ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាប័ន​បោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណតិ្ត​ទី​៣

​ភ្នំពេញ​ ៖ បន្ទាប់ពី​ការ​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​២៥ រាជធានី ខេត្ត បាន​ពិនិត្យ​លើ​ពាក្យសុំ​ចុះបញ្ជី និង​ទទួលបាន​លទ្ធផល​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​។

​ការ​ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត រួមមាន ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ចុះបញ្ជី​នៅ​២៥ រាជធានី ខេត្ត មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​៥៥៩ បេក្ខជន​បម្រុង​ចំនួន​៥៨៥ សរុប​ចំនួន​១,១៤៤ បាន​ទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​២៣​លើ​២៥​។ ទី​២, គណបក្ស​ហ៊្វុនស៊ិនប៉ិច ចុះបញ្ជី​នៅ​១២ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​២៨៧ បេក្ខជន​បម្រុង​ចំនួន​២៨៨ សរុប​៥៧៥ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៩​លើ​១២​។ ទី​៣, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចុះបញ្ជី​នៅ​១១ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​២៤៧ បេក្ខជន​បម្រុង​ចំនួន​២៥៣ សរុប​៥០០ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៦​លើ​១១​។ ទី​៤, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ចុះបញ្ជី​នៅ​១ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​២៧ បេក្ខជន​បម្រុង​ចំនួន​២៧ សរុប​៥៤ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១​លើ​១​។ ទី​៥, គណបក្ស​យុវជន​កម្ពុជា ចុះបញ្ជី​នៅ​១០ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​២៥០ បេក្ខជន​បម្រុង​ចំនួន​២៥០ សរុប​៥០០ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៨​លើ​១០​។ ទី​៦, គណបក្ស​ឆន្ទៈ​ខ្មែរ ចុះបញ្ជី​នៅ​១៣ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៣២៩ បេក្ខជន​បម្រុង​ចំនួន​៣២៩ សរុប​៦៥៨ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៩/១៣​។ ទី​៧, គណបក្ស​សញ្ជាតិ​កម្ពុជា ចុះបញ្ជី​នៅ​២៥ រាជធានី ខេត្ត មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៥៥៩ បេក្ខជន​បម្រុង​ចំនួន​៥៥៩ សរុប​១,១១៨ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១៤​លើ​២៥​។

ចំណែក​ការទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​រួមមាន ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​ចំនួន​២០៣ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៣,៥៥៥ បេក្ខជន​បម្រុង​ចំនួន​៣,៧៤៩ សរុប​៧,៣០៤ បាន​ទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១៨៤​លើ​២០៣​។ ទី​២, គណបក្ស​ហ៊្វុនស៊ិនប៉ិច ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​៧១ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​១,២៧២ បេក្ខជន​បម្រុង​ចំនួន​១,២៦៥ សរុប​២,៥៣៧ បាន​ទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៥១​លើ​៧១​។ ទី​៣, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​៥៣ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៩៨២ បេក្ខជន​បម្រុង​ចំនួន​១,០០០ សរុប​១,៩៨២ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៣៤​លើ​៥៣​។ ទី​៤, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​១ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​១៥ បេក្ខជន​បម្រុង​ចំនួន​១៥ សរុប​៣០ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១​លើ​១​។ ទី​៥, គណបក្ស​យុវជន​កម្ពុជា ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​២៣ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៣៩៩ បេក្ខជន​បម្រុង​ចំនួន​៣៩៩ សរុប​៧៩៨ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១៨​លើ​២៣​។ ទី​៦, គណបក្ស​ឆន្ទៈ​ខ្មែរ ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​៣ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​៤៧ បេក្ខជន​បម្រុង​ចំនួន​៤៧ សរុប​៩៤ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​១​លើ​៣​។ ទី​៧, គណបក្ស​សញ្ជាតិ​កម្ពុជា ចុះបញ្ជី​នៅ​ក្រុង ស្រុក ខណ្ឌ​១០៩ មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​២,០៣៧ បេក្ខជន​បម្រុង​ចំនួន​២,០៥៣ សរុប​៤,០៩០ បានទទួល​ស្គាល់​មណ្ឌល​ឈរឈ្មោះ​ជា​ផ្លូវការ​៧៨​លើ​១០៩​។

សូម​បញ្ជាក់​ថា ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ហើយ​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា ត្រូវធ្វើ​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទៅ​២៦ ខែឧសភា ឆ្នាំ២០១៩​។ ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត បាន​ចាប់ផ្តើម​ដំណើរ កាលពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ មាន​រយៈពេល​១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​។ អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន​១១,៥៧២ នាក់ ទូទាំង​ប្រទេស​។​

ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះដែរ កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ជួយ​សម្របសម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិត​បញ្ជាក់​ផ្សេងៗ​ជូន​ដល់​បេក្ខជន​ឈ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ផងដែរ​៕