYOTOKU ដែល​ទើប​ចូលកាន់​តំណែង​កាល​ពី​ដើមឆ្នាំ​២០១៩ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​។

*​ភ្នំពេញ​ក្រោ​ន ប៉ះ​បឹងកេត
សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វា​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ទទួល​ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត នៅវេលា​ម៉ោង​៦​ល្ងាច​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផង​ដែរ​។ ជំនួប​រវាង​ក្រុម​ទាំង​២​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ខណៈ​ជំនួប​គ្នា​៥​ប្រកួត​ចុងក្រោយ​ភ្នំពេញ​ក្រោ​ន ធ្លាប់បាន​យកឈ្នះ​៣​លើក​ហើយ​បឹងកេត យកឈ្នះ​បាន​២​លើក​។

លោក Leonardo Victorino គ្រូបង្វឹក​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​លើក​ឡើង​មុន​ការប្រកួត​ថា «​នេះ​ជា​សប្តាហ៍​ទីមួយ​ហើយ​ ដែល​ក្រុម​របស់​យើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​ជុំគ្នា ព្រោះ​ពួកគេ​មួយចំនួន​ជាប់​បំពេញបេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ និង​មួយ​ចំនួន​ទៀត​មាន​បញ្ហា​របួស​។ សប្តាហ៍​នេះ​ ពួក​យើង​ចាប់ផ្តើម​រៀបចំ​ក្រុម និង​កែប្រែ​ចំណុច​មួយចំនួន​ ដើម្បី​ត្រៀម​ការប្រកួត​បើកឆាក​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា​ ពួក​យើង​នឹង​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ចំពោះ​អ្នកគាំទ្រ​។ ខ្ញុំ​បាន​ប្រាប់​កីឡាករ​របស់ខ្ញុំ​ថា ការប្រកួត​នេះ​មិនមែន​ជា​ការសម្រេច​ថា​អ្នកណា​ជា​ម្ចាស់​ពានរង្វាន់​លី​គ​កំពូល​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​លេង​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​នៅ​ពេល​ដែល​យើង​មាន​ទម្រង់​លេង​ល្អ យើង​នឹង​ឈ្នះ​ការប្រកួត​នេះ​ជាក់​ជាមិនខាន ហើយ​សម្រាប់​គោលដៅ​របស់​យើង​គឺ​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ពេល​ចប់​រដូវ​កាល​។​»

ចំណែក​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុមបាល់ទាត់​បឹងកេត វិញ​បាន​លើក​ឡើង​ដែរថា «​នេះ​គឺជា​ការប្រកួត​ដ៏​តានតឹង​សម្រាប់​យើង ព្រោះ​ជា​ប្រកួត​បើកឆាក ហើយ​យើង​មិនទាន់​បានដឹង​ពី​សមាសភាព​ក្រុម​គេ​ទៀត។ យើង​មានការ​ផ្លាស់ប្ដូរ​កីឡាករ​ច្រើន ទាំង​កីឡាករ​ក្នុងស្រុក និង​កីឡាករ​បរទេស ហើយ​មក​ទល់​ពេល​នេះ ការ​សហការ​គ្នា​លេង​ជា​ក្រុម មិនទាន់​បានល្អ ១០០% ទៀត​។

អញ្ចឹង​នេះ​គឺជា​ក្ដីបារម្ភ​មួយ​សម្រាប់​យើង ព្រោះ​ជា​ការ​ប្រកួត​បើក​រដូវ​កាល ហើយ​យើង​ត្រូវ​ជួប​ក្រុម​មួយ​ខ្លាំង​ដូច្នេះ​។​ យ៉ាងណាក៏ដោយ យើង​សង្ឃឹមថា កីឡាករ​ទាំងអស់ នឹង​ខិតខំ​យក ៣​ពិន្ទុ​ឲ្យ​បាន យើង​អត់​ឲ្យ​ភ្លាត់​ទេ ព្រោះ​ជា​ប្រកួត​ដំបូង យើង​ត្រូវការ​ពិន្ទុ​ចាំបាច់​។ តែ​ករណី​យើង​មិនអាច​ដណ្ដើម​បាន ៣​ពិន្ទុ ក៏​យើង​ធ្វើ​ម៉េច ស្វែងរក​លទ្ធផល​ល្អ​មួយ អាច​ទទួល​យក​បាន អាច​ថា​យ៉ាងហោច​ក៏​ស្មើគ្នា​ដែរ​»​។

ចំណែក​គូ​ផ្សេងទៀត​ក្នុង​សប្ដាហ៍​ទី​១​នេះ​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ណាហ្គា​វើ​ល វេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ហើយ​ក្រុម​វិសាខា ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​វិសាខា មាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ផ្សាយ​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខ​.​ភ​.​ម មាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕