ព័ត៍មានទាន់​ហេតុការណ៏
Search

អតីតមន្ត្រី​ស្និទ្ធថា​ឲ្យ សម រង្ស៊ី ៖ ឆ្នាំ​២០២២ អ្នក​ផុតកំណត់​សាលដីកា​ទាំងអស់គ្នា នឹង​រួច​បម្រាម​មិន​ចាំ​បាច់​សុំ​សិទ្ធិ តើ​ទណ្ឌិត​អាច​ចូល​ស្រុក​បាន​ដោយ​របៀប​ណា ?

ភ្នំពេញ ​៖ អតីតមន្ត្រី​ស្និទ្ធ​ជាមួយ​លោក សម រង្ស៊ី គឺ​លោក គង់ គាំ ហើយ​ជា​មន្ត្រីជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ផងដែរ​នោះ បាន​ថា​ឲ្យ​លោក សម រង្ស៊ី ថា នៅ​ឆ្នាំ​២០២២ ខាងមុខ អ្នក​ជាប់​បំរាម​ទាំងអស់ នឹង​ផុតកំណត់​ហើយ ដូច្នេះ​ពួកគេ​មិនចាំ​បាច់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ដោយឡែក​អ្នក​ជាប់ទោស​ជា​ទណ្ឌិត តើ​អាច​ចូល​មក​កម្ពុជា ដើម្បី​ធ្វើ​នយោបាយ​តាមរបៀប​ណា​។

លោក គង់ គាំ លើកឡើង​បែបនេះ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​លោក សម រង្ស៊ី ដែល​បាន​ស្រែក​ក្តែ​ងៗ​ពី​គម្រោង​ចូល​មក​ប្រទេស​កម្ពុជា​នោះ បាន​ត្រឹមតែ​និយាយ និង​ដើរ​ប្រមូល​លុយ​ពី​អ្នកគាំទ្រ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ហើយ​ថ្មីៗ​នេះ ក៏​មាន​ព័ត៌មាន​ពី​ការ​ធ្វើ​បុណ្យផ្កា ដើម្បី​ប្រមូល​លុយ​ជួយ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ទៅហើយនោះ​។

លោក គង់ គាំ លើក​ឡើង​ថា យុទ្ធសាស្ត្រ​បី​ដំណាក់កាល​របស់​លោក សម រង្ស៊ី ធ្លាក់ទឹក​បី​ដង​រួច​មក​ហើយ ប៉ុន្តែ​មេ​បោក ហើយ​ខ្លាច​ថោក គឺ​កាន់តែ​ថោក​ទ្វេដង​។ រហូតមកដល់​ពេលនេះ ប្រធាន​ស្តី​ទី​បក្ស​ប្រហារ ដែល​ចេញ​សារ​នយោបាយ “​ដេក​ផ្ទះ ឈ្នះ​ស្ងាប​” នោះ មាន​គម្រោង​មក​ចូល​កម្ពុជា តែ​ស្ងាត់ឈឹង​។ លោក​បញ្ជាក់​ថា “​ខ្មែរ​កន្លះ​នគរ (​ប៉ុន្តែ​ក្រុមប្រឹក្សា​មួយចំនួន និង​៨៣​ភាគរយ​ចេញទៅ​បោះឆ្នោត​) មិនអាច (​ដេក​អួត​-​ដើរ​អែប​) អន្តរជាតិ GSP/USA – EBA/EU ដូច​សង្ឃឹម​មេឃ​។ ចូរ​គិត ឆ្នាំ​២០២២ អ្នក​ផុតកំណត់​សាលដីកា​ទាំងអស់គ្នា​/​រួច​បម្រាម​/​មិនចាំបាច់​សុំ​សិទ្ធិ (​តើ​ខ្ញុំ​ជា​ទណ្ឌិត​) អាច​ចូល​កម្ពុជា​បាន​ដោយ​របៀប​ណា​”​។

សូម​បញ្ជាក់​ថា គ្រាន់តែ​ប្រកាស​ចូល​មក​កម្ពុជា​មិនបាន​មួយ​ដង្ហើមចង្រិត​ផង លោក សម រង្ស៊ី បែរជា​និយាយ​នៅក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា លោក​មិន​អាចមក​ប្រទេស​កម្ពុជា​ឲ្យ​សម្តេច​តេ​ជោ ចាប់ខ្លួន​នោះទេ ពីព្រោះ​ការចាប់ខ្លួន ឬ​ស្លាប់​ជាការ​អត់​ប្រយោជន៍​។ លោក សម រង្ស៊ី និយាយ​បែបនេះ​ថា “​បើ​ខ្ញុំ​ឲ្យ ហ៊ុន សែន ចាប់ខ្លួន ខ្ញុំ​ក្លាយទៅជា កែម ឡី ក្លាយទៅជា កឹម សុខា​។ ឥឡូវ កែម ឡី ធ្វើការ ជា​វីរបុរស​មែន ប៉ុន្តែ​កែម​ឡី មានបាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រំដោះខ្លួន​ពីរ​បប​ផ្តាច់ការ​មកដល់ពេលនេះ​ទេ អត់​ទេ​។ លោក កឹម សុខា ឲ្យ ហ៊ុន សែន ចាប់ ឥឡូវនេះ​រង​ការ​ឃុំឃាំង​ពី​ពន្ធនាគារ មក​ឃុំឃាំង​ក្នុងផ្ទះ​អត់​មាន​សេរីភាព តើ​ជួយ​រំដោះ​ប្រជាពលរដ្ឋ​បានទេ ទៅ​បំផុសបំផុល​អន្តរជាតិ​បានទេ ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម ទៅ​ជំរុញ​គេ ទាំង​សហភាព​អឺរ៉ុប ទាំង​អាមេរិក ប្រទេស​ប្រជាធិបតេយ្យ គេ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​យើង​ឲ្យ ហ៊ុន សែន ចាប់ តើ​វា​បាន​ប្រយោជន៍​អី​”​។

ទាក់ទង​បញ្ហា​នេះ លោក គង់ គាំ ធ្លាប់​បាន​អះអាង​ដែរ​ថា លោក សម រង្ស៊ី ជា​មនុស្ស​ម្នាក់​ប្រៀបដូចជា​ពាក្យចាស់​ដែល​និយាយ​ថា ក្របី​ស៊ី​ស្រូវ​បង​មិនសូវ​ហ៊ាន​ដេញ ក្របី​ដើរចេញ​បង​ដេញ​ឲ្យ​ស្រី​មើល ក្រពើ​នៅ​រស់​បង​មិនសូវ​ហ៊ាន​ចាប់ ក្រពើ​ងាប់​ស្រាប់​បង​ចាប់​ឲ្យ​ស្រី​មើល​៕